លោកុប្បត្តិ 31
1 លោកយ៉ាកុបបានឮកូនរបស់លោកឡាបាន់និយាយគ្នាថា៖ «យ៉ាកុបបានកេងយកអ្វីៗទាំងប៉ុន្មានរបស់ឪពុកយើង ហេតុនេះហើយបានជាគាត់មានទ្រព្យសម្បត្តិច្រើនយ៉ាងនេះ»។ 2 លោកយ៉ាកុបសង្កេតឃើញថា លោកឡាបាន់មិនសូវរាប់រកលោកដូចមុនទៀតឡើយ។ 3 ព្រះអម្ចាស់ក៏មានព្រះបន្ទូលមកលោកយ៉ាកុបថា៖ «ចូរវិលទៅស្រុកដូនតារបស់អ្នក ទៅរកញាតិសន្ដានរបស់អ្នកវិញទៅ យើងនឹងនៅជាមួយអ្នក»។ 4 លោកយ៉ាកុបចាត់គេទៅហៅលោកស្រីរ៉ាជែល និងលោកស្រីលេអា ឲ្យទៅទីវាលត្រង់កន្លែងហ្វូងសត្វរបស់លោក។ 5 លោកមានប្រសាសន៍ទៅលោកស្រីទាំងពីរថា៖ «បងសង្កេតឃើញថា ឪពុករបស់នាងមិនសូវរាប់រកបងដូចមុនទៀតឡើយ។ ក៏ប៉ុន្តែ ព្រះនៃឪពុករបស់បងបានគង់នៅជាមួយបង។ 6 នាងទាំងពីរដឹងស្រាប់ហើយថា បងបាននៅបម្រើឪពុករបស់នាងយ៉ាងអស់ពីចិត្ត 7 តែឪពុករបស់នាងបានកេងប្រវ័ញ្ចបង ដោយផ្លាស់ប្ដូរថ្លៃឈ្នួលរបស់បងដល់ទៅដប់ដង។ ក៏ប៉ុន្តែ ព្រះជាម្ចាស់មិនបណ្តោយឲ្យគាត់បោកប្រាស់បងបានឡើយ។…