អេសាយ 31

អេស៊ីបពុំអាចជួយអ៊ីស្រា‌អែលបានឡើយ

1 អស់អ្នកដែលរត់ទៅស្រុកអេស៊ីប

ដើម្បីរកជំនួយ មុខជាត្រូវវេទនាពុំ‌ខាន!

អ្នកទាំងនោះពឹងផ្អែកលើសេះ

និងទុកចិត្តលើរទេះចំបាំង

ព្រោះឃើញមានចំនួនច្រើន

ពួកគេទុកចិត្តលើកង‌ទ័ពសេះ

ព្រោះឃើញថាខ្លាំងពូកែ

តែពួកគេពុំនឹកនាដល់ព្រះដ៏‌វិសុទ្ធ

របស់ជន‌ជាតិអ៊ីស្រា‌អែលទេ

ពួកគេពុំស្វែងរកព្រះ‌អម្ចាស់ឡើយ។

2 រីឯព្រះ‌អង្គវិញ ព្រះ‌អង្គក៏ខ្លាំងពូកែដែរ

ព្រះ‌អង្គអាចធ្វើឲ្យទុក្ខវេទនាកើតឡើង

ព្រះ‌អង្គគំរាមយ៉ាងណា ទ្រង់នឹងធ្វើយ៉ាងនោះ

ព្រះ‌អង្គប្រឆាំងនឹងពួកមនុស្សអាក្រក់

ហើយប្រឆាំងនឹងអស់អ្នកប្រព្រឹត្តអំពើទុច្ចរិត

ដែលគេហៅឲ្យមកជួយ។

3 ជន‌ជាតិអេស៊ីបជាមនុស្ស គឺមិនមែនជាព្រះទេ

សេះរបស់ពួកគេជាសត្វ

គឺមិនមែនជាទេវតា ឡើយ។

ពេលណាព្រះ‌អម្ចាស់លើកព្រះ‌ហស្ដឡើង

អ្នកដែលមកជួយសង្គ្រោះនឹងជំពប់ដួល

ហើយអ្នកដែលគេជួយក៏នឹងដួលដែរ

គឺគេត្រូវវិនាសជាមួយគ្នា។

មានតែព្រះ‌អម្ចាស់ទេដែលអាចសង្គ្រោះក្រុងយេរូ‌សាឡឹម

4 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំដូចតទៅ:

«ពេលណាសត្វសិង្ហ ឬកូនវាគ្រហឹមទៅលើរំពា

ទោះបីពួកគង្វាលលើកគ្នាមកស្រែកគំរាម

ចង់ដណ្ដើមរំពានោះពីវាក្ដី

ក៏វាមិនភ័យខ្លាចសម្រែករបស់ពួកគេ

ឬដកខ្លួនថយ ដោយសំឡេងបង្អើល

របស់ពួកគង្វាលនោះឡើយ។

រីឯយើងដែលជាព្រះ‌អម្ចាស់នៃពិភពទាំងមូល

ក៏ដូច្នោះដែរ

យើងនឹងចុះទៅធ្វើសឹកនៅភ្នំស៊ីយ៉ូន»។

5 ព្រះ‌អម្ចាស់នៃពិភពទាំងមូលនឹងការពារ

ក្រុងយេរូ‌សាឡឹម

ដូចបក្សីត្រដាងស្លាបការពារកូនរបស់វា។

ព្រះ‌អង្គការពារ និងរំដោះក្រុងយេរូ‌សាឡឹម

ព្រះ‌អង្គសង្គ្រោះក្រុងនេះ

មិនឲ្យវិនាសអន្តរាយឡើយ។

6 កូនចៅអ៊ីស្រា‌អែលអើយ! អ្នករាល់គ្នាបានងាកចេញយ៉ាងឆ្ងាយពីព្រះ‌អម្ចាស់ ចូរនាំគ្នាវិលមករកព្រះ‌អង្គវិញ!

7 អ្នករាល់គ្នាបានប្រព្រឹត្តអំពើបាប ដោយឆ្លាក់រូបព្រះក្លែង‌ក្លាយធ្វើពីមាសពីប្រាក់។ ប៉ុន្តែ នៅថ្ងៃនោះ អ្នករាល់គ្នានឹងបោះបង់រូបព្រះក្លែង‌ក្លាយ។

8 ជន‌ជាតិអាស្ស៊ីរីនឹងវិនាសដោយមុខដាវ

តែមិនមែនជាដាវរបស់មនុស្សទេ

គឺពួកគេមិនស្លាប់ដោយមុខដាវ

របស់មនុស្សឡើយ។

ពួកអាស្ស៊ីរីនឹងបាក់ទ័ព

ហើយទាហានក្មេងៗរបស់ពួកគេ

នឹងក្លាយទៅជាឈ្លើយសឹក។

9 ស្ដេចរបស់ពួកគេនឹងរត់ទៅ ទាំងភ័យញាប់ញ័រ

មេ‌ទ័ពរបស់ពួកគេនឹងញ័ររន្ធត់

នៅមុខទង់ជ័យរបស់ព្រះ‌អង្គ ។

នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់

ដែលប្រជា‌ជនគោរពបម្រើនៅភ្នំស៊ីយ៉ូន

ហើយដុតតង្វាយថ្វាយព្រះ‌អង្គ

នៅក្រុងយេរូ‌សាឡឹម។