សុភាសិត 11
1 ព្រះអម្ចាស់ស្អប់អ្នកបន្លំភ្នែកជញ្ជីង តែព្រះអង្គគាប់ព្រះហឫទ័យនឹងអ្នកដែលប្រើកូនជញ្ជីងត្រឹមត្រូវ។ 2 អ្នកណាវាយឫកក្រអឺតក្រទម អ្នកនោះនឹងត្រូវគេមើលងាយ រីឯអ្នកមានចរិយាសុភាព ទើបហៅថាមានប្រាជ្ញា។ 3 ចិត្តទៀងត្រង់តែងតែនាំផ្លូវមនុស្សត្រឹមត្រូវ រីឯចិត្តវៀចវេរវិញ តែងតែនាំមនុស្សពាលឲ្យវិនាស។ 4 នៅថ្ងៃព្រះអម្ចាស់វិនិច្ឆ័យទោស ទ្រព្យសម្បត្តិគ្មានប្រយោជន៍អ្វីទេ គឺមានតែសេចក្ដីសុចរិតប៉ុណ្ណោះ ទើបអាចជួយឲ្យរួចពីស្លាប់បាន។ 5 សេចក្ដីសុចរិតរបស់មនុស្សគ្មានកំហុស រមែងតម្រង់ផ្លូវរបស់ខ្លួន រីឯមនុស្សពាលវិញ តែងតែស្លាប់ដោយសារអំពើពាលរបស់ខ្លួន។ 6 សេចក្ដីសុចរិតរបស់មនុស្សទៀងត្រង់ រមែងជួយការពារខ្លួនគេ រីឯមនុស្សវៀចវេរ តែងតែជាប់អន្ទាក់ដោយសារចិត្តលោភលន់របស់ខ្លួន។ 7 ពេលមនុស្សអាក្រក់ស្លាប់ សេចក្ដីសង្ឃឹមរបស់គេក៏វិនាស…