អេសាយ 45

1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលទៅ

ស្ដេចស៊ីរូស ដែលព្រះ‌អង្គបាន

ចាក់ប្រេងអភិសេកនោះថា៖

«យើងកាន់ដៃស្ដាំរបស់អ្នក

យើងបង្ក្រាបប្រជា‌ជាតិនានានៅចំពោះមុខអ្នក

ហើយដកអាវុធពីស្ដេចទាំង‌ឡាយ

ព្រមទាំងបើកទ្វារក្រុងចំហនៅចំពោះមុខអ្នក

រហូតតរៀងទៅ។

2 យើងនឹងដើរនៅមុខអ្នក

យើងនឹងពង្រាបកន្លែងរដិប‌រដុបឲ្យរាបស្មើ

យើងនឹងបំបាក់ទ្វារលង្ហិនទាំង‌ឡាយ

ព្រមទាំងកម្ទេចរនុកដែកឲ្យខ្ទេចផង។

3 យើងនឹងប្រគល់មាសប្រាក់

ដែលគេកប់ទុកក្នុងទីងងឹតមកឲ្យអ្នក

ព្រមទាំងប្រគល់ទ្រព្យសម្បត្តិដែល

គេទុកក្នុងទីលាក់កំបាំងមកឲ្យអ្នកដែរ។

ដូច្នេះ អ្នកនឹងដឹងថាយើងពិតជាព្រះ‌អម្ចាស់

ជាព្រះរបស់ជន‌ជាតិអ៊ីស្រា‌អែល

ដែលហៅអ្នកមកតាមឈ្មោះរបស់អ្នក។

4 យើងហៅអ្នកចំឈ្មោះ

ព្រមទាំងប្រគល់តំណែងដ៏ខ្ពង់‌ខ្ពស់ឲ្យអ្នក

ទោះបីអ្នកមិនស្គាល់យើងក៏ដោយ

ព្រោះយើងអាណិតកូនចៅរបស់យ៉ាកុប

ជាអ្នកបម្រើរបស់យើង

គឺជន‌ជាតិអ៊ីស្រា‌អែលដែលយើងបានជ្រើសរើស។

5 យើងនេះហើយជាព្រះ‌អម្ចាស់

គ្មានព្រះ‌អម្ចាស់ណាផ្សេងទៀតឡើយ

ក្រៅពីយើង គ្មានព្រះ‌ជាម្ចាស់ណាទេ

ទោះបីអ្នកមិនស្គាល់យើងក្ដី

ក៏យើងបានប្រគល់ឲ្យអ្នកមានឫទ្ធិអំណាច

6 ដើម្បីឲ្យមនុស្សក្នុងពិភពលោកទាំងមូល

តាំងពីទិសខាងកើតដល់ទិសខាងលិច

ទទួលស្គាល់ថា ក្រៅពីយើង

ព្រះឯទៀតៗសុទ្ធតែឥតបានការ។

យើងនេះហើយជាព្រះ‌អម្ចាស់

គ្មានព្រះ‌អម្ចាស់ណាផ្សេងទៀតឡើយ។

7 យើងបង្កើតពន្លឺ និងភាពងងឹត

យើងធ្វើឲ្យមានសេចក្ដីសុខ និងទុក្ខវេទនា

គឺយើងនេះហើយជាព្រះ‌អម្ចាស់

ដែលប្រព្រឹត្តការទាំងនេះ។

8 ចូរឲ្យផ្ទៃមេឃសម្រក់សេចក្ដីសុចរិតចុះមក

ដូចទឹកសន្សើម

ចូរឲ្យពពកបង្អុរសេចក្ដីសុចរិតចុះមក

ដូចទឹកភ្លៀង

ចូរឲ្យផែនដីបើកចំហ

ដើម្បីឲ្យការសង្គ្រោះរីកចម្រើនឡើង

និងឲ្យសេចក្ដីសុចរិត

ពន្លកចេញជាមួយគ្នាដែរ។

យើងនេះហើយជាព្រះ‌អម្ចាស់

ដែលបានបង្កើតអ្នកនោះមក»។

9 អ្នកណាប្រឆាំងនឹងព្រះដែលបានបង្កើតខ្លួន

អ្នកនោះមុខជាវេទនាពុំ‌ខាន!

អ្នកនោះកើតពីដី មិនខុសពីអ្នកឯទៀតៗទេ។

មិនដែលមានដីឥដ្ឋណាពោលទៅកាន់ជាងស្មូន

ដែលកំពុងតែសូនខ្លួនថា តើអ្នកធ្វើអ្វីហ្នឹង!

