អេសាយ 47

ក្រុងបាប៊ី‌ឡូនជាប់ទោស

1 ក្រុងបាប៊ី‌ឡូនអើយ

អ្នករលំហើយ

ចូរអង្គុយនៅក្នុងធូលីដីទៅ!

ក្រុងរបស់ជន‌ជាតិខាល់ដេអើយ

ចូរអង្គុយផ្ទាល់នឹងដីនេះទៅ

អ្នកគ្មានបល្ល័ង្កទៀតទេ។

គេលែងហៅអ្នកថាជាក្រុងដ៏ល្អប្រណីត

ឬក្រុងដ៏សម្បូណ៌សប្បាយទៀតហើយ។

2 ចូរយកត្បាល់ពីរមកកិនម្សៅ

ចូរយកស្បៃចេញពីមុខ

ចូរលាត់សំពត់ឡើង ដើរឆ្លងទឹកទន្លេទៅ!

3 មនុស្ស‌ម្នានឹងឃើញកេរ‌ខ្មាសរបស់អ្នក

គេនឹងឃើញភាពអាម៉ាស់របស់អ្នក

យើងនឹងសង‌សឹកអ្នក យើងនឹងប្រហារអ្នក

ឥតមាននរណាឃាត់យើងបានឡើយ។

4 ព្រះដែលលោះយើងមានព្រះ‌នាមថា

«ព្រះ‌អម្ចាស់នៃពិភពទាំងមូល

ជាព្រះដ៏‌វិសុទ្ធរបស់ជន‌ជាតិអ៊ីស្រា‌អែល»

5 ក្រុងរបស់ជន‌ជាតិខាល់ដេអើយ

ចូរអង្គុយយ៉ាងស្ងៀមស្ងាត់

ចូរធ្លាក់ក្នុងទីងងឹតទៅ!

គេនឹងលែងហៅអ្នកថាជា

ម្ចាស់គ្រប់‌គ្រងលើនគរនានាទៀតហើយ។

6 ពីមុនយើងទាស់ចិត្តនឹងប្រជា‌រាស្ត្ររបស់យើង

យើងបានបំបាក់មុខប្រជា‌រាស្ត្រ

ដែលជាកេរ‌មត៌ករបស់យើង

ហើយប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នក

តែអ្នកពុំបានអាណិតមេត្តាពួកគេសោះ

អ្នកសង្កត់‌សង្កិនធ្វើបាបមនុស្សចាស់ជរា។

7 អ្នកពោលថា

“យើងជាម្ចាស់គ្រប់‌គ្រងជាអង្វែងតរៀងទៅ”

អ្នកពុំបានរិះគិតអំពីព្រឹត្តិ‌ការណ៍ទាំងនេះ

ឲ្យដិតដល់ទេ

គឺអ្នកពុំបានចងចាំថាព្រឹត្តិ‌ការណ៍នេះ

នឹងមានទីបញ្ចប់ឡើយ។

8 ក្រុងដែលធ្លាប់តែសម្បូណ៌សប្បាយ

គិតតែពីអួតក្អេង‌ក្អាងអើយ

អ្នកតែងគិតថា

“គ្មាននរណាផ្ទឹមស្មើនឹងអញទេ

អញនឹងមិនធ្លាក់ខ្លួនជាស្រីមេម៉ាយ

អញនឹងមិនបាត់បង់កូនចៅជាដាច់ខាត!”។

ក៏ប៉ុន្តែ ឥឡូវនេះ ចូរស្ដាប់!

9 ទុក្ខវេទនាទាំងពីរនេះនឹងកើតមានដល់អ្នក

យ៉ាងទាន់‌ហន់

គឺក្នុងថ្ងៃតែមួយ អ្នកនឹងបាត់បង់កូនចៅ

ហើយធ្លាក់ខ្លួនជាស្រីមេម៉ាយ។

ទុក្ខវេទនានេះនឹងកើតមានដល់អ្នក

គេចមិនផុតឡើយ

ទោះបីអ្នកមានមន្ត‌អាគម ឬមានគាថា

ការពារខ្លួនច្រើនយ៉ាងណាក៏ដោយ។

10 អ្នកពឹងផ្អែកលើពុត‌ត្បុតអាក្រក់របស់ខ្លួន

ហើយអ្នកតែងតែពោលថា

“គ្មាននរណាមើលអញឃើញទេ!”

ក៏ប៉ុន្តែ តម្រិះប្រាជ្ញារបស់អ្នកបានធ្វើឲ្យ

អ្នកបែរទៅជាវង្វេង

អ្នកគិតថា “គ្មាននរណាផ្ទឹមស្មើនឹងអញទេ!”។

11 ទុក្ខវេទនានឹងកើតមានដល់អ្នក

អ្នករកច្រកចេញពុំរួចឡើយ

មហន្ត‌រាយនឹងធ្លាក់មកលើអ្នក

ហើយអ្នកការពារខ្លួនពុំបានឡើយ

ការវិនាសដែលអ្នកនឹកស្មានមិនដល់

នឹងកើតមានដល់អ្នកយ៉ាងទាន់‌ហន់។

12 ចូរប្រើមន្ត‌អាគម‌គាថាដ៏ច្រើន ដែលអ្នកខិត‌ខំ

រៀនតាំងពីក្មេងនោះ បន្តទៀតទៅ!

ប្រហែលជាអ្នកអាចទាញយកផលប្រយោជន៍

ប្រហែលជាអ្នកអាចដេញចង្រៃឧប‌ទ្រពបាន!

13 ទោះបីមានគ្រូហោរជាច្រើនជួយគំនិតអ្នកក្ដី

ក៏អ្នកនៅតែឥតបានការដែរ

អ្នកទាំងនោះបែងចែកមេឃ សង្កេតមើលផ្កាយ

ហើយទស្សន៍‌ទាយរៀងរាល់ខែ

អំពីហេតុ‌ការណ៍ដែលត្រូវកើតមាន។

ចូរឲ្យពួកគេមកសង្គ្រោះអ្នកទៅ!

14 ប៉ុន្តែ អ្នកទាំងនោះប្រៀបបាននឹងចំបើង

ដែលត្រូវភ្លើងឆាប‌ឆេះ

គេមិនអាចដកខ្លួន

ឲ្យរួចផុតពីអណ្ដាតភ្លើងបានឡើយ

ដ្បិតភ្លើងនោះមិនមែនជាភ្លើង

សម្រាប់ចំអិនអាហារ

ឬសម្រាប់អាំងកម្ដៅខ្លួននោះឡើយ។

15 ពួកគ្រូហោរដែលអ្នកខំប្រឹងទៅរក

ឲ្យជួយមើល តាំងពីក្មេងរៀងមកនោះ

នឹងត្រូវវេទនាបែបនេះឯង

គឺពួកគេនឹងត្រូវវង្វេងខ្ចាត់ព្រាត់រៀងៗខ្លួន

គ្មាននរណាអាចសង្គ្រោះអ្នកបានឡើយ!។