ចៅហ្វាយ 20
ជនជាតិអ៊ីស្រាអែលធ្វើទោសកុលសម្ព័ន្ធបេនយ៉ាមីន 1 ជនជាតិអ៊ីស្រាអែលទាំងអស់នាំគ្នាលើកទ័ពមកពីគ្រប់ទិសទី ចាប់តាំងពីក្រុងដាន់ដែលនៅខាងជើង រហូតដល់បៀរសេបាដែលនៅខាងត្បូង ព្រមទាំងស្រុកកាឡាដដែលនៅខាងកើត។ ពួកគេជួបជុំគ្នានៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់នៅមីសប៉ា ដោយមានចិត្តគំនិតតែមួយ។ 2 ពួកមេដឹកនាំនៃកុលសម្ព័ន្ធទាំងប៉ុន្មានរបស់ប្រជាជនអ៊ីស្រាអែល សុទ្ធតែមានវត្តមានក្នុងអង្គប្រជុំនៃប្រជាជនរបស់ព្រះជាម្ចាស់ គឺមានកងពលថ្មើរជើងចំនួនបួនសែននាក់ ប្រដាប់ដោយដាវ។ 3 កូនចៅបេនយ៉ាមីនបានទទួលដំណឹងថា ប្រជាជនអ៊ីស្រាអែលលើកទ័ពមកដល់មីសប៉ាហើយ។ ពេលនោះ ប្រជាជនអ៊ីស្រាអែលសួរទៅបុរសលេវីថា៖ «ចូរនិយាយប្រាប់យើងមើល តើឧក្រិដ្ឋកម្មនេះកើតឡើងយ៉ាងដូចម្ដេច»? 4 បុរសលេវីជាប្ដីរបស់ស្ត្រីដែលត្រូវគេសម្លាប់ ក៏ឆ្លើយថា៖ «ខ្ញុំ និងប្រពន្ធចុងខ្ញុំបានចូលទៅក្រុងគីបៀរ ជាទឹកដីរបស់ពួកបេនយ៉ាមីន ដើម្បីសម្រាកនៅពេលយប់។ 5 យប់នោះ ស្រាប់តែពួកអ្នកក្រុងគីបៀរលើកគ្នាមកធ្វើបាបខ្ញុំ…