អេសាយ 21

ស្រុកបាប៊ី‌ឡូននឹងត្រូវរលំ

1 សេចក្ដីប្រកាសស្ដីអំពីតំបន់វាលរហោ‌ស្ថាននៅជាប់នឹងសមុទ្រ:

ខ្មាំងសត្រូវនឹងនាំគ្នាចេញមកពីវាលរហោ‌ស្ថាន

គឺពីស្រុកដែលគួរឲ្យស្ញែងខ្លាច

ដូចខ្យល់ព្យុះសង្ឃរាបក់បោកនៅ

វាលរហោ‌ស្ថានណេកិបដែរ។

2 ខ្ញុំបានឃើញហេតុ‌ការណ៍មួយគួរឲ្យព្រឺខ្លាច

គឺសម្ពន្ធមិត្តនឹងក្បត់គ្នាឯង

មេបំផ្លាញនឹងបំផ្លិច‌បំផ្លាញ។

កង‌ទ័ពអេឡាមអើយ ចូរនាំគ្នាវាយលុកទៅ

កង‌ទ័ពមេឌីអើយ ចូរនាំគ្នាឡោម‌ព័ទ្ធទៅ

ដ្បិតព្រះ‌អម្ចាស់នឹងធ្វើឲ្យពួកគេបាក់អំនួត

ទាំងអស់គ្នា។

3 ហេតុនេះហើយបានជាខ្ញុំឈឺចាប់

សព្វសព៌ាង្គកាយ

ខ្ញុំឈឺចុកចាប់ដូចស្ត្រីកំពុងតែសម្រាលកូន។

ខ្ញុំរំជួលចិត្ត រកស្ដាប់អ្វីមិនឮ ខ្ញុំរន្ធត់ចិត្ត

រកមើលអ្វីមិនឃើញសោះឡើយ។

4 ខ្ញុំលែងមានកម្លាំងចិត្តទៀតហើយ

គឺចិត្តភ័យខ្លាចគ្របដណ្ដប់មកលើខ្ញុំ។

ខ្ញុំទន្ទឹងរង់‌ចាំពេលយប់មកដល់ ដើម្បីសម្រាក

តែយប់នោះក្លាយទៅជាយប់ដ៏ខ្លោច‌ផ្សា

សម្រាប់ខ្ញុំទៅវិញ។

5 ពេលគេកំពុងតែរៀប‌ចំម្ហូបអាហារ

និងក្រាលកំរាលព្រំ

ពេលគេកំពុងតែជប់‌លៀង

ស្រាប់តែមានឮសំឡេងស្រែកឡើងថា:

ពួកនាយទាហានអើយ ចូរក្រោកឡើង

នាំគ្នារៀប‌ចំគ្រឿងសស្ត្រា‌វុធទៅ!

6 ដ្បិតព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំថា:

ចូរដាក់មនុស្សចាំឃ្លាំមើល

ដើម្បីផ្ដល់ដំណឹងនូវអ្វីៗដែលគេមើលឃើញ។

7 ប្រសិនបើគេឃើញរទេះចំបាំង

ដែលទឹមដោយសេះមួយគូ

និងឃើញទាហានម្នាក់ជិះលា ឬជិះអូដ្ឋមក

គេត្រូវតែប្រុងប្រយ័ត្នខ្លួនឲ្យមែនទែន។

8 អ្នកដែលឃ្លាំមើលនោះត្រូវស្រែកឡើងថា:

«លោកម្ចាស់ ខ្ញុំប្របាទនៅចាំយាមក្នុងប៉មនេះ

ពេញមួយថ្ងៃ

ខ្ញុំប្របាទស្ថិតនៅកន្លែងយាមនេះ អស់មួយយប់»

9 មើលហ្ន៎! មានមនុស្សម្នាក់ជិះរទេះចំបាំង

ដែលទឹមដោយសេះមួយគូ មកដល់

ហើយស្រែកថា: «ក្រុងបាប៊ី‌ឡូនរលំហើយ

ក្រុងបាប៊ី‌ឡូនរលំហើយ!

រីឯរូបព្រះទាំងប៉ុន្មានរបស់ក្រុងនេះ

ក៏ធ្លាក់បាក់បែកខ្ទេច‌ខ្ទីអស់ដែរ!»។

10 ឱប្រជា‌ជនរបស់ខ្ញុំអើយ

អ្នកត្រូវគេបង្ក្រាបដូចស្រូវដែលគេបោកបែន

ឥឡូវនេះ អ្វីៗដែលព្រះ‌អម្ចាស់នៃពិភពទាំងមូល

ជាព្រះនៃជន‌ជាតិអ៊ីស្រា‌អែល

បានប្រាប់ឲ្យខ្ញុំដឹង

ខ្ញុំក៏យកមកប្រកាស ជាដំណឹងដល់អ្នករាល់ដែរ!។

ព្រះ‌បន្ទូលប្រឆាំងនឹងក្រុងឌូម៉ា និងស្រុកអារ៉ាប់

11 សេចក្ដីប្រកាសស្ដីអំពីក្រុងឌូម៉ា:

មានគេស្រែកប្រាប់ខ្ញុំពីស្រុកសៀរមកថា:

អ្នកយាមអើយ យប់ថ្មើរណាហើយ?

អ្នកយាមអើយ យប់ថ្មើរណាហើយ?

12 អ្នកយាមតបមកវិញថា:

ជិតភ្លឺហើយ ប៉ុន្តែ នៅតែយប់ដដែល។

ប្រសិនបើអ្នករាល់គ្នាចង់បានចម្លើយ

ចូរវិលមកសួរម្ដងទៀតចុះ។

13 សេចក្ដីប្រកាសស្ដីអំពីស្រុកអារ៉ាប់។

ជន‌ជាតិដេដាន់ដែលធ្វើដំណើរជាក្រុមៗអើយ

នៅពេលយប់ ចូរនាំគ្នាស្នាក់នៅតាមគុម្ពោត

ក្នុងស្រុកអារ៉ាប់នេះហើយ!

14 អ្នកស្រុកថេម៉ាអើយ

ចូរយកទឹកទៅឲ្យអស់អ្នកដែលស្រេក

ចូរនាំគ្នាយកអាហារទៅទទួល

ជនភៀសខ្លួនទាំងនោះផង!

15 អ្នកទាំងនោះរត់គេចពីមុខដាវ

គឺរត់គេចពីមុខដាវដែលហូតចេញពីស្រោម

រត់គេចពីធ្នូដែលគេយឹតបម្រុងនឹងបាញ់

ហើយរត់ចេញពីសង្គ្រាមដ៏សែនវេទនា

16 ដ្បិតព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំថា៖ «នៅមួយឆ្នាំទៀត ដោយគិតចាប់ពីថ្ងៃនេះទៅ ស្រុកកេដារនឹងបាត់បង់ភាពរុងរឿងរបស់ខ្លួនទាំងស្រុង។

17 ទាហានបាញ់ធ្នូដ៏ពូកែរបស់ស្រុកកេដារ នឹងនៅសល់តែមួយចំនួនដ៏តូចប៉ុណ្ណោះ»។ នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់ជាព្រះនៃជន‌ជាតិអ៊ីស្រា‌អែល។