អេសាយ 2
ប្រជាជនជួបជុំនៅក្រុងយេរូសាឡឹម 1 នេះជាព្រះបន្ទូលដែលព្យាការី*អេសាយ ជាកូនរបស់លោកអម៉ូស បានទទួលពីព្រះអម្ចាស់ស្ដីអំពីព្រឹត្តិការណ៍ដែលនឹងកើតមាននៅស្រុកយូដា និងក្រុងយេរូសាឡឹម: 2 ថ្ងៃក្រោយព្រះអម្ចាស់នឹងលើក ភ្នំដែលមានព្រះដំណាក់របស់ព្រះអង្គ ដាក់នៅលើកំពូលភ្នំទាំងឡាយ ដើម្បីឲ្យភ្នំនោះបានខ្ពស់ជាងគេ ហើយប្រជាជាតិទាំងប៉ុន្មាននឹងនាំគ្នាឡើងទៅ ជាហូរហែ។ 3 ប្រជាជនជាច្រើននឹងឡើងទៅភ្នំនោះ ទាំងពោលថា «ចូរនាំគ្នាមក! យើងឡើងលើភ្នំរបស់ព្រះអម្ចាស់ យើងឡើងទៅព្រះដំណាក់នៃព្រះ របស់លោកយ៉ាកុប។ ព្រះអង្គនឹងបង្រៀនយើងអំពី មាគ៌ារបស់ព្រះអង្គ ហើយយើងនឹងដើរតាមមាគ៌ានេះ» ដ្បិតការប្រៀនប្រដៅចេញមកពីក្រុងស៊ីយ៉ូន ហើយព្រះបន្ទូលរបស់ព្រះអម្ចាស់ ក៏ចេញមកពីក្រុងយេរូសាឡឹមដែរ។ 4 ព្រះអង្គនឹងធ្វើជាចៅក្រមរវាងប្រជាជាតិនានា ព្រះអង្គនឹងសម្រុះសម្រួលជាតិសាសន៍ជាច្រើន ឲ្យឈប់ទាស់ទែងគ្នា។…