ទំនុក‌តម្កើង 91

នៅក្រោមម្លប់បារមីព្រះដ៏ខ្ពង់‌ខ្ពស់បំផុត 1 អ្នកណារស់នៅក្រោមការគ្រប់‌គ្រង របស់ព្រះដ៏ខ្ពង់‌ខ្ពស់បំផុត អ្នកនោះនឹងជ្រកនៅក្រោមម្លប់បារមី របស់ព្រះដ៏មានឫទ្ធា‌នុភាពលើអ្វីៗទាំងអស់។ 2 ខ្ញុំទូលព្រះ‌អម្ចាស់ថា: ព្រះ‌អង្គជាជម្រក និងជាកំពែងការពារទូលបង្គំ ព្រះ‌អង្គជាព្រះនៃទូលបង្គំ ទូលបង្គំផ្ញើជីវិតលើព្រះ‌អង្គ! 3 ព្រះ‌អម្ចាស់រំដោះអ្នកឲ្យរួចផុតពីអន្ទាក់ ឲ្យរួចផុតពីជំងឺរាត‌ត្បាតផ្សេងៗ។ 4 ព្រះ‌អង្គនឹងការពារអ្នក អ្នកអាចជ្រកកោនក្រោមម្លប់បារមីរបស់ព្រះ‌អង្គ ព្រះ‌ហឫទ័យស្មោះ‌ស្ម័គ្ររបស់ព្រះ‌អង្គ ប្រៀបបីដូចជាខែល និងអាវ‌ក្រោះការពារអ្នក។ 5 នៅពេលយប់ អ្នកនឹងមិនភ័យខ្លាច គ្រោះថ្នាក់ដែលគួរឲ្យតក់‌ស្លុតនោះឡើយ នៅពេលថ្ងៃ អ្នកក៏នឹងមិនភ័យខ្លាចព្រួញ ដែលគេបាញ់មកដែរ។ 6 អ្នកនឹងមិនភ័យខ្លាចគ្រោះកាចនៅយប់ងងឹត…

ទំនុក‌តម្កើង 92

ទូលបង្គំសប្បាយចិត្តនឹងកិច្ចការដែលព្រះ‌អង្គធ្វើ ទំនុក‌តម្កើង។ ចម្រៀងតម្កើងព្រះ‌ជាម្ចាស់នៅថ្ងៃសប្ប័ទ* 1 ឱព្រះ‌អម្ចាស់អើយ ជាការប្រពៃណាស់ ដែលទូលបង្គំលើកតម្កើងព្រះ‌អង្គ ស្មូត្រទំនុក‌តម្កើងសរសើរព្រះ‌នាម របស់ព្រះដ៏ខ្ពង់‌ខ្ពស់បំផុត! 2 ទូលបង្គំប្រកាសអំពីព្រះ‌ហឫទ័យ មេត្តាករុណារបស់ព្រះ‌អង្គ តាំងពីព្រលឹមមក ហើយប្រកាសអំពីព្រះ‌ហឫទ័យស្មោះ‌ស្ម័គ្រ របស់ព្រះ‌អង្គនៅពេលយប់ 3 ដោយលេងឃឹម ដេញចាប៉ី និងដេញពិណ។ 4 ឱព្រះ‌អម្ចាស់អើយ កិច្ចការដែលព្រះ‌អង្គធ្វើ បាននាំឲ្យទូលបង្គំមានអំណរដ៏លើស‌លប់ ទូលបង្គំសប្បាយចិត្តនឹងស្នាព្រះ‌ហស្ដរបស់ព្រះ‌អង្គ។ 5 ឱព្រះ‌អម្ចាស់អើយ ស្នាព្រះ‌ហស្ដរបស់ព្រះ‌អង្គប្រសើរឧត្ដុង្គ‌ឧត្ដមណាស់ ព្រះ‌តម្រិះរបស់ព្រះ‌អង្គជ្រៅពន់ប្រមាណ! 6 មនុស្សល្ងី‌ល្ងើមិនយល់អ្វីទាំងអស់…

