អេសាយ 36

ស្ដេចស្រុកអាស្ស៊ីរីឡោម‌ព័ទ្ធក្រុងយេរូ‌សាឡឹម

1 នៅឆ្នាំទីដប់‌បួននៃរជ្ជកាលព្រះ‌បាទហេ‌សេគា ព្រះ‌ចៅសានហេ‌រីប ជាស្ដេចស្រុកអាស្ស៊ីរី បានលើកទ័ពមកវាយដណ្ដើមយកក្រុងទាំងប៉ុន្មាន ដែលមានកំពែងរឹង‌មាំ នៅស្រុកយូដា។

2 បន្ទាប់មក ស្ដេចស្រុកអាស្ស៊ីរីចាត់មេ‌ទ័ពមួយរូបពីកន្លែងបោះទ័ពនៅឡាគីស ឲ្យមកជួបព្រះ‌បាទហេ‌សេគានៅក្រុងយេរូ‌សាឡឹម ទាំងនាំកង‌ពលយ៉ាងច្រើនមកជាមួយផង។ គាត់ឈរនៅក្បែរព្រែកជីក ដែលនៅជាប់នឹងស្រះខាងលើ តាមផ្លូវទៅចម្ការរបស់អ្នកជ្រលក់ល័ក្ខ។

3 ពេលនោះ លោកអេលា‌គីម ជាកូនរបស់លោកហ៊ីលគី‌យ៉ា ដែលជាអ្នកមើលខុសត្រូវលើព្រះ‌បរម‌រាជ‌វាំង ចេញទៅជួបមេ‌ទ័ពរបស់ស្ដេចស្រុកអាស្ស៊ីរីនោះ ដោយមានលោកសេបណាជាស្មៀនហ្លួង ព្រមទាំងលោកយ៉ូអាជាកូនរបស់លោកអេសាភ និងជាអ្នកនាំពាក្យរបស់ស្ដេចទៅជាមួយផង។

4 មេ‌ទ័ពរបស់ព្រះចៅសានហេ‌រីបពោលថា៖ «សូមអស់លោកទៅទូលព្រះ‌បាទហេ‌សេគាដូចតទៅ: ព្រះ‌មហា‌ក្សត្រា‌ធិរាជ គឺព្រះ‌មហា‌ក្សត្ររបស់ស្រុកអាស្ស៊ីរី មានរាជ‌ឱង្ការថា តើព្រះ‌ករុណាមានអ្វីបានជាមានព្រះ‌ហឫទ័យអង់‌អាចបែបនេះ?

5 ព្រះ‌ករុណាស្មានថា ពាក្យសម្ដីអាចជំនួសក្រុមប្រឹក្សាយោធា និងកម្លាំងទ័ព ក្នុងការធ្វើសឹកសង្គ្រាមបានឬ? តើព្រះ‌ករុណាពឹងផ្អែកលើនរណាបានជាហ៊ានបះ‌បោរនឹងយើងដូច្នេះ?

6 ព្រះ‌ករុណាទុកចិត្តលើស្រុកអេស៊ីប ដែលប្រៀបដូចជាដើមត្រែងបាក់ឬ? អស់អ្នកដែលទុកចិត្តលើព្រះ‌ចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីប ប្រៀបបាននឹងមនុស្សដែលច្រត់ដៃលើដើមត្រែងបាក់ គឺនាំឲ្យតែធ្លុះបាតដៃប៉ុណ្ណោះ។

7 ព្រះ‌ករុណា ប្រហែលជាមានរាជ‌ឱង្ការមកយើងថា “ពួកយើងទុកចិត្តលើព្រះ‌អម្ចាស់ជាព្រះរបស់យើង!”។ ប៉ុន្តែ ព្រះ‌ករុណាបានបញ្ជាឲ្យគេកម្ទេចកន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ និងអាសនៈរបស់ព្រះនេះ ហើយថែមទាំងបញ្ជាអ្នកស្រុកយូដា និងអ្នកក្រុងយេរូ‌សាឡឹម ឲ្យក្រាបថ្វាយ‌បង្គំតែនៅមុខអាសនៈមួយនោះ មែនឬមិនមែន?

