ទំនុកតម្កើង 21
ពាក្យអរព្រះគុណចំពោះជ័យជំនះ ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុករបស់ស្ដេចដាវីឌ។ 1 ព្រះអម្ចាស់អើយ ព្រះរាជាមានអំណរណាស់ ព្រោះព្រះអង្គប្រទានកម្លាំង ព្រះរាជាមានអំណររីករាយជាខ្លាំង ព្រោះព្រះអង្គប្រទានឲ្យមានជ័យជំនះ។ 2 ព្រះអង្គប្រទានឲ្យព្រះរាជា បានទទួលអ្វីៗដែលទ្រង់ប្រាថ្នាចង់បាន គឺព្រះអង្គពុំបានបដិសេធពាក្យទូលអង្វរ របស់ព្រះរាជាឡើយ។ – សម្រាក 3 ព្រះអង្គបានយាងមកជួបព្រះរាជា ទាំងនាំយកព្រះពរដ៏ប្រសើរមកជាមួយផង ព្រះអង្គបានយកមកុដមាសសុទ្ធ មកបំពាក់ព្រះសិរសារបស់ព្រះរាជា។ 4 ពេលព្រះរាជាទូលសូមជីវិត ព្រះអង្គប្រទានឲ្យស្ដេចមានជីវិត និងមានជន្មាយុយឺនយូរជាអង្វែងតរៀងទៅ។ 5 ដោយព្រះអង្គសង្គ្រោះ ព្រះរាជាបានទទួលសិរីរុងរឿងយ៉ាងខ្លាំង ព្រះអង្គប្រទានឲ្យទ្រង់បានថ្កុំថ្កើង ឧត្ដុង្គឧត្ដម។…