ហាកាយ 1
ពេលត្រូវសង់ព្រះវិហារឡើងវិញ 1 នៅឆ្នាំទីពីរនៃរជ្ជកាលព្រះចៅដារីយូស នៅថ្ងៃទីមួយ ក្នុងខែទីប្រាំមួយព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈព្យាការីហាកាយ មកកាន់លោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងជាទេសាភិបាលនៃអាណាខេត្តយូដា ព្រមទាំងលោកមហាបូជាចារ្យយេសួរ ជាកូនរបស់លោកយ៉ូសាដាក ដូចតទៅ: 2 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «ប្រជាជននេះពោលថា “មិនទាន់ដល់ពេលសង់ព្រះដំណាក់របស់ព្រះអម្ចាស់ឡើងវិញទេ”»។ 3 ពេលនោះព្រះអម្ចាស់មានព្រះបន្ទូលមកពួកគេតាមរយៈព្យាការីហាកាយ ដូចតទៅ៖ 4 «ពេលដំណាក់របស់យើងបាក់បែកនៅឡើយ តើអ្នករាល់គ្នាគួររស់នៅក្នុងផ្ទះដែលតាក់តែង ដោយឈើដ៏មានតម្លៃដូច្នេះឬ?»។ 5 ឥឡូវនេះព្រះអម្ចាស់នៃពិភពទាំងមូល មានព្រះបន្ទូលថា៖ «ចូររិះគិតអំពីសភាពការណ៍របស់អ្នករាល់គ្នា! 6 អ្នករាល់គ្នាសាបព្រោះច្រើន តែច្រូតបានផលតិច អ្នករាល់គ្នាបរិភោគ…