សុភាសិត 13
1 កូនមានប្រាជ្ញាតែងតែស្ដាប់ពាក្យទូន្មានរបស់ឪពុក រីឯកូនព្រហើនមិនព្រមស្ដាប់ការស្ដីប្រដៅទេ។ 2 មនុស្សម្នាក់ៗទទួលផលល្អដោយសារពាក្យសម្ដីរបស់ខ្លួន រីឯមនុស្សក្បត់រមែងទទួលអំពើហិង្សា។ 3 អ្នកណាចេះប្រយ័ត្នពាក្យសម្ដី អ្នកនោះការពារជីវិតរបស់ខ្លួន រីឯអ្នកដែលចេះតែហាមាត់និយាយរមែងនាំឲ្យខ្លួនឯងវិនាស។ 4 សេចក្ដីប៉ងប្រាថ្នារបស់មនុស្សខ្ជិល មិនដែលបានសម្រេចទេ រីឯមនុស្សឧស្សាហ៍ រមែងទទួលនូវអ្វីៗដែលខ្លួនចង់បាន។ 5 មនុស្សសុចរិតតែងតែស្អប់ពាក្យកុហក រីឯមនុស្សអាក្រក់តែងតែនិយាយមួលបង្កាច់ និងបង្ខូចឈ្មោះគេ។ 6 សេចក្ដីសុចរិតតែងតែការពារមនុស្សទៀងត្រង់ រីឯអំពើបាបបណ្ដាលឲ្យមនុស្សអាក្រក់វិនាស។ 7 អ្នកខ្លះតាំងខ្លួនជាអ្នកមានតែក្ររហាម រីឯអ្នកខ្លះទៀតដាក់ខ្លួនជាអ្នកក្រតែមានស្ដុកស្ដម្ភ។ 8 អ្នកមានតែងតែអាងលើទ្រព្យ ដើម្បីធានាជីវិតរបស់ខ្លួន រីឯអ្នកក្រីក្រវិញ គ្មាននរណាគំរាមកំហែងគេឡើយ។…