១ កូរិនថូស 9
សិទ្ធិរបស់សាវ័ក 1 តើខ្ញុំគ្មានសេរីភាពទេឬ? តើខ្ញុំមិនមែនជាសាវ័ក*ទេឬ? តើខ្ញុំមិនបានឃើញព្រះយេស៊ូជាព្រះអម្ចាស់របស់យើងទេឬ? តើបងប្អូនមិនមែនជាស្នាដៃរបស់ខ្ញុំ ក្នុងការបម្រើព្រះអម្ចាស់ទេឬ? 2 ទោះបីមានអ្នកខ្លះមិនរាប់ខ្ញុំថាជាសាវ័កក៏ដោយ ក៏បងប្អូនត្រូវតែរាប់ខ្ញុំថាជាសាវ័កដែរ។ ដោយបងប្អូនមានជីវិតរួមជាមួយព្រះអម្ចាស់ បងប្អូនជាភស្ដុតាងបញ្ជាក់ថា ខ្ញុំពិតជាមានមុខងារជាសាវ័កមែន។ 3 ខ្ញុំសូមឆ្លើយចំពោះអស់អ្នកដែលចោទប្រកាន់ខ្ញុំដូចតទៅនេះ: 4 តើយើងគ្មានសិទ្ធិនឹងទទួលទានបាយទឹកទេឬ? 5 តើយើងគ្មានសិទ្ធិនឹងនាំស្ត្រីម្នាក់ដែលមានជំនឿទៅជាមួយ ដូចសាវ័កឯទៀតៗ ដូចបងប្អូនរបស់ព្រះអម្ចាស់ និងដូចលោកកេផាសទេឬ? 6 ឬមួយមានតែខ្ញុំ និងលោកបារណាបាសប៉ុណ្ណោះទេ ដែលត្រូវតែធ្វើការចិញ្ចឹមជីវិត? 7 មិនដែលមាននរណាបម្រើកងទ័ព ហើយចេញសោហ៊ុយខ្លួនឯងឡើយ មិនដែលមាននរណាដាំទំពាំងបាយជូរ…