អេសាយ 44

មានតែព្រះ‌អម្ចាស់ប៉ុណ្ណោះដែលពិតជាព្រះ‌ជាម្ចាស់

1 កូនចៅយ៉ាកុបជាអ្នកបម្រើរបស់យើង

ប្រជា‌ជនអ៊ីស្រា‌អែល

ដែលយើងបានជ្រើសរើសអើយ

ឥឡូវនេះ ចូរស្ដាប់យើង!

2 ព្រះ‌អម្ចាស់ដែលបានបង្កើតអ្នក

ព្រះ‌អង្គដែលបានសូនអ្នកតាំងពីក្នុងផ្ទៃម្ដាយ

ព្រះ‌អង្គដែលជួយអ្នក ទ្រង់មានព្រះ‌បន្ទូលថា:

យ៉ាកុបជាអ្នកបម្រើរបស់យើង

យេស៊ូ‌រូន ដែលយើងបានស្រោចស្រង់អើយ

កុំភ័យខ្លាចអ្វីឡើយ!

3 យើងនឹងចាក់បង្ហូរទឹកទៅលើដីបែកក្រហែង

យើងនឹងធ្វើឲ្យមានទឹកហូរ

នៅលើដីហួត‌ហែង

យើងនឹងចាក់បង្ហូរព្រះ‌វិញ្ញាណរបស់យើង

ទៅលើពូជ‌ពង្សអ្នក

ព្រមទាំងឲ្យពរដល់កូនចៅរបស់អ្នកផង។

4 កូនចៅរបស់អ្នកនឹងចម្រើនឡើង

ដូចស្មៅត្រូវទឹកភ្លៀង

និងដូចរុក្ខ‌ជាតិដុះនៅតាមមាត់ស្ទឹង។

5 ពេលនោះ ម្នាក់ពោលថា

ខ្ញុំជាកូនចៅរបស់ព្រះ‌អម្ចាស់

ម្នាក់ទៀតថា ខ្លួនជាកូនចៅរបស់យ៉ាកុប

ម្នាក់ទៀតចារលើបាតដៃថា

“ខ្ញុំថ្វាយខ្លួនទៅព្រះ‌អម្ចាស់”

ព្រមទាំងមានមោទន‌ភាព

ព្រោះខ្លួនជាជន‌ជាតិអ៊ីស្រា‌អែល។

6 ព្រះ‌អម្ចាស់ជាព្រះ‌មហា‌ក្សត្ររបស់

ជន‌ជាតិអ៊ីស្រា‌អែល

គឺព្រះ‌អម្ចាស់នៃពិភពទាំងមូល

ដែលបានលោះជន‌ជាតិអ៊ីស្រា‌អែល

ទ្រង់មានព្រះ‌បន្ទូលថា:

យើងនៅមុនគេ ហើយនៅក្រោយគេបំផុត

ក្រៅពីយើង គ្មានព្រះណាទៀតឡើយ។

7 តើមានព្រះណាដូចយើង?

ឲ្យព្រះនោះបង្ហាញខ្លួន ហើយនិយាយមក!

គឺត្រូវរៀបរាប់អំពីហេតុ‌ការណ៍ដែលកើតមាន

ចាប់ពីពេលយើងបង្កើតប្រជា‌ជន

តាំងពីអស់‌កល្បរៀងមក

ព្រមទាំងរៀបរាប់អំពីហេតុ‌ការណ៍

ដែលនឹងកើតមាននៅគ្រាខាងមុខដែរ។

8 កុំញ័ររន្ធត់ កុំភ័យខ្លាចអ្វីឡើយ

តាំងពីដើមរៀងមក

យើងតែងតែប្រាប់ឲ្យអ្នករាល់គ្នាដឹងជា‌និច្ច

អ្នករាល់គ្នាជាសាក្សីរបស់យើងស្រាប់ហើយ

ក្រៅពីយើង តើមានព្រះណាទៀតទេ?

ទេ! គ្មានថ្ម‌ដាណាទៀតឡើយ

យើងមិនដែលបានស្គាល់ទាល់តែសោះ។

អ្នកបង្កើតរូបបដិមា

9 អស់អ្នកដែលឆ្លាក់រូបបដិមា

សុទ្ធតែជាមនុស្សឥតបានការ

រីឯស្នា‌ដៃដែលគេចាត់ទុកថាមានតម្លៃ

ក៏គ្មានសារប្រយោជន៍អ្វីដែរ។

រូបព្រះទាំងនោះជាសាក្សីរបស់ពួកគេ

តែជាសាក្សីដែលមិនចេះមើល

ហើយក៏មិនដឹងអ្វីដែរ

គឺគ្រាន់តែធ្វើឲ្យពួកគេខកចិត្តប៉ុណ្ណោះ។

10 អ្នកសូនរូបព្រះក្លែង‌ក្លាយ ឬសិតរូបបដិមា

ដែលពុំអាចផ្ដល់សារប្រយោជន៍អ្វីសោះ

ពិតជាមនុស្សល្ងី‌ល្ងើមែន!

