យ៉ូហាន 11
លោកឡាសារទទួលមរណភាព 1 នៅភូមិបេតថានី មានបុរសម្នាក់ឈ្មោះ ឡាសារ គាត់មានជំងឺ។ នាងម៉ាថា និងនាងម៉ារីជាបងស្រីរបស់គាត់ ក៏រស់នៅក្នុងភូមិនោះដែរ។ 2 នាងម៉ារីនេះជាស្ត្រីម្នាក់ ដែលបានចាក់ប្រេងក្រអូបលើព្រះបាទារបស់ព្រះអម្ចាស់ ព្រមទាំងបានយកសក់របស់នាងមកជូតផង។ រីឯលោកឡាសារដែលឈឺនោះ ត្រូវជាប្អូនបង្កើតរបស់នាង។ 3 នាងទាំងពីរនាក់បានចាត់គេឲ្យទៅទូលព្រះយេស៊ូថា៖ «លោកម្ចាស់ អ្នកដែលលោកស្រឡាញ់កំពុងតែមានជំងឺ»។ 4 កាលព្រះយេស៊ូជ្រាបដំណឹងនេះ ព្រះអង្គមានព្រះបន្ទូលថា៖ «ជំងឺនេះកើតឡើង មិនមែនឲ្យគាត់បាត់បង់ជីវិតទេ គឺដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ព្រមទាំងឲ្យព្រះបុត្រារបស់ព្រះអង្គសម្តែងសិរីរុងរឿងវិញ»។ 5 ព្រះយេស៊ូស្រឡាញ់នាងម៉ាថា ប្អូនស្រីរបស់នាង និងលោកឡាសារណាស់។…