យេរេមា 6
ខ្មាំងសត្រូវឡោមព័ទ្ធក្រុងយេរូសាឡឹម 1 «កូនចៅបេនយ៉ាមីនអើយ ចូររត់ចេញពីក្រុងយេរូសាឡឹមទៅ! ចូរផ្លុំត្រែនៅតូអា ចូរលើកទង់សញ្ញានៅបេតហាកេរែម ដ្បិតមហន្តរាយ និងទុក្ខវេទនា កំពុងតែមកពីទិសខាងជើង។ 2 ក្រុងស៊ីយ៉ូនដ៏ស្អាត និងល្អប្រណីត មុខជាត្រូវវិនាសហើយ! 3 ខ្មាំងសត្រូវកំពុងតែដើរមករកក្រុងស៊ីយ៉ូន ដូចពួកគង្វាលមកជាមួយហ្វូងសត្វរបស់ខ្លួន គេនឹងបោះជំរំព័ទ្ធជុំវិញក្រុងនេះ ម្នាក់ៗនឹងរឹបអូសយកតាមចំណែករៀងៗខ្លួន។ 4 ពួកគេស្រែកថា: “ចូរវាយសម្រុកក្រុងនេះ ចូរក្រោកឡើង យើងវាយលុកទាំងថ្ងៃត្រង់! ប៉ុន្តែ គួរឲ្យស្ដាយណាស់ ព្រោះថ្ងៃកាន់តែទាបទៅៗ ហើយយប់ក៏កាន់តែងងឹតទៅៗដែរ! 5 ក្រោកឡើង! យើងវាយលុកទាំងយប់ក៏បាន…