យ៉ូប 5
1 ឥឡូវនេះ សូមលោកស្រែកចុះ ក្រែងលោមាននរណាម្នាក់ ឆ្លើយតបមកលោក។ តើលោកអាចហៅទេវតាណាមួយ ឲ្យមកជួយបាន? 2 ការមួម៉ៅរមែងសម្លាប់មនុស្សល្ងីល្ងើ ការក្ដៅក្រហាយក៏រមែងធ្វើឲ្យ មនុស្សចោលម្សៀតបាត់បង់ជីវិតដែរ។ 3 ខ្ញុំធ្លាប់ឃើញមនុស្សល្ងីល្ងើចម្រុងចម្រើន ប៉ុន្តែ រំពេចនោះ ខ្ញុំក៏ដាក់បណ្ដាសា ផ្ទះរបស់គេថា: 4 សូមកុំឲ្យកូនចៅរបស់គេមានទីពឹងពាក់ ហើយកុំឲ្យមាននរណាការពារគេ នៅពេលចៅក្រមដាក់ទោស។ 5 សូមឲ្យមនុស្សអត់បាយនាំគ្នាមក ដណ្ដើមយកភោគផលរបស់គេ ទោះបីមានបន្លាជុំវិញចម្ការក៏ដោយ។ សូមឲ្យមនុស្សស្រេកឃ្លាននាំគ្នាមក រឹបអូសយកទ្រព្យសម្បត្តិរបស់គេ។ 6 អំពើទុច្ចរិតមិនមែនដុះចេញពីធូលីដីទេ ហើយទុក្ខវេទនាក៏មិនមែនដុះចេញពីដីដែរ។…