អេសេគាល 29
ព្រះបន្ទូលប្រឆាំងនឹងស្រុកអេស៊ីប 1 នៅឆ្នាំទីដប់ ថ្ងៃទីដប់ពីរ ខែទីដប់ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ 2 «កូនមនុស្សអើយ ចូរបែរមុខទៅរកផារ៉ោន ស្ដេចស្រុកអេស៊ីប ហើយថ្លែងពាក្យក្នុងនាមយើងប្រឆាំងនឹងស្ដេចនោះ ព្រមទាំងប្រជាជនអេស៊ីបទាំងមូលទៅ! 3 ចូរប្រកាសថាព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: ផារ៉ោនជាស្ដេចស្រុកអេស៊ីបអើយ យើងប្រឆាំងនឹងអ្នកហើយ! អ្នកជាក្រពើដ៏ធំសំបើម ដេកនៅតាមដៃទន្លេ ហើយពោលថា ទន្លេនីលជារបស់អ្នក អ្នកបានបង្កើតទន្លេនេះ។ 4 យើងនឹងឃ្លុំមាត់អ្នក យើងយកត្រីនៅតាមទន្លេមកដាក់ជាប់នឹងស្រការបស់អ្នក យើងនឹងអូសអ្នកចេញពីទន្លេ ដោយមានត្រីនៅជាប់នឹងស្រកាអ្នកផង។ 5 យើងនឹងបោះអ្នកជាមួយត្រីទាំងប៉ុន្មាននៅទន្លេនីល ទៅវាលរហោស្ថាន។ អ្នកនឹងធ្លាក់ទៅលើដីនៅទីវាល គ្មាននរណារវីរវល់នឹងសាកសពអ្នកឡើយ។…