ទំនុក‌តម្កើង 93

ព្រះ‌អម្ចាស់ជាព្រះ‌មហា‌ក្សត្រ 1 ព្រះ‌អម្ចាស់ជាព្រះ‌មហា‌ក្សត្រ ប្រកបដោយភាពថ្កុំ‌ថ្កើងរុងរឿង ព្រះ‌អម្ចាស់ប្រកបទៅដោយព្រះ‌ចេស្ដា ដូច្នេះ ផែនដីនឹងបានរឹង‌មាំឥតរង្គើសោះឡើយ។ 2 បល្ល័ង្ករបស់ព្រះ‌អង្គនៅស្ថិត‌ស្ថេរយ៉ាងមាំ តាំងពីដើមរៀងមក ព្រះ‌អង្គមានព្រះ‌ជន្មគង់នៅ តាំងពីអស់‌កល្បជា‌និច្ច។ 3 ឱព្រះ‌អម្ចាស់អើយ មហា‌សាគរទាំង‌ឡាយបន្លឺសំឡេងឡើង មហា‌សាគរទាំង‌ឡាយបន្លឺសំឡេងឡើង យ៉ាងគគ្រឹក‌គគ្រេង។ 4 ក៏ប៉ុន្តែ នៅស្ថានបរម‌សុខ ព្រះ‌អម្ចាស់គ្រងរាជ្យយ៉ាងរុងរឿងឧត្ដុង្គ‌ឧត្ដម ព្រះ‌អង្គមានមហិទ្ធិ‌ឫទ្ធិខ្លាំង ជាងសំឡេងមហា‌សាគរ ព្រះ‌អង្គមានបារមីខ្លាំងជាង រលកសមុទ្រទៅទៀត។ 5 ឱព្រះ‌អម្ចាស់អើយ ក្រឹត្យ‌វិន័យ របស់ព្រះ‌អង្គសុទ្ធតែត្រឹមត្រូវទាំងស្រុង ហើយព្រះ‌ដំណាក់របស់ព្រះ‌អង្គជាកន្លែងដ៏‌វិសុទ្ធ…

ទំនុក‌តម្កើង 94

សូមព្រះ‌អង្គសម្តែងឫទ្ធិ‌បារមី ដើម្បីសង‌សឹក 1 ព្រះ‌អម្ចាស់អើយ ព្រះ‌អង្គតែងតែសង‌សឹក ឱព្រះដែលតែងតែសង‌សឹក សូមសម្តែងឫទ្ធិ‌បារមី! 2 ឱព្រះដែលជាចៅ‌ក្រមនៃពិភពលោកអើយ សូមក្រោកឡើង! សូមដាក់ទោសមនុស្សព្រហើន ឲ្យសមនឹងអំពើដែលគេបានប្រព្រឹត្ត! 3 ឱព្រះ‌អម្ចាស់អើយ តើទុកឲ្យមនុស្សអាក្រក់លើកតម្កើងខ្លួន ដល់កាលណាទៀត? 4 ពួកគេពោលពាក្យអួតបំប៉ោង ពួកគេវាយ‌ឫកខ្ពស់ ជនទុច្ចរិតទាំងនោះនាំគ្នានិយាយក្អេង‌ក្អាង។ 5 ឱព្រះ‌អម្ចាស់អើយ ពួកគេជិះ‌ជាន់សង្កត់‌សង្កិន ប្រជា‌រាស្ត្ររបស់ព្រះ‌អង្គ ពួកគេបន្ទាប‌បន្ថោកប្រជា‌ជនរបស់ព្រះ‌អង្គ 6 ពួកគេសម្លាប់ស្ត្រីមេម៉ាយ និងជនអន្តោ‌ប្រវេសន៍ ពួកគេធ្វើឃាតក្មេងកំព្រា 7…

