អេម៉ុស 1
1 នេះជាពាក្យរបស់លោកអេម៉ុស ជាអ្នកចិញ្ចឹមសត្វនៅភូមិត្កូអា រៀបរាប់អំពីនិមិត្តហេតុអស្ចារ្យដែលលោកបានឃើញ ស្ដីអំពីស្រុកអ៊ីស្រាអែល ពីរឆ្នាំមុនរញ្ជួយផែនដី គឺនៅរជ្ជកាលព្រះបាទអូសៀសស្ដេចស្រុកយូដា ត្រូវនឹងរជ្ជកាលព្រះបាទយេរ៉ូបោម បុត្ររបស់ព្រះបាទយ៉ូអាស ស្ដេចស្រុកអ៊ីស្រាអែល។ 2 លោកមានប្រសាសន៍ថា: ព្រះអម្ចាស់ស្រែកគំរាមពីភ្នំស៊ីយ៉ូន ព្រះអង្គបន្លឺព្រះសូរសៀងពីក្រុងយេរូសាឡឹម វាលស្មៅរបស់ពួកគង្វាលក៏ក្រៀមស្ងួត ហើយកំពូលភ្នំកើមែលក៏ហួតហែងអស់ដែរ។ ព្រះបន្ទូលប្រឆាំងនឹងស្រុកស៊ីរី 3 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ដោយអ្នកក្រុងដាម៉ាស់បានប្រព្រឹត្តអំពើបាប ផ្ទួនៗគ្នាជាច្រើនដង យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ ព្រោះពួកគេបានកិនកម្ទេចអ្នកស្រុកកាឡាដ នឹងរនាស់ដែក។ 4 ហេតុនេះ យើងនឹងឲ្យភ្លើងឆាបឆេះវាំង របស់ស្ដេចហាសែល ព្រមទាំងឆេះកម្ទេចប្រាសាទរបស់…