8 ឥឡូវនេះ សុំព្រះ‌ករុណាសាកល្បងភ្នាល់ជាមួយព្រះចៅក្រុងអាស្ស៊ីរី ជាអម្ចាស់របស់ទូលបង្គំទៅ នោះទូលបង្គំនឹងថ្វាយសេះពីរពាន់ក្បាល ប្រសិនបើព្រះ‌ករុណារកអ្នកជិះបាន!

9 សូម្បីតែមេ‌ទ័ពអាស្ស៊ីរីម្នាក់ដែលខ្សោយជាងគេ ក៏ព្រះ‌ករុណាវាយមិនឈ្នះផង ទោះបីព្រះ‌ករុណាពឹងលើរទេះចំបាំង និងកង‌ទ័ពសេះរបស់ស្រុកអេស៊ីបក៏ដោយ។

10 មួយវិញទៀត យើងលើកទ័ពមកវាយកម្ទេចស្រុកនេះ ស្របតាមព្រះ‌ហឫទ័យរបស់ព្រះ‌អម្ចាស់ដ្បិតព្រះ‌អង្គបង្គាប់ឲ្យយើងមកវាយកម្ទេចស្រុកនេះ»។

11 ពេលនោះ លោកអេលា‌គីម លោកសេបណា និងលោកយ៉ូអា ពោលទៅកាន់មេ‌ទ័ពអាស្ស៊ីរីថា៖ «សូមលោកមេត្តាមានប្រសាសន៍មកយើងខ្ញុំជាភាសាអើរ៉ាមមក ដ្បិតយើងខ្ញុំស្ដាប់ភាសាលោកបាន តែសូមកុំមានប្រសាសន៍ជាភាសាយូដា ក្រែងប្រជា‌ជននៅតាមកំពែងក្រុងឮ»។

12 មេ‌ទ័ពអាស្ស៊ីរីតបវិញថា៖ «ព្រះ‌មហា‌ក្សត្ររបស់យើងប្រើយើងឲ្យមកនេះ មិនមែនគ្រាន់តែនាំពាក្យមកទូលស្ដេចរបស់អស់លោក ឬក៏ប្រាប់អស់លោកផ្ទាល់ប៉ុណ្ណោះទេ គឺស្ដេចឲ្យយើងមកប្រាប់អ្នកទាំងអស់ ដែលស្ថិតនៅតាមកំពែងនេះ។ អ្នកទាំងនោះកំពុងតែស៊ីលាមកខ្លួនឯង ហើយផឹកទឹកនោមខ្លួនឯងដូចអស់លោកដែរ»។

13 បន្ទាប់មក មេ‌ទ័ពអាស្ស៊ីរីនោះឈរស្រែកក្ដែងៗយ៉ាងអស់ទំហឹង ជាភាសាយូដាថា៖ «ចូរនាំគ្នាស្ដាប់រាជ‌ឱង្ការរបស់ព្រះ‌មហា‌ក្សត្រា‌ធិរាជ គឺព្រះ‌ចៅក្រុងអាស្ស៊ីរី ដូចតទៅ:

14 ព្រះ‌ករុណាមានរាជ‌ឱង្ការថា: កុំទុកឲ្យស្ដេចហេសេ‌គាបោកប្រាស់អ្នករាល់គ្នាឡើយ ដ្បិតស្ដេចនេះពុំអាចរំដោះអ្នករាល់គ្នាជាដាច់ខាត

15 កុំទុកឲ្យស្ដេចហេសេ‌គានាំអ្នករាល់គ្នាទុកចិត្តលើព្រះ‌អម្ចាស់ដោយពោលថា “ព្រះ‌អម្ចាស់ពិតជារំដោះយើង ព្រះ‌អង្គមិនបណ្ដោយឲ្យក្រុងនេះធ្លាក់ក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស្ស៊ីរីឡើយ”។