ទំនុក‌តម្កើង 95

ចូរយើងនាំគ្នាលើកតម្កើងព្រះ‌អម្ចាស់! 1 សូមអញ្ជើញមក យើងនាំគ្នាលើកតម្កើងព្រះ‌អម្ចាស់! ចូរស្រែកច្រៀងដោយអំណរ ថ្វាយព្រះ‌ជាម្ចាស់ដែលជាថ្ម‌ដាសង្គ្រោះយើង។ 2 ចូរយើងនាំគ្នាចូលមកចំពោះព្រះ‌ភ័ក្ត្រព្រះ‌អង្គ ទាំងអរព្រះ‌គុណ និងស្មូត្រទំនុក‌តម្កើងថ្វាយព្រះ‌អង្គ 3 ដ្បិតព្រះ‌អម្ចាស់ជាព្រះដ៏ប្រសើរឧត្ដម ព្រះ‌អង្គជាព្រះ‌មហា‌ក្សត្រ ដ៏ខ្ពង់‌ខ្ពស់លើសព្រះនានា។ 4 ព្រះ‌អង្គគ្រប់‌គ្រងលើអ្វីៗទាំងអស់ គឺចាប់តាំងពីបាតដីរហូតដល់ចុងកំពូលភ្នំ។ 5 សមុទ្រស្ថិតនៅក្រោមការគ្រប់‌គ្រងរបស់ព្រះ‌អង្គ ព្រោះព្រះ‌អង្គបានបង្កើតសមុទ្រមក រីឯផែនដីក៏ព្រះ‌អង្គបានបង្កើតមកដែរ។ 6 ចូរនាំគ្នាមក យើងនឹងអោនកាយថ្វាយ‌បង្គំព្រះ‌អង្គ ចូរយើងក្រាបនៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់ ដែលបានបង្កើតយើងមក 7 ដ្បិតព្រះ‌អង្គជាព្រះនៃយើង យើងជាប្រជា‌រាស្ត្រដែលព្រះ‌អង្គថែ‌រក្សា ជាហ្វូងចៀមដែលព្រះ‌អង្គដឹកនាំ។…

ទំនុក‌តម្កើង 96

ចូរច្រៀងបទថ្មីថ្វាយព្រះ‌អម្ចាស់! 1 ចូរច្រៀងបទថ្មីថ្វាយព្រះ‌អម្ចាស់! មនុស្សនៅផែនដីទាំងមូលអើយ ចូរច្រៀងថ្វាយព្រះ‌អម្ចាស់! 2 ចូរច្រៀងថ្វាយព្រះ‌អម្ចាស់ និងសរសើរតម្កើងព្រះ‌នាមព្រះ‌អង្គ ចូរប្រកាសជារៀងរាល់ថ្ងៃ អំពីការសង្គ្រោះរបស់ព្រះ‌អង្គ។ 3 ចូរប្រកាសនៅក្នុងចំណោមប្រជា‌ជាតិនានា អំពីសិរី‌រុងរឿងរបស់ព្រះ‌អង្គ ហើយប្រកាសនៅក្នុងចំណោម ប្រជា‌ជនទាំង‌ឡាយ អំពីស្នាព្រះ‌ហស្ដ ដ៏អស្ចារ្យរបស់ព្រះ‌អង្គ! 4 ដ្បិតព្រះ‌អម្ចាស់ជាព្រះដ៏ប្រសើរឧត្ដម ដែលយើងត្រូវតែសរសើរតម្កើងអស់ពីចិត្ត ព្រះ‌អង្គគួរជាទីស្ញែងខ្លាចជាងព្រះផងទាំងពួង។ 5 ព្រះទាំងប៉ុន្មានរបស់សាសន៍នានា សុទ្ធតែឥតបានការអ្វីទាំងអស់ រីឯព្រះ‌អម្ចាស់វិញ ព្រះ‌អង្គបានបង្កើតផ្ទៃមេឃ។ 6 មានពន្លឺរស្មីចិញ្ចែង‌ចិញ្ចាច ចាំងចេញពីព្រះ‌ភ័ក្ត្ររបស់ព្រះ‌អង្គ ព្រះ‌ដំណាក់របស់ព្រះ‌អង្គពោរ‌ពេញ…

