ជនគណនា 1
ការជំរឿនប្រជាជនអ៊ីស្រាអែលនៅវាលរហោស្ថានស៊ីណៃ 1 នៅថ្ងៃទីមួយ ខែពិសាខនៃឆ្នាំទីពីរ ក្រោយពេលប្រជាជនអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីបព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ នៅវាលរហោស្ថានស៊ីណៃ ក្នុងពន្លាជួបព្រះអង្គដូចតទៅ៖ 2 «ចូរជំរឿនប្រជាជនក្នុងសហគមន៍អ៊ីស្រាអែលទាំងមូលដោយរាប់ឈ្មោះប្រុសៗទាំងអស់ តាមអំបូរ តាមគ្រួសាររបស់គេ។ 3 អើរ៉ុន និងអ្នកផ្ទាល់ ត្រូវជំរឿនប្រជាជនអ៊ីស្រាអែលទាំងអស់ តាមកងពលរបស់ពួកគេ គឺអ្នកដែលអាចបម្រើកងទ័ពបាន និងមានអាយុចាប់ពីម្ភៃឆ្នាំឡើងទៅ។ 4 ក្នុងកុលសម្ព័ន្ធនីមួយៗត្រូវយកបុរសម្នាក់ដែលជាមេលើក្រុមគ្រួសារ មកជួយអ្នកទាំងពីរក្នុងការជំរឿនប្រជាជន។ 5 អស់អ្នកដែលត្រូវមកធ្វើការជាមួយអ្នកទាំងពីរ មានរាយនាមដូចតទៅ: អេលីស៊ើរ ជាកូនរបស់សេដេអ៊ើរ ពីកុលសម្ព័ន្ធរូបេន។ 6 ស្លូមាលជាកូនរបស់ស៊ូរីសាដាយ ពីកុលសម្ព័ន្ធស៊ីម្មាន។…