16 កុំស្ដាប់ស្ដេចហេសេ‌គាឲ្យសោះ ដ្បិតព្រះ‌ចៅក្រុងអាស្ស៊ីរីមានរាជ‌ឱង្ការថា “ចូរនាំគ្នាចុះសន្ធិ‌សញ្ញាសុំសន្តិ‌ភាពពីយើង ចូរនាំគ្នាមកចុះចូលនឹងយើងទៅ នោះអ្នករាល់គ្នានឹងបានបរិភោគផ្លែទំពាំង‌បាយជូរ និងផ្លែឧទុម្ពរ*របស់ខ្លួន ព្រមទាំងផឹកទឹកពីអណ្ដូងរបស់ខ្លួនដែរ

17 រួចហើយ យើងនឹងមកនាំអ្នករាល់គ្នាយកទៅនៅស្រុកមួយទៀត ដែលសម្បូណ៌សប្បាយដូចស្រុករបស់អ្នករាល់គ្នា គឺស្រុកពោរ‌ពេញដោយស្រូវ និងស្រាទំពាំង‌បាយជូរ ជាស្រុកសម្បូណ៌អាហារ និងចម្ការទំពាំង‌បាយជូរ”។

18 កុំទុកឲ្យស្ដេចហេសេ‌គាបញ្ឆោតអ្នករាល់គ្នា ដោយពោលថា “ព្រះ‌អម្ចាស់នឹងរំដោះយើង”នោះឡើយ ដ្បិតក្នុងចំណោមព្រះរបស់ប្រជា‌ជាតិទាំង‌ឡាយ គ្មានព្រះណាបានរំដោះស្រុកគេឲ្យរួចពីព្រះ‌ហស្ដរបស់ព្រះ‌ចៅក្រុងអាស្ស៊ីរីទាល់តែសោះ!

19 តើព្រះរបស់ក្រុងហា‌ម៉ាត ព្រះរបស់ក្រុងអើផាឌ ព្រះរបស់ពួកសេផា‌វែម ទៅណាបាត់អស់ហើយ? ម្ដេចក៏មិនឃើញព្រះទាំងនោះរំដោះក្រុងសាម៉ារី ឲ្យរួចពីកណ្ដាប់ដៃរបស់យើង?

20 ក្នុងចំណោមព្រះទាំងប៉ុន្មានរបស់ស្រុកទាំងនោះ គ្មានព្រះមួយណាបានរំដោះស្រុករបស់ខ្លួនឲ្យរួចផុតពីកណ្ដាប់ដៃរបស់យើងឡើយ។ ដូច្នេះព្រះ‌អម្ចាស់ក៏ពុំអាចរំដោះក្រុងយេរូ‌សាឡឹមឲ្យរួចពីកណ្ដាប់ដៃរបស់យើងដែរ!»។

21 ប្រជា‌ជននៅស្ងៀមស្ងាត់ទាំងអស់គ្នា គ្មាននរណាឆ្លើយទៅមេ‌ទ័ពអាស្ស៊ីរីឡើយ ដ្បិតព្រះ‌បាទហេ‌សេគា បង្គាប់ពួកគេមិនឲ្យឆ្លើយតបនឹងមេ‌ទ័ពនោះជាដាច់ខាត។

22 លោកអេលា‌គីម ជាកូនរបស់លោកហ៊ីលគី‌យ៉ា ដែលជាអ្នកមើលខុសត្រូវលើព្រះ‌បរម‌រាជវាំង លោកសេបណា ជាស្មៀនហ្លួង ព្រមទាំងលោកយ៉ូអា ជាកូនរបស់លោកអេសាភ និងជាអ្នកនាំពាក្យរបស់ព្រះ‌រាជា នាំគ្នាវិលទៅគាល់ព្រះ‌បាទហេ‌សេគាវិញ ទាំងហែកសម្លៀក‌បំពាក់ ហើយទូលថ្វាយព្រះ‌រាជានូវពាក្យរបស់មេ‌ទ័ពស្ដេចស្រុកអាស្ស៊ីរី។