អេសាយ 50

ព្រះ‌អម្ចាស់មិនបោះបង់អ៊ីស្រា‌អែលទេ

1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា:

លិខិតបញ្ជាក់ថា

យើងលែង‌លះម្ដាយអ្នករាល់គ្នានៅឯណា?

តើយើងលក់អ្នករាល់គ្នា

ដើម្បីសងបំណុលនរណា?

យើងបានលក់អ្នករាល់គ្នា

ព្រោះតែអំពើទុច្ចរិតដែលអ្នករាល់គ្នាប្រព្រឹត្ត

យើងបានលែង‌លះម្ដាយអ្នករាល់គ្នា

ព្រោះតែអ្នករាល់គ្នាបះ‌បោរ!

2 ពេលយើងមក ហេតុអ្វីបានជាមិនឃើញ

មាននរណាម្នាក់ដូច្នេះ?

យើងបានស្រែកហៅ

ហេតុអ្វីបានជាគ្មាននរណាឆ្លើយសោះ?

តើដៃរបស់យើងខ្លីពេក

រំដោះអ្នករាល់គ្នាពុំកើតឬ?

តើយើងគ្មានកម្លាំងល្មមនឹងដោះលែង

អ្នករាល់គ្នាឬ?

ពេលយើងស្រែកគំរាម នោះសមុទ្រក៏រីងស្ងួត

ទន្លេក្លាយទៅជាវាលរហោ‌ស្ថាន

ធ្វើឲ្យត្រីវិនាសអស់ ព្រោះគ្មានទឹក។

3 យើងអាចធ្វើឲ្យផ្ទៃមេឃប្រែជាងងឹត

ព្រមទាំងធ្វើឲ្យវាអាប់‌អួ

ដូចកាន់ទុក្ខទៀតផង។

អ្នកបម្រើរបស់ព្រះ‌អម្ចាស់ត្រូវគេធ្វើបាប តែព្រះ‌អង្គបានជួយសង្គ្រោះលោក

4 ព្រះ‌ជា‌អម្ចាស់បង្រៀនខ្ញុំឲ្យនិយាយ

ពាក្យសម្ដីជាសិស្ស

ដើម្បីឲ្យខ្ញុំលើកទឹកចិត្ត

មនុស្សដែលអស់សង្ឃឹម។

រៀងរាល់ព្រឹក ព្រះ‌អង្គរំឭកដាស់‌តឿនខ្ញុំ

ហើយអប់រំខ្ញុំឲ្យចេះស្ដាប់

ដូចសិស្សស្ដាប់ពាក្យគ្រូ។

5 ព្រះ‌ជា‌អម្ចាស់ណែ‌នាំខ្ញុំឲ្យយកចិត្តទុកដាក់ស្ដាប់

រីឯខ្ញុំវិញ ខ្ញុំមិនបានបះ‌បោរប្រឆាំង

ឬដកខ្លួនថយក្រោយឡើយ។

6 ខ្ញុំបានបែរខ្នងទៅឲ្យអ្នកដែលចង់វាយខ្ញុំ

ខ្ញុំបានបែរមុខទៅឲ្យអ្នកដែលចង់

បោចពុកចង្ការបស់ខ្ញុំ

ពេលគេប្រមាថមើល‌ងាយ

និងស្ដោះទឹកមាត់ដាក់ខ្ញុំ

ខ្ញុំមិនបានគេចមុខចេញឡើយ។

7 ព្រះ‌ជា‌អម្ចាស់យាងមកជួយខ្ញុំ

ហេតុនេះហើយបានជាខ្ញុំមិនបាក់មុខ

ខ្ញុំរក្សាទឹកមុខរឹង‌ប៉ឹង

ព្រោះខ្ញុំដឹងថា ខ្ញុំមិនត្រូវអាម៉ាស់ឡើយ។

8 ព្រះ‌អង្គដែលរកយុត្តិធម៌ឲ្យខ្ញុំ

ទ្រង់គង់នៅក្បែរខ្ញុំ

តើនរណាចង់ប្ដឹងខ្ញុំ?

សុំអញ្ជើញមក យើងទៅតុលាការជាមួយគ្នា!

តើនរណាចង់ចោទប្រកាន់ខ្ញុំ

សុំអញ្ជើញមកជួបខ្ញុំចុះ!

9 មែនហើយ!ព្រះ‌ជា‌អម្ចាស់យាងមកជួយខ្ញុំ

តើនរណាអាចផ្ដន្ទាទោសខ្ញុំ?

ពួកអ្នកដែលជំទាស់នឹងខ្ញុំមុខជាត្រូវហិន‌ហោច

ដូចសម្លៀក‌បំពាក់ដែលត្រូវកណ្ដៀរស៊ី។

10 ក្នុងចំណោមអ្នករាល់គ្នា

បើអ្នកណាគោរពកោតខ្លាចព្រះ‌អម្ចាស់

អ្នកនោះត្រូវស្ដាប់តាមអ្នកបម្រើរបស់ព្រះ‌អង្គ

បើអ្នកណាដើរក្នុងភាពងងឹត

ហើយមិនឃើញពន្លឺទេ

អ្នកនោះត្រូវពឹងផ្អែកលើព្រះ‌នាមព្រះ‌អម្ចាស់

និងផ្ញើជីវិតលើព្រះ‌អង្គចុះ!

11 រីឯអ្នកទាំងអស់គ្នាដែលបង្កាត់ភ្លើង

ហើយដុតព្រួញភ្លើង

អ្នករាល់គ្នាមុខជាត្រូវធ្លាក់ទៅក្នុងភ្លើងដែល

ឆេះយ៉ាងសន្ធោ‌សន្ធៅ

ព្រួញភ្លើងដែលអ្នករាល់គ្នាដុត

ក៏នឹងឆាប‌ឆេះអ្នករាល់គ្នាដែរ។

យើងដាក់ទោសអ្នករាល់គ្នា

ដោយដៃយើងផ្ទាល់ ហើយអ្នករាល់គ្នា

នឹងត្រូវស្លាប់យ៉ាងសែនវេទនា។