អេសាយ 46

ព្រះរបស់ជន‌ជាតិបាប៊ី‌ឡូន និងព្រះរបស់ជន‌ជាតិអ៊ីស្រា‌អែល

1 ព្រះបាលបរា‌ជ័យហើយ

ព្រះ‌នេបូក៏អស់ឫទ្ធិដែរ។

គេដឹករូបព្រះទាំងនោះ

ដោយដាក់នៅលើសត្វតិរច្ឆាន

ធ្វើឲ្យសត្វទាំងនោះនឿយ‌ហត់

ព្រោះមានបន្ទុកយ៉ាងធ្ងន់នៅលើខ្នងវា។

2 ព្រះទាំងនោះបរា‌ជ័យ និងអស់ឫទ្ធិ

ពួកគេមិនអាចរំដោះខ្លួនឯងបានឡើយ

ហើយពួកគេក៏ត្រូវដឹកទៅជាឈ្លើយសឹកដែរ។

3 អ្នកទាំងអស់គ្នាជាពូជ‌ពង្សអ៊ីស្រា‌អែល

ដែលនៅសេស‌សល់

កូនចៅយ៉ាកុបអើយ ចូរស្ដាប់យើង!

យើងបានថែទាំអ្នករាល់គ្នា

តាំងពីអ្នករាល់គ្នានៅក្នុងផ្ទៃម្ដាយ

យើងបានបីបាច់ថែ‌រក្សាអ្នករាល់គ្នា

តាំងពីពេលអ្នករាល់គ្នាកើតមកម៉្លេះ។

4 យើងនៅតែជួយគាំទ្រអ្នករាល់គ្នា

រហូតអស់មួយជីវិត

យើងមិនប្រែ‌ប្រួលឡើយ។

យើងនឹងបីបាច់ថែ‌រក្សាអ្នករាល់គ្នា

ដូចយើងបានធ្វើរួចមកហើយ

យើងជួយគាំទ្រ និងរំដោះអ្នករាល់គ្នា។

5 តើអ្នករាល់គ្នាប្រៀបប្រដូចយើងទៅព្រះណា

អ្នករាល់គ្នាយកព្រះណាមកផ្ទឹមស្មើនឹងយើង?

តើអ្នករាល់គ្នាចង់ឲ្យយើងដូចព្រះណា?

6 មានអ្នកខ្លះចាក់មាសអស់ពីថង់របស់ខ្លួន

ពួកគេថ្លឹងប្រាក់

ហើយជួលជាងមាសឲ្យសិតធ្វើរូបព្រះ

រួចនាំគ្នាគោរព និងក្រាបថ្វាយ‌បង្គំរូបនោះ។

7 ពួកគេលើករូបព្រះនោះសែងយកទៅតម្កល់

នៅកន្លែងរបស់វា

រូបព្រះនោះមិនកំរើកទៅណាឡើយ!

ទោះបីពួកគេស្រែកអង្វរយ៉ាងណា

ក៏រូបព្រះនោះមិនឆ្លើយ ហើយក៏មិនសង្គ្រោះ

ពួកគេឲ្យរួចពីភាពអាសន្នដែរ!

8 អ្នករាល់គ្នាដែលជាមនុស្សបះ‌បោរអើយ

ចូរនឹកចាំអំពីការនេះ

ចូរភ្ញាក់រលឹក ហើយរិះគិតពិចារណាឡើង។

9 ចូរនឹកចាំអំពីព្រឹត្តិ‌ការណ៍

ដែលកើតមាននៅគ្រាដើមដំបូង

ហើយដឹងថា យើងជាព្រះ‌ជាម្ចាស់

ក្រៅពីយើង គ្មានព្រះណាទៀតទេ

យើងជាព្រះ‌ជាម្ចាស់

គ្មានអ្វីផ្សេងទៀតអាចផ្ទឹមស្មើ

នឹងយើងបានឡើយ។

10 យើងបានប្រាប់ទុកជាមុន តាំងពីគ្រាដំបូង

នូវហេតុ‌ការណ៍ដែលនឹងកើតមានតាមក្រោយ

យើងប្រាប់ទុកជាមុនតាំងពីយូរ‌លង់

នូវហេតុ‌ការណ៍ដែលពុំទាន់កើតមាននៅឡើយ

យើងពោលថា គម្រោង‌ការរបស់យើង

មុខជាបានសម្រេចមិនខាន

យើងធ្វើអ្វីបានតាមចិត្តយើងប្រាថ្នា។

11 យើងហៅសត្វត្មាតមួយពីទិសខាងកើត

គឺបុរសម្នាក់ពីស្រុកឆ្ងាយដែលនឹងសម្រេចតាម

គម្រោង‌ការរបស់យើង។

អ្វីដែលយើងនិយាយ

យើងនឹងធ្វើឲ្យសម្រេចជារូបរាង

អ្វីដែលយើងគិត‌គូរ យើងមុខជាធ្វើមិនខាន។

12 មនុស្សមានចិត្តរឹង‌រូស ដែលនៅឆ្ងាយពី

សេចក្ដីសុចរិតអើយ ចូរស្ដាប់យើង!

13 យើងនឹងនាំសេចក្ដីសុចរិតរបស់យើងចូលមក

សេចក្ដីសុចរិតនេះនៅជិតបង្កើយ

ហើយយើងក៏នឹងនាំការសង្គ្រោះមកឆាប់ៗដែរ

យើងនឹងសង្គ្រោះក្រុងស៊ីយ៉ូន

យើងនឹងនាំស្រុកអ៊ីស្រា‌អែល

ឲ្យស្គាល់ភាពថ្កុំ‌ថ្កើង។