11 រីឯអស់អ្នកដែលថ្វាយ‌បង្គំរូបទាំងនោះ

នឹងត្រូវអាម៉ាស់

ដ្បិតអ្នកឆ្លាក់រូបទាំងនោះសុទ្ធតែជាមនុស្ស។

ទុកឲ្យពួកគេប្រមូលគ្នា

ឲ្យគេជួប‌ជុំគ្នាទៅ

ពួកគេនឹងត្រូវញាប់ញ័រ ហើយអាម៉ាស់មុខ។

12 ជាងដែកយកលោហ‌ធាតុមកដុត

ដំនឹងញញួរធ្វើជារូប។

អ្នកនោះខំប្រឹងធ្វើការយ៉ាងស្វាហាប់

ក៏ប៉ុន្តែ បើគេមិនបរិភោគ គេមុខជាអស់កម្លាំង

បើគេមិនផឹកទឹក គេមុខជានឿយ‌ហត់។

13 ជាងឈើលាតសន្ធឹងខ្សែមកវាស់ឈើ

និងគូររូបពីលើ

ហើយយកពន្លាកមកដាប់ឈើនោះ

តាមរូបរាង និងភិន‌ភាគដូចមនុស្ស

រួចយកទៅតម្កល់នៅក្នុងវិហារមួយ។

14 គេកាប់ដើមឈើដ៏ធំៗ

គេជ្រើសរើសយកឈើខ្លឹមដ៏មានតម្លៃ

ពីចំណោមដើមឈើទាំង‌ឡាយនៅក្នុងព្រៃ។

គេដាំដើមស្រល់

ហើយភ្លៀងបានធ្វើឲ្យដុះលូតលាស់ឡើង។

15 មនុស្ស‌ម្នាយកឈើទាំងនោះមកប្រើជាអុស

សម្រាប់កម្ដៅផ្ទះ និងចំអិនម្ហូបអាហារ។

គេក៏យកឈើនោះឆ្លាក់ធ្វើរូបព្រះ

សម្រាប់ក្រាបថ្វាយ‌បង្គំ

និងធ្វើជារូបបដិមាសម្រាប់គោរពបូជា។

16 គេយកឈើមួយចំណែកទៅធ្វើជាអុស

អាំងសាច់បរិភោគចំអែតក្រពះ

ហើយក៏ប្រើសម្រាប់កម្ដៅរូបរាងកាយ

ទាំងពោលថា “មើល៍ អណ្ដាតភ្លើងនេះធ្វើឲ្យខ្ញុំកក់ក្ដៅស្រួលណាស់!”។

17 រីឯឈើមួយចំណែកទៀត គេយកទៅធ្វើជា

រូបបដិមា ជាព្រះរបស់ខ្លួន រួចក្រាបថ្វាយ‌បង្គំ

គេគោរពបម្រើរូបនោះ និងទូល‌អង្វរថា

“សូមរំដោះទូលបង្គំផង!

