អេសេគាល 39
បរាជ័យរបស់ស្ដេចកុក 1 «កូនមនុស្សអើយ ចូរថ្លែងពាក្យក្នុងនាមយើងប្រឆាំងនឹងស្ដេចកុកថាព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: កុកជាមេគ្រប់គ្រងលើទឹកដីមេសេក និងទូបាលអើយ យើងប្រឆាំងនឹងអ្នកហើយ! 2 យើងនឹងបង្ខំអ្នក ហើយនាំអ្នកចាកចេញពីទីដាច់ស្រយាលនាទិសខាងជើង ឆ្ពោះមកភ្នំនៃស្រុកអ៊ីស្រាអែល។ 3 យើងនឹងវាយបំបាក់ធ្នូដែលអ្នកកាន់នៅដៃឆ្វេង ហើយជម្រុះព្រួញពីដៃស្ដាំរបស់អ្នក។ 4 អ្នក និងទាហាន ព្រមទាំងជាតិសាសន៍ទាំងឡាយដែលនៅជាមួយអ្នក នឹងដួលស្លាប់នៅលើភ្នំអ៊ីស្រាអែល ក្លាយទៅជាចំណីរបស់សត្វសាហាវ ត្មាត និងសត្វព្រៃគ្រប់ប្រភេទ។ 5 អ្នកនឹងដួលស្លាប់នៅតាមទីវាល ដូចយើងបានថ្លែងទុកស្រាប់ – នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ 6 យើងនឹងបញ្ជូនភ្លើងទៅបញ្ឆេះស្រុកម៉ាកុក និងនៅក្នុងចំណោមអស់អ្នកដែលរស់នៅដោយឥតភ័យបារម្ភតាមកោះនានា…