អេសាយ 51
ព្រះអម្ចាស់រំដោះពូជពង្សលោកអប្រាហាំ 1 អស់អ្នកដែលខិតខំ ស្វែងរកសេចក្ដីសុចរិត អស់អ្នកដែលស្វែងរកព្រះអម្ចាស់អើយ ចូរស្ដាប់យើង! ចូររំពឹងគិតថា តើព្រះអង្គយកថ្មដាណាមកដាប់ធ្វើអ្នករាល់គ្នា ព្រះអង្គយកដីឥដ្ឋណាមកសូនធ្វើអ្នករាល់គ្នា? 2 “ចូររំពឹងគិតពីអប្រាហាំ ជាបុព្វបុរសរបស់អ្នករាល់គ្នា និងសារ៉ាដែលបានបង្កើតអ្នករាល់គ្នា។ ពេលយើងហៅអប្រាហាំមក គាត់នៅម្នាក់ឯង គ្មានកូនទេ។ យើងឲ្យពរគាត់ ហើយគាត់ក៏មានកូនចៅ កើនចំនួនឡើងជាច្រើន”។ 3 មែនហើយ!ព្រះអម្ចាស់សម្រាលទុក្ខ ប្រជាជននៅក្រុងស៊ីយ៉ូន ព្រះអង្គសម្រាលទុក្ខក្រុងដែលខូចខ្ទេចខ្ទីអស់ គឺព្រះអង្គនឹងធ្វើឲ្យក្រុងដែលស្ងាត់ជ្រងំនេះ បានដូចជាសួនអេដែន។ ព្រះអង្គនឹងធ្វើឲ្យដីហួតហែងនេះ ប្រែទៅជាសួនឧទ្យានរបស់ព្រះអម្ចាស់។ ពេលនោះ នៅក្នុងក្រុងស៊ីយ៉ូន នឹងមានឮសូរសម្រែកសប្បាយរីករាយ…