ដ្បិតព្រះ‌អង្គជាព្រះរបស់ទូលបង្គំ!”។

18 អ្នកទាំងនោះមិនយល់ និងមិនរិះគិតពិចារណា

ព្រោះភ្នែកគេងងឹតមើលអ្វីពុំឃើញ

ហើយចិត្តគំនិតរបស់គេក៏ពុំយល់អ្វីដែរ។

19 គ្មាននរណាម្នាក់ចាប់អារម្មណ៍ រិះគិត

និងពិចារណា រួចពោលថា

“ខ្ញុំបានដុតឈើអស់ពាក់កណ្ដាល

ខ្ញុំដុតនំបុ័ងនៅលើរងើកភ្លើង

ខ្ញុំអាំងសាច់បរិភោគ។

រីឯឈើពាក់កណ្ដាលទៀតដែលនៅសល់

ខ្ញុំយកទៅធ្វើជារូបព្រះគួរស្អប់ខ្ពើម

រួចខ្ញុំនឹងក្រាបថ្វាយ‌បង្គំរូបឈើនោះ”។

20 គេចាប់ចិត្តនឹងអ្វីដែលជាផេះ

ចិត្តគំនិតលេលារបស់គេនាំខ្លួនគេឲ្យ

វង្វេងវង្វាន់លែងដឹងអ្វីសោះ។

រូបព្រះរបស់គេពុំអាចរំដោះគេបានទេ

ប៉ុន្តែ គេមិនថា រូបដែលគេកាន់នេះ

ជាព្រះក្លែង‌ក្លាយឡើយ។

ព្រះ‌អម្ចាស់តែមួយគត់ ជាព្រះ‌ជាម្ចាស់ និងជាព្រះ‌សង្គ្រោះមនុស្សលោក

21 អ៊ីស្រា‌អែលដែលជាកូនចៅយ៉ាកុបអើយ

ចូរចងចាំថា អ្នកជាអ្នកបម្រើរបស់យើង

យើងបានបង្កើតអ្នក ដើម្បីឲ្យបម្រើយើង

អ៊ីស្រា‌អែលអើយ

យើងនឹងមិនបំភ្លេចអ្នកចោលឡើយ!

22 យើងលុបបំបាត់ទោស និងកំហុសរបស់អ្នក

ដូចពពករសាត់បាត់ទៅ

ចូរវិលត្រឡប់មករកយើងវិញ

ដ្បិតយើងបានលោះអ្នកហើយ។

23 ផ្ទៃមេឃអើយ ចូរនាំគ្នាស្រែកហ៊ោឡើង

ដ្បិតព្រះ‌អម្ចាស់បានធ្វើអន្តរា‌គមន៍ហើយ

ទីជម្រៅនៃផែនដីអើយ ចូរបន្លឺសំឡេងឡើង

ភ្នំទាំង‌ឡាយអើយ ចូរស្រែកអឺង‌កងឡើង

រីឯព្រៃព្រឹក្សា និងរុក្ខ‌ជាតិទាំងអស់

ក៏ត្រូវបន្លឺសំឡេងរួមជាមួយគ្នាដែរ

ដ្បិតព្រះ‌អម្ចាស់បានលោះកូនចៅរបស់

លោកយ៉ាកុបហើយ

ព្រះ‌អង្គបានសម្តែងសិរី‌រុងរឿងរបស់ព្រះ‌អង្គ

ដោយសង្គ្រោះជន‌ជាតិអ៊ីស្រា‌អែល។

ព្រះ‌អម្ចាស់បានតែង‌តាំងស្ដេចស៊ីរូស

24 ព្រះ‌អម្ចាស់ដែលបានលោះអ្នក

គឺព្រះ‌អង្គដែលបានបង្កើតអ្នកតាំងពីក្នុង

ផ្ទៃម្ដាយមក ទ្រង់មានព្រះ‌បន្ទូលដូចតទៅ:

“យើងជាព្រះ‌អម្ចាស់ដែលបានបង្កើត

អ្វីៗទាំងអស់ យើងបានលាតផ្ទៃមេឃ

ហើយយើងក៏បានសន្ធឹងផែនដី

ដោយខ្លួនយើងផ្ទាល់។

25 យើងធ្វើឲ្យទំនាយរបស់គ្រូ‌ហោរ

ទៅជាឥតបានការ

យើងធ្វើឲ្យពួកគ្រូទាយវង្វេងវង្វាន់

យើងនឹងរំលាយគម្រោង‌ការរបស់ពួកអ្នកប្រាជ្ញ

ដោយធ្វើឲ្យចំណេះរបស់គេ

ក្លាយទៅជាការលេលាទៅវិញ។

26 យើងបំពេញតាមពាក្យសម្ដីអ្នកបម្រើរបស់យើង

ហើយធ្វើឲ្យគម្រោង‌ការរបស់អស់អ្នកដែល

យើងចាត់ឲ្យមកនោះ បានសម្រេច។

យើងថ្លែងអំពីក្រុងយេរូ‌សាឡឹមថា

ចូរឲ្យមានប្រជា‌ជនរស់នៅក្នុងក្រុងនេះវិញ

យើងថ្លែងអំពីក្រុងនានាក្នុងស្រុកយូដាថា

ចូរសង់ក្រុងទាំងនោះឡើងវិញ

យើងនឹងធ្វើឲ្យអ្វីៗដែលបាក់បែក

មានរូបរាងឡើងវិញ។

27 យើងបង្គាប់មហា‌សាគរឲ្យរីងស្ងួត

ហើយធ្វើឲ្យទន្លេរីង។

28 យើងនិយាយអំពីស្ដេចស៊ីរូសថា

អ្នកនេះជាមេដឹកនាំដែលយើងបានតែង‌តាំង។

គាត់នឹងបំពេញអ្វីៗតាមចិត្ត

ដែលយើងប្រាថ្នាចង់បាន

គាត់នឹងបញ្ជាឲ្យគេសង់ក្រុងយេរូ‌សាឡឹម

និងព្រះ‌វិហារឡើងវិញ”។