យេរេមា 31
ស្រុកអ៊ីស្រាអែល និងស្រុកយូដា នឹងត្រូវស្ដារឡើងវិញ 1 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នៅគ្រានោះ យើងនឹងធ្វើជា ព្រះរបស់កុលសម្ព័ន្ធអ៊ីស្រាអែលទាំងមូល ពួកគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង»។ 2 ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា៖ «នៅវាលរហោស្ថាន យើងបានសម្តែងការប្រណីសន្ដោសដល់ ប្រជាជនដែលសេសសល់ពីស្លាប់ក្នុងចំបាំង ហើយអ៊ីស្រាអែលនឹងបានសុខសាន្តត្រាណ។ 3 ពួកគេពោលថាព្រះអម្ចាស់បានសម្តែងព្រះអង្គ ឲ្យខ្ញុំឃើញពីចម្ងាយ។ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា “យើងស្រឡាញ់អ្នក ដោយចិត្តស្រឡាញ់ ដែលស្ថិតស្ថេរនៅអស់កល្បជានិច្ច។ ហេតុនេះហើយបានជាយើងទាក់ទាញចិត្តអ្នក ព្រោះយើងជំពាក់ចិត្តនឹងអ្នកយ៉ាងខ្លាំង។ 4 នាងព្រហ្មចារីអ៊ីស្រាអែលអើយ! យើងនឹងស្អាងនាងឲ្យមាំមួនឡើងវិញ រួចនាងនឹងចេញមកលោតរាំ ទាំងលេងក្រាប់យ៉ាងសប្បាយ។ 5…