២ របាក្សត្រ 34
ព្រះបាទយ៉ូសៀសសោយរាជ្យលើស្រុកយូដា 1 កាលព្រះបាទយ៉ូសៀសឡើងសោយរាជ្យ ស្ដេចមានជន្មាយុប្រាំបីព្រះវស្សា ហើយសោយរាជ្យបានសាមសិបឆ្នាំនៅក្រុងយេរូសាឡឹម។ 2 ស្ដេចប្រព្រឹត្តអំពើសុចរិត ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ហើយដើរតាមមាគ៌ារបស់ព្រះបាទដាវីឌ ជាអយ្យកោ ឥតខ្ចោះ ដោយមិនងាកទៅស្ដាំ ឬទៅឆ្វេងឡើយ។ 3 នៅឆ្នាំទីប្រាំបីនៃរជ្ជកាលរបស់ស្ដេច ក្នុងគ្រាដែលស្ដេចនៅក្មេងនៅឡើយ ព្រះបាទយ៉ូសៀសចាប់ផ្ដើមស្វែងរកព្រះរបស់ព្រះបាទដាវីឌ ជាអយ្យកោ។ នៅឆ្នាំទីដប់ពីរ ស្ដេចលុបបំបាត់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ ព្រមទាំងបង្គោលរបស់ព្រះអាសេរ៉ា រូបបដិមា និងរូបចម្លាក់ឯទៀតៗដែលគេសិតធ្វើ ឲ្យអស់ពីស្រុកយូដា និងក្រុងយេរូសាឡឹម។ 4 គេបានរំលំអាសនៈរបស់ព្រះបាលនៅចំពោះព្រះភ័ក្ត្រស្ដេច ហើយកម្ទេចស្កាកសម្រាប់ដុតគ្រឿងក្រអូប ដែលស្ថិតនៅលើនោះផង។ ស្ដេចបានបំបាក់បង្គោលរបស់ព្រះអាសេរ៉ា ព្រមទាំងកម្ទេចរូបបដិមា…