ថ្វីដៃរបស់អ្នកគ្មានបានការអ្វីទេ!

10 អ្នកណាពោលទៅកាន់ឪពុកម្ដាយរបស់ខ្លួនថា

“ម្ដេចក៏បង្កើតកូនបែបនេះមក”

អ្នកនោះមុខជាត្រូវវេទនាពុំ‌ខាន។

11 រីឯព្រះ‌អម្ចាស់ជាព្រះដ៏‌វិសុទ្ធរបស់

ជន‌ជាតិអ៊ីស្រា‌អែល

ជាព្រះដែលបានបង្កើតជន‌ជាតិនេះមក

ទ្រង់មានព្រះ‌បន្ទូលថា

“តើអ្នករាល់គ្នាចង់សាកសួរយើង

អំពីកិច្ចការដែលយើងត្រូវធ្វើ

នៅពេលអនាគត សម្រាប់កូនចៅរបស់យើងឬ?

អ្នករាល់គ្នាចង់បញ្ជាយើងអំពីកិច្ចការ

ដែលយើងត្រូវធ្វើឬ?

12 យើងនេះហើយដែលបានបង្កើតផែនដី

ព្រមទាំងបានបង្កើតមនុស្សឲ្យរស់

នៅលើផែនដីនេះផង

យើងបានលាតសន្ធឹងផ្ទៃមេឃ

ដោយដៃរបស់យើងផ្ទាល់

ហើយយើងក៏បញ្ជាហ្វូង‌តារាទាំងប៉ុន្មាន

នៅលើមេឃដែរ”។

13 ព្រះ‌អម្ចាស់នៃពិភពទាំងមូលមានព្រះ‌បន្ទូលថា

“យើងនេះហើយដែលលើកស្ដេចស៊ីរូសឡើង

តាមសេចក្ដីសុចរិតរបស់យើង

យើងពង្រាបផ្លូវទាំងប៉ុន្មានឲ្យស្ដេចនោះ។

ស្ដេចនោះនឹងសង់ក្រុងរបស់យើងឡើងវិញ

ព្រមទាំងបើកឲ្យប្រជា‌ជនរបស់យើង

ដែលជាប់ជាឈ្លើយសឹកវិលមកស្រុកវិញ

ដោយមិនបាច់បង់ពិន័យ

ឬក៏ជូនសគុណអ្វីឡើយ”។

14 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា:

សម្បត្តិរបស់ស្រុកអេស៊ីប

និងភោគទ្រព្យរបស់ស្រុកអេត្យូ‌ពី

រីឯប្រជា‌ជនមានមាឌខ្ពស់ៗមកពីស្រុកសេបា

នឹងឆ្លងកាត់តាមអ្នក

ហើយក្លាយទៅជាទ្រព្យសម្បត្តិរបស់អ្នក។

ប្រជា‌ជាតិទាំងនោះនឹងដើរតាមក្រោយអ្នក

ទាំងជាប់ច្រវាក់

គេនាំគ្នាក្រាបនៅចំពោះមុខអ្នក

ហើយប្រកាសប្រាប់អ្នកថា:

“ព្រះ‌ជាម្ចាស់គង់នៅជាមួយអស់លោកពិតមែន

ក្រៅពីព្រះ‌អង្គ គ្មានព្រះណាទៀតទេ

ដ្បិតព្រះទាំង‌ឡាយសុទ្ធតែឥតបានការ។

15 ឱព្រះរបស់ជន‌ជាតិអ៊ីស្រា‌អែល

ដែលជាព្រះ‌សង្គ្រោះអើយ

មនុស្សលោកពិបាករកឃើញព្រះ‌អង្គណាស់!

16 អស់អ្នកដែលសូនធ្វើរូបបដិមា

ត្រូវអាម៉ាស់ និងបាក់មុខគ្រប់ៗគ្នា

ពួកគេចេញទៅទាំងអៀនខ្មាសជាខ្លាំង។

17 ចំណែកឯជន‌ជាតិអ៊ីស្រា‌អែលវិញ

គេបានទទួលការសង្គ្រោះពីព្រះ‌អម្ចាស់

ព្រះ‌អង្គសង្គ្រោះគេអស់‌កល្បជា‌និច្ច។

អ្នកមិនត្រូវអាម៉ាស់ ឬបាក់មុខសោះឡើយ”។

18 ព្រះ‌អម្ចាស់បានបង្កើតផ្ទៃមេឃ

ព្រមទាំងសូនផែនដី

ព្រះ‌អង្គបានពង្រឹងផែនដីឲ្យរឹង‌មាំ

ព្រះ‌អង្គមិនបានបង្កើតផែនដីមក

ដើម្បីឲ្យនៅទទេឡើយ

គឺព្រះ‌អង្គបានបង្កើតផែនដី

ឲ្យសត្វលោកស្នាក់អាស្រ័យនៅ។

ព្រះ‌អង្គមានព្រះ‌បន្ទូលថា:

