ទំនុកតម្កើង 103
ខ្ញុំសូមសរសើរតម្កើងព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គអស់ពីដួងចិត្ត! ទំនុករបស់ស្ដេចដាវីឌ។ 1 ខ្ញុំសូមសរសើរតម្កើងព្រះអម្ចាស់! ខ្ញុំសូមសរសើរតម្កើងព្រះនាមដ៏វិសុទ្ធ របស់ព្រះអង្គអស់ពីដួងចិត្ត! 2 ខ្ញុំសូមសរសើរតម្កើងព្រះអម្ចាស់ ដោយឥតភ្លេចពីកិច្ចការណាមួយដែលព្រះអង្គ បានធ្វើដោយព្រះហឫទ័យសប្បុរសនោះឡើយ! 3 ព្រះអង្គបានអត់ទោសនូវកំហុសទាំងប៉ុន្មាន ដែលខ្ញុំបានប្រព្រឹត្ត ព្រះអង្គប្រោសខ្ញុំឲ្យបានជាពីជំងឺគ្រប់យ៉ាង 4 ព្រះអង្គបានរំដោះជីវិតខ្ញុំឲ្យរួចពីរណ្ដៅ ព្រះអង្គតែងសម្តែងព្រះហឫទ័យមេត្តាករុណា និងអាណិតអាសូរចំពោះខ្ញុំយ៉ាងបរិបូណ៌ 5 ព្រះអង្គប្រទានឲ្យខ្ញុំរស់នៅ ប្រកបដោយសុភមង្គល ហើយព្រះអង្គប្រទានឲ្យខ្ញុំ មានកម្លាំងឡើងវិញដូចសត្វឥន្ទ្រី។ 6 ព្រះអម្ចាស់ប្រព្រឹត្តដោយសុចរិត ព្រះអង្គរកយុត្តិធម៌ឲ្យ អស់អ្នកដែលត្រូវគេសង្កត់សង្កិន។ 7 ព្រះអង្គបង្ហាញឲ្យលោកម៉ូសេ ស្គាល់គម្រោងការរបស់ព្រះអង្គ…