២ ពង្សាវតារក្សត្រ 11
ព្រះនាងអថាលាដណ្ដើមអំណាចនៅក្រុងយេរូសាឡឹម 1 កាលព្រះនាងអថាលា ជាមាតារបស់ព្រះបាទអហាស៊ីយ៉ា ជ្រាបថា ព្រះរាជបុត្រសោយទិវង្គតហើយ ព្រះនាងចេញបញ្ជាឲ្យគេសម្លាប់រាជវង្សានុវង្សទាំងអស់។ 2 ពេលនោះ ព្រះនាងយ៉ូសេបា ជាបុត្រីរបស់ព្រះបាទយ៉ូរ៉ាម និងជាអនុជរបស់ព្រះបាទអហាស៊ីយ៉ា បានយកព្រះអង្គម្ចាស់យ៉ូអាស ជាបុត្រារបស់ព្រះបាទអហាស៊ីយ៉ា ពីក្នុងចំណោមបុត្រារបស់ស្ដេចដែលត្រូវគេសម្លាប់នោះទៅលាក់ទុក។ ព្រះនាងនាំបុត្រនោះទៅលាក់នៅបន្ទប់ដេកមួយក្នុងព្រះវិហារ ព្រមទាំងឲ្យមេដោះនៅជាមួយផង។ គេបានលាក់រាជកុមារមិនឲ្យព្រះនាងអថាលាឃើញ ដូច្នេះ រាជកុមារក៏រួចពីស្លាប់។ 3 ក្នុងពេលព្រះនាងអថាលាគ្រងរាជ្យ រាជកុមារបានលាក់ខ្លួនជាមួយមេដោះក្នុងព្រះដំណាក់របស់ព្រះអម្ចាស់អស់រយៈពេលប្រាំមួយឆ្នាំ។ ព្រះបាទយ៉ូអាសឡើងគ្រងរាជ្យ 4 លុះដល់ឆ្នាំទីប្រាំពីរ លោកបូជាចារ្យយេហូយ៉ាដាចាត់គេទៅអញ្ជើញពួកនាយទាហានហ្លួង ដែលជាជនជាតិការី និងពលទាហានមកជួបនឹងលោកនៅព្រះដំណាក់របស់ព្រះអម្ចាស់។ លោកបានចុះកិច្ចសន្យាជាមួយពួកគេ…