“គឺយើងនេះហើយជាព្រះ‌អម្ចាស់

ក្រៅពីយើង គ្មានព្រះ‌អម្ចាស់ឯណាទៀតទេ។

19 យើងមិនដែលនិយាយដោយលាក់‌លៀម

ក្នុងទីងងឹតនៃផែនដីឡើយ។

យើងក៏មិនដែលប្រាប់ពូជ‌ពង្សរបស់យ៉ាកុប

ឲ្យស្វែងរកយើង នៅកន្លែង

ដែលគ្មានអ្វីសោះនោះដែរ។

យើងជាព្រះ‌អម្ចាស់យើងតែងនិយាយត្រឹមត្រូវ

អ្វីៗដែលយើងប្រកាសសុទ្ធតែពិតត្រង់”។

20 អ្នកសេស‌សល់ពីប្រជា‌ជាតិនានាអើយ

ចូរប្រមែ‌ប្រមូលគ្នាមក

ចូរនាំគ្នាខិតចូលមកជិត។

អស់អ្នកដែលសែងព្រះរបស់ខ្លួនធ្វើពីឈើ

ហើយបួង‌សួងព្រះដែលមិនអាចសង្គ្រោះ

សុទ្ធតែជាមនុស្សឥតដឹងអ្វីទាំងអស់។

21 ចូរយកសំណុំរឿង និងបង្ហាញភស្តុតាងមកមើល

ចូរពិភាក្សាគ្នាទៅ។

តាំងពីបុរាណកាលមក

តើនរណាបានប្រាប់ទុកជាមុន

នូវហេតុ‌ការណ៍ទាំងអំបាល‌ម៉ាន

ដែលកើតមាននៅពេលនេះ?

គឺមានតែយើងដែលជាព្រះ‌អម្ចាស់ប៉ុណ្ណោះ

ដែលបានប្រាប់ជាមុន

ក្រៅពីយើង គ្មានព្រះ‌ជាម្ចាស់ណាទៀតទេ។

យើងជាព្រះដ៏សុចរិត និងជាព្រះ‌សង្គ្រោះ

ក្រៅពីយើង គ្មានព្រះ‌សង្គ្រោះដ៏សុចរិត

ណាទៀតឡើយ។

22 អស់អ្នករស់នៅទីដាច់ស្រយាលនៃផែនដីអើយ

ចូរនាំគ្នាបែរមករកយើង

យើងនឹងសង្គ្រោះអ្នករាល់គ្នា

ដ្បិតយើងជាព្រះ‌ជាម្ចាស់

ក្រៅពីយើង គ្មានព្រះ‌ជាម្ចាស់ណាទៀតទេ។

23 អ្វីៗដែលយើងនិយាយចេញមក

សុទ្ធតែជាពាក្យសច្ចៈ

មិនអាចប្រែក្រឡាស់បានឡើយ។

យើងសុំប្រកាសយ៉ាងឱឡា‌រិក

ក្នុងនាមយើងផ្ទាល់ថា

មនុស្សលោកទាំងអស់នឹងក្រាបថ្វាយ‌បង្គំយើង

ហើយមនុស្សគ្រប់ភាសានាំគ្នាសច្ចាថា

នឹងគោរពបម្រើយើងដោយស្មោះ។

24 គេនឹងពោលថា

មានតែព្រះ‌អម្ចាស់មួយព្រះ‌អង្គទេ

ដែលមានព្រះ‌ហឫទ័យស្មោះ‌ស្ម័គ្រ

និងមានព្រះ‌ចេស្ដា។

រីឯអស់អ្នកដែលបានប្រឆាំងព្រះ‌អង្គ

នឹងមករកព្រះ‌អង្គទាំងអាម៉ាស់។

25 ពូជ‌ពង្សអ៊ីស្រា‌អែលទាំងមូលនឹងបានសុចរិត

ហើយខ្ពស់មុខដោយ‌សារព្រះ‌អម្ចាស់។