ទំនុកតម្កើង 83
ឱព្រះជាម្ចាស់អើយ សូមកុំនៅសំងំស្ងៀមឡើយ! ចម្រៀងតម្កើងព្រះជាម្ចាស់។ ទំនុកតម្កើងរបស់លោកអេសាភ។ 1 ឱព្រះជាម្ចាស់អើយ សូមកុំនៅសំងំស្ងៀមឡើយ! ឱព្រះជាម្ចាស់អើយ សូមកុំនៅស្ងៀមស្ងាត់ ឥតកំរើកដូច្នេះ! 2 ដ្បិតខ្មាំងសត្រូវរបស់ព្រះអង្គ កំពុងតែធ្វើសកម្មភាព អស់អ្នកដែលស្អប់ព្រះអង្គ កំពុងតែនាំគ្នាបះបោរ។ 3 ពួកគេរៀបចំគម្រោងការប្រឆាំង នឹងប្រជារាស្ដ្ររបស់ព្រះអង្គ ហើយឃុបឃិតគ្នាប្រឆាំងនឹងអស់អ្នក ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ។ 4 ពួកគេពោលថា “តោ៎ះ! យើងនាំគ្នាទៅប្រហារ ជាតិសាសន៍នោះឲ្យរលាយសូន្យ ដើម្បីកុំឲ្យនរណានឹកឃើញ ឈ្មោះអ៊ីស្រាអែលទៀត!”។ 5 ពួកគេពិភាក្សាគ្នា ដោយមានចិត្តគំនិតតែមួយ…