ទំនុក‌តម្កើង 97

ព្រះ‌អម្ចាស់គ្រងរាជ្យ 1 ព្រះ‌អម្ចាស់គ្រងរាជ្យ! ចូរឲ្យផែនដីបានរីក‌រាយឡើង! ចូរឲ្យកោះទាំង‌ឡាយមានអំណរសប្បាយ! 2 មានពពកដ៏ខ្មៅងងឹតនៅព័ទ្ធជុំ‌វិញព្រះ‌អង្គ ព្រះ‌អង្គគ្រងរាជ្យដោយសុចរិតយុត្តិធម៌។ 3 មានភ្លើងឆេះនៅខាងមុខព្រះ‌អង្គ បំផ្លាញខ្មាំងសត្រូវដែលនៅជុំ‌វិញព្រះ‌អង្គ។ 4 ផ្លេកបន្ទោររបស់ព្រះ‌អង្គជះពន្លឺ មកលើពិភពលោក ផែនដីឃើញពន្លឺនេះ ហើយញាប់‌ញ័រជាខ្លាំង។ 5 ភ្នំនានារលាយនៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់ ដូចជាក្រមួនត្រូវថ្ងៃ គឺនៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់ នៃផែនដីទាំងមូល។ 6 ផ្ទៃមេឃប្រកាសអំពីសេចក្ដីសុចរិតរបស់ព្រះ‌អង្គ ហើយប្រជា‌រាស្ត្រទាំងអស់ នឹងឃើញសិរី‌រុងរឿងរបស់ព្រះ‌អង្គ។ 7 អស់អ្នកដែលថ្វាយ‌បង្គំព្រះក្លែង‌ក្លាយ ហើយអួត‌អាងក្នុងការគោរពបម្រើ ព្រះឥតបានការ នឹងត្រូវអាម៉ាស់!។…

ទំនុក‌តម្កើង 98

ព្រះ‌អម្ចាស់យាងមកជំនុំ‌ជម្រះផែនដី ទំនុក‌តម្កើង។ 1 ចូរច្រៀងបទថ្មីថ្វាយព្រះ‌អម្ចាស់! ដ្បិតព្រះ‌អង្គបានធ្វើការអស្ចារ្យ ព្រះ‌អង្គយកជ័យ‌ជំនះដោយឫទ្ធិ‌បារមី និងព្រះ‌ចេស្ដាដ៏‌វិសុទ្ធរបស់ព្រះ‌អង្គ។ 2 ព្រះ‌អម្ចាស់បានបង្ហាញការសង្គ្រោះរបស់ព្រះ‌អង្គ ព្រះ‌អង្គបានសម្តែងឲ្យប្រជា‌ជាតិនានា ឃើញសេចក្ដីសុចរិតរបស់ព្រះ‌អង្គ។ 3 ព្រះ‌អង្គតែងតែសម្តែងព្រះ‌ហឫទ័យមេត្តា‌ករុណា និងព្រះ‌ហឫទ័យស្មោះ‌ស្ម័គ្រ ចំពោះកូនចៅអ៊ីស្រា‌អែលជា‌និច្ច។ មនុស្ស‌ម្នាដែលរស់នៅគ្រប់ទី ដាច់ស្រយាលនៃផែនដី បានឃើញការសង្គ្រោះនៃព្រះរបស់យើង។ 4 មនុស្សនៅលើផែនដីទាំងមូលអើយ ចូរបន្លឺសំឡេងតម្កើងព្រះ‌អម្ចាស់ដោយអំណរ! ចូរស្រែកហ៊ោយ៉ាងសប្បាយ ព្រមទាំងស្មូត្រទំនុក‌តម្កើង! 5 ចូរស្មូត្រទំនុក‌តម្កើងថ្វាយព្រះ‌អម្ចាស់ ដោយដេញពិណ គឺដេញពិណលើកទំនុកយ៉ាងពីរោះ 6 ចូរលើកតម្កើងព្រះ‌អង្គដោយផ្លុំត្រែ និងផ្លុំស្នែង…

