ម៉ាថាយ 22
ប្រស្នាអំពីមង្គលការ 1 ព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នាទៅពួកគេម្ដងទៀតថា៖ 2 «ព្រះរាជ្យ*នៃស្ថានបរមសុខ*ប្រៀបបាននឹងស្ដេចមួយអង្គ ដែលរៀបវិវាហមង្គលការព្រះរាជបុត្រ។ 3 ព្រះរាជាចាត់រាជបម្រើឲ្យទៅអញ្ជើញភ្ញៀវមកជប់លៀង ក្នុងឱកាសមង្គលការនោះ តែគ្មាននរណាមកសោះ។ 4 ព្រះអង្គចាត់រាជបម្រើផ្សេងទៀត ឲ្យទៅជម្រាបភ្ញៀវថា: “យើងបានរៀបចំភោជនាហារសម្រាប់ជប់លៀង គឺបានសម្លាប់គោ និងសម្លាប់សត្វដែលបានបំប៉ននោះរួចរាល់អស់ហើយ សូមអញ្ជើញមកពិសាការ!”។ 5 ប៉ុន្តែ ភ្ញៀវមិនរវីរវល់អើពើឡើយ អ្នកខ្លះទៅចម្ការ អ្នកខ្លះទៅធ្វើជំនួញ 6 អ្នកខ្លះទៀតចាប់ពួករាជបម្រើវាយធ្វើបាប ព្រមទាំងសម្លាប់ចោលថែមទៀត។ 7 ព្រះរាជាទ្រង់ព្រះពិរោធយ៉ាងខ្លាំង ក៏ចាត់ទាហានឲ្យទៅប្រហារជីវិតឃាតកទាំងនោះ ហើយដុតកម្ទេចស្រុកភូមិរបស់គេផង។ 8…