នាងរស់ 1

ទុក្ខវេទនារបស់គ្រួសារលោកអេលី‌ម៉ាឡេក 1 នៅជំនាន់អស់លោកចៅហ្វាយ មានកើតទុរ្ភិក្សពេញក្នុងស្រុក។ ពេលនោះ មានបុរសម្នាក់នៅភូមិបេថ្លេ‌ហិម ក្នុងស្រុកយូដា បាននាំភរិយា និងកូនប្រុសទាំងពីរនាក់ ចេញទៅរស់នៅក្នុងស្រុកម៉ូអាប់។ 2 បុរសនោះឈ្មោះអេលី‌ម៉ាឡេក ភរិយារបស់គាត់ឈ្មោះណាអូមី ហើយកូនគាត់ទាំងពីរឈ្មោះម៉ាឡូន និងគីលី‌យ៉ូន។ គ្រួសារនេះជាអ្នកនៅក្នុងអំបូរអេប្រា‌តា នៅភូមិបេថ្លេ‌ហិម ក្នុងស្រុកយូដា។ គេបានទៅដល់ស្រុកម៉ូអាប់ ហើយក៏រស់នៅទីនោះ។ 3 ក្រោយមក លោកអេលី‌ម៉ាឡេកបានទទួលមរណ‌ភាព ទុកឲ្យនាងណាអូមីនៅជាមួយកូនប្រុសទាំងពីរ។ 4 កូនទាំងពីរបានរៀប‌ការជាមួយស្ត្រីសាសន៍ម៉ូអាប់ ម្នាក់ឈ្មោះអ៊រប៉ា និងម្នាក់ទៀតឈ្មោះរស់។ គេរស់នៅក្នុងស្រុកនោះអស់រយៈពេលប្រហែលដប់ឆ្នាំ។ 5…

នាងរស់ 2

នាងរស់រើសស្រូវនៅក្នុងស្រែរបស់លោកបូអូស 1 នាងណាអូមីមានសាច់‌ញាតិខាងប្ដីម្នាក់ឈ្មោះបូអូស ជាអ្នកមានកិត្តិយស និងមានសម្បត្តិស្ដុក‌ស្ដម្ភ។ 2 នាងរស់ ជាសាសន៍ម៉ូអាប់ ពោលទៅម្ដាយក្មេកថា៖ «សូមអ្នកម្ដាយឲ្យកូនទៅរើសស្រូវនៅតាមស្រែនានាទៅ គង់តែមានគេអាណិត ទុកឲ្យកូនរើសស្រូវតាមក្រោយពុំ‌ខាន»។ នាងណាអូមីឆ្លើយថា៖ «ទៅចុះកូន!»។ 3 នាងរស់ក៏ចេញទៅរើសស្រូវតាមក្រោយពួកអ្នកច្រូតនៅក្នុងស្រែមួយ គាប់ជួនប៉ះចំលើស្រែរបស់លោកបូអូស ដែលត្រូវជាសាច់‌ញាតិរបស់លោកអេលី‌ម៉ាឡេក។ 4 ពេលនោះ លោកបូអូសបានមកពីភូមិបេថ្លេ‌ហិម គាត់ពោលទៅកាន់ពួកអ្នកច្រូតថា៖ «សូមព្រះ‌អម្ចាស់គង់ជាមួយអ្នករាល់គ្នា!»។ ពួកគេឆ្លើយថា៖ «សូមព្រះ‌អម្ចាស់ប្រទានពរដល់លោកដែរ!»។ 5 បន្ទាប់មក លោកបូអូសសួរអ្នកបម្រើរបស់លោក ដែលទទួលខុសត្រូវលើពួកអ្នកច្រូតថា៖ «តើនាងនេះជានរណា?»។…

នាងរស់ 3

នាងរស់នៅក្នុងលានបោកបែនស្រូវ 1 ថ្ងៃមួយ នាងណាអូមីពោលទៅកាន់នាងរស់ថា៖ «ម៉ែត្រូវតែរកអនាគតឲ្យកូន ដើម្បីកូនបានសេចក្ដីសុខ។ 2 លោកបូអូសដែលកូនធ្វើការជាមួយស្រីបម្រើរបស់គាត់នោះ ជាប់សាច់‌ញាតិនឹងយើងដែរ។ ល្ងាចនេះ គាត់នឹងទៅបោកបែនស្រូវនៅលាន។ 3 ចូរកូនតុប‌តែងខ្លួនឲ្យស្អាត លាបទឹកអប់ និងស្លៀកពាក់យ៉ាងល្អផង រួចដើរទៅលានដែលគាត់បោកបែនស្រូវ តែកុំបង្ហាញខ្លួនឲ្យគាត់ស្គាល់ រហូតទាល់តែគាត់ពិសាអាហារ និងស្រារួច។ 4 ពេលគាត់ចូលសម្រាន្ដ កូនត្រូវមើលចំណាំកន្លែងដែលគាត់សម្រាន្ដឲ្យបានច្បាស់។ បន្ទាប់មក កូនត្រូវទៅបើកភួយនៅចុងជើងគាត់ ហើយដេកត្រង់កន្លែងនោះទៅ គាត់នឹងប្រាប់កូននូវអ្វីៗដែលកូនត្រូវធ្វើ»។ 5 នាងរស់ឆ្លើយថា៖ «កូននឹងធ្វើតាមពាក្យរបស់អ្នកម្ដាយសព្វគ្រប់ទាំងអស់»។ 6…

នាងរស់ 4

ពិធីមង្គលការនាងរស់ និងលោកបូអូស 1 លោកបូអូសចេញទៅអង្គុយនៅមាត់ទ្វារក្រុង។ ពេលនោះ បុរសដែលជាប់សាច់‌ញាតិជិតបំផុតរបស់លោកអេលី‌ម៉ាឡេក គឺបុរសដែលលោកបូអូសប្រាប់នាងរស់កាលពីមុន បានដើរកាត់កន្លែងនោះ។ លោកបូអូសពោលទៅកាន់បុរសនោះថា៖ «សូមបងអញ្ជើញមកអង្គុយទីនេះសិន»។ បុរសនោះក៏អង្គុយចុះ។ 2 លោកបូអូសបានអញ្ជើញចាស់ទុំដប់នាក់ពីក្នុងភូមិមក ហើយសុំឲ្យគេអង្គុយជាមួយដែរ។ 3 លោកមានប្រសាសន៍ទៅកាន់សាច់‌ញាតិនោះដូចតទៅ៖ «បងជ្រាបស្រាប់ហើយថា បងស្រីណាអូមីបានវិលត្រឡប់មកពីស្រុកម៉ូអាប់វិញ ហើយគាត់ចង់លក់ដីស្រែ ដែលជាកម្មសិទ្ធិរបស់បងអេលី‌ម៉ាឡេក។ 4 ខ្ញុំបានគិតថាគួរតែជម្រាបបង ហើយសូមឲ្យបងទិញដីស្រែនោះ ដោយមានចាស់ទុំ និងបង‌ប្អូនឯទៀតៗ ដែលនៅទីនេះជួយដឹងឮផង។ ប្រសិនបើបងចង់ទិញ សូមទិញចុះ! តែបើបងមិនទិញទេ សូមប្រាប់ឲ្យខ្ញុំដឹងផង…