ទំនុក‌តម្កើង 99

ព្រះ‌អម្ចាស់ជាព្រះ‌មហា‌ក្សត្រ ព្រះ‌អង្គជាព្រះដ៏‌វិសុទ្ធ 1 ព្រះ‌អម្ចាស់គ្រងរាជ្យ ប្រជា‌ជនទាំង‌ឡាយត្រូវញ័រ‌រន្ធត់។ ព្រះ‌អង្គគង់នៅពីលើពួកចេរូប៊ីន* ហើយផែនដីកក្រើកញាប់‌ញ័រ។ 2 ព្រះ‌អម្ចាស់ជាព្រះដ៏ប្រសើរឧត្ដមនៅក្រុងស៊ីយ៉ូន ព្រះ‌អង្គជាព្រះដ៏ខ្ពង់‌ខ្ពស់លើសប្រជា‌ជាតិទាំងអស់។ 3 មនុស្សគ្រប់ៗរូបត្រូវតែលើកតម្កើងព្រះ‌នាម ដ៏ឧត្ដុង្គ‌ឧត្ដម គួរជាទីស្ញែងខ្លាចរបស់ព្រះ‌អង្គ ដ្បិតព្រះ‌អង្គជាព្រះដ៏‌វិសុទ្ធ!។ 4 ព្រះ‌អម្ចាស់អើយ ព្រះ‌អង្គប្រកបដោយឫទ្ធា‌នុភាព ព្រះ‌អង្គជាព្រះ‌មហា‌ក្សត្រ ដែលស្រឡាញ់យុត្តិធម៌! ព្រះ‌អង្គបានតែងច្បាប់ ហើយព្រះ‌អង្គធ្វើឲ្យមានសេចក្ដីសុចរិត និងយុត្តិធម៌នៅក្នុងស្រុកអ៊ីស្រា‌អែល! 5 ចូរលើកតម្កើងព្រះ‌អម្ចាស់ជាព្រះនៃយើង ចូរនាំគ្នាក្រាបទៀបព្រះ‌បាទារបស់ព្រះ‌អង្គ ដ្បិតព្រះ‌អង្គជាព្រះដ៏‌វិសុទ្ធ! 6 លោកម៉ូសេ និងលោកអើរ៉ុន…

ទំនុក‌តម្កើង 100

ចូរគោរពបម្រើព្រះ‌អម្ចាស់ដោយចិត្តរីក‌រាយ ទំនុក‌តម្កើងសម្រាប់ពិធីថ្វាយតង្វាយអរព្រះ‌គុណ។ 1 មនុស្សនៅលើផែនដី ទាំងមូលអើយ ចូរបន្លឺសំឡេងតម្កើងព្រះ‌អម្ចាស់! 2 ចូរគោរពបម្រើព្រះ‌អម្ចាស់ដោយចិត្តរីក‌រាយ ចូរនាំគ្នាចូលមកជិតព្រះ‌អង្គ ដោយច្រៀងយ៉ាងសប្បាយ! 3 ចូរដឹងថាព្រះ‌អម្ចាស់ពិតជាព្រះ‌ជាម្ចាស់មែន! ព្រះ‌អង្គបានបង្កើតយើងមក យើងជាប្រជា‌រាស្ដ្ររបស់ព្រះ‌អង្គ ហើយជាប្រជា‌ជនដែលព្រះ‌អង្គថែ‌រក្សា។ 4 ចូរនាំគ្នាចូលតាមទ្វារព្រះ‌ដំណាក់របស់ព្រះ‌អង្គ ដោយអរព្រះ‌គុណ ចូរនាំគ្នាចូលមកក្នុងព្រះ‌វិហារ ដោយពាក្យសរសើរតម្កើង! ចូរលើកតម្កើងព្រះ‌អង្គ ចូរសរសើរតម្កើងព្រះ‌នាមព្រះ‌អង្គ! 5 ដ្បិតព្រះ‌អម្ចាស់មានព្រះ‌ហឫទ័យសប្បុរស ព្រះ‌ហឫទ័យមេត្តា‌ករុណារបស់ព្រះ‌អង្គ នៅស្ថិត‌ស្ថេរជា‌និច្ច ហើយព្រះ‌ហឫទ័យស្មោះ‌ស្ម័គ្ររបស់ព្រះ‌អង្គ នៅស្ថិត‌ស្ថេរអស់‌កល្បជាអង្វែងតរៀងទៅ។