មីកា 1
1 នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងមកកាន់លោកមីកា ជាអ្នកស្រុកម៉ូរ៉ាស៊ីត តាមរយៈនិមិត្តហេតុអស្ចារ្យស្ដីអំពីក្រុងសាម៉ារី និងក្រុងយេរូសាឡឹម ក្នុងរជ្ជកាលព្រះបាទយ៉ូថាម ព្រះបាទអេហាស និងព្រះបាទហេសេគា ជាស្ដេចស្រុកយូដា។ ព្រះបន្ទូលព្រមានស្រុកអ៊ីស្រាអែល និងស្រុកយូដា 2 ជាតិសាសន៍ទាំងអស់អើយ ចូរនាំគ្នាស្ដាប់! ផែនដី និងអ្វីៗដែលរស់នៅលើផែនដីអើយ ចូរយកចិត្តទុកដាក់ស្ដាប់! ព្រះជាអម្ចាស់ចោទប្រកាន់អ្នករាល់គ្នា ពីទីសក្ការៈដ៏វិសុទ្ធរបស់ព្រះអង្គ។ 3 ព្រះអម្ចាស់យាងចេញពីព្រះដំណាក់ចុះមក ព្រះអង្គយាងនៅតាមទីខ្ពស់នៃផែនដី។ 4 ភ្នំទាំងឡាយស្រុតចុះនៅក្រោមព្រះបាទា ហើយជ្រលងភ្នំទាំងឡាយក៏ត្រូវរលាយ ដូចក្រមួនរលាយនៅមុខភ្លើង ឬដូចទឹកហូរចុះតាមជម្រាលភ្នំដែរ។ 5 ហេតុការណ៍ទាំងនេះកើតមាន ព្រោះតែអំពើទុច្ចរិតរបស់ពូជពង្សលោកយ៉ាកុប…