អេសាយ 55

ព្រះ‌អម្ចាស់ប្រោសប្រទានការសង្គ្រោះ

1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា:

អស់អ្នកដែលស្រេកទឹកអើយ

ចូរនាំគ្នាមករកទឹកឯ‌ណេះ!

ទោះបីអ្នករាល់គ្នាគ្មានប្រាក់ក៏ដោយ

ចូរមក ហើយពិសាទៅ។

ចូរមកយកអាហារបរិភោគ

ចូរនាំគ្នាមកយកស្រាទំពាំង‌បាយជូរ

និងទឹកដោះគោដោយមិនបាច់ចំណាយប្រាក់

ឬបង់ថ្លៃអ្វីឡើយ!

2 ហេតុអ្វីបានជាអ្នករាល់គ្នាយកប្រាក់ទៅទិញ

អាហារដែលមិនអាចចិញ្ចឹមជីវិត

ហេតុអ្វីបានជាអ្នករាល់គ្នាបង់កម្លាំង

រកអាហារដែលមិនអាចចំអែតក្រពះដូច្នេះ?

ចូរស្ដាប់យើង នោះអ្នករាល់គ្នានឹងបាន

បរិភោគអាហារយ៉ាងឆ្ងាញ់

ហើយសប្បាយចិត្តនឹងអាហារដ៏មានឱជា‌រស។

3 ចូរផ្ទៀងត្រចៀកស្ដាប់ ចូរនាំគ្នាមកជិតយើង

ចូរត្រង‌ត្រាប់ស្ដាប់

នោះអ្នករាល់គ្នានឹងមានជីវិត។

យើងនឹងចងសម្ពន្ធ‌មេត្រីមួយដែល

នៅស្ថិត‌ស្ថេរអស់‌កល្បជា‌និច្ចជាមួយអ្នករាល់គ្នា

ដើម្បីបញ្ជាក់នូវសេចក្ដីមេត្តាករុណារបស់យើង

ចំពោះដាវីឌ។

4 យើងបានតែង‌តាំងដាវីឌ

ឲ្យធ្វើជាសាក្សីរបស់យើង

នៅមុខកុល‌សម្ព័ន្ធទាំងអស់

ព្រមទាំងឲ្យធ្វើជាមគ្គទេសក៍

ដឹកនាំប្រជា‌ជាតិទាំង‌ឡាយ។

5 អ៊ីស្រា‌អែលអើយ អ្នកនឹងហៅប្រជា‌ជាតិមួយ

ដែលអ្នកមិនស្គាល់ពីមុនឲ្យមក

ហើយប្រជា‌ជាតិដែលមិនស្គាល់អ្នក

នឹងរត់មករកអ្នក

ព្រោះព្រះ‌អម្ចាស់ជាព្រះរបស់អ្នក

និងជាព្រះដ៏‌វិសុទ្ធរបស់ជន‌ជាតិអ៊ីស្រា‌អែល

ប្រទានឲ្យអ្នកបានថ្កុំ‌ថ្កើងរុងរឿង។

6 ចូរស្វែងរកព្រះ‌អម្ចាស់

ក្នុងពេលដែលព្រះ‌អង្គសព្វព្រះ‌ហឫទ័យ

ឲ្យអ្នករាល់គ្នារកព្រះ‌អង្គឃើញ

ចូរអង្វររកព្រះ‌អង្គ

ក្នុងពេលដែលទ្រង់គង់នៅជិតអ្នករាល់គ្នា។

7 មនុស្សអាក្រក់ត្រូវលះ‌បង់ផ្លូវរបស់ខ្លួន

មនុស្សពាលក៏ត្រូវលះ‌បង់ចិត្តគំនិតអាក្រក់ដែរ

អ្នកនោះត្រូវបែរមករកព្រះ‌អម្ចាស់វិញ

ព្រះ‌អង្គមុខជាមេត្តាករុណាដល់គេពុំ‌ខាន

ឲ្យតែគេងាកមករកព្រះនៃយើងវិញ

ដ្បិតព្រះ‌អង្គមានព្រះ‌ហឫទ័យទូលំទូលាយ

អត់‌ទោសឲ្យគេ។

8 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា:

គំនិតយើងខុសប្លែកពីគំនិតអ្នករាល់គ្នា

រីឯរបៀបដែលយើងប្រព្រឹត្ត ក៏ខុសប្លែកពី

របៀបដែលអ្នករាល់គ្នាប្រព្រឹត្តដែរ។

9 មេឃខ្ពស់ជាងផែនដីយ៉ាងណា

របៀបដែលយើងប្រព្រឹត្តក៏ខុសប្លែកពី

បៀបដែលអ្នករាល់គ្នាប្រព្រឹត្ត

ហើយគំនិតរបស់យើងក៏ខុសប្លែកពី

គំនិតរបស់អ្នករាល់គ្នាយ៉ាងនោះដែរ។

10 ទឹកភ្លៀង និងទឹកសន្សើមធ្លាក់ពីលើមេឃមក

ស្រោចស្រពផែនដី។

ទឹកទាំងនេះមិនវិលត្រឡប់ទៅវិញឡើយ

ដរាបណាទាល់តែបានធ្វើឲ្យដំណាំដុះឡើង

បង្កើតភោគផល ផ្ដល់ពូជសម្រាប់អ្នកសាបព្រោះ

និងផ្ដល់អាហារឲ្យគេបរិភោគ។

11 រីឯពាក្យរបស់យើងក៏ដូច្នោះដែរ

គឺពាក្យដែលចេញពីមាត់របស់យើង

នឹងមិនវិលត្រឡប់មករកយើងវិញឡើយ

ដរាបណាទាល់តែបានសម្រេច

តាមបំណងរបស់យើងជាមុនសិន

គឺបំពេញកិច្ចការដែលយើងចាត់ឲ្យមកធ្វើ

រួចរាល់សព្វគ្រប់។

12 ពិតមែនហើយ អ្នករាល់គ្នានឹងចេញមក

ប្រកបដោយអំណរសប្បាយ

យើងនឹងដឹកនាំអ្នកយ៉ាងសុខ‌សាន្ត។

ពេលនោះ ភ្នំតូចធំនឹងស្រែកហ៊ោយ៉ាងសប្បាយ

ហើយរុក្ខ‌ជាតិនៅតាមវាល

ក៏នាំគ្នាអបអរ‌សាទរដែរ។

13 ដើមកកោះនឹងដុះឡើងជំនួសបន្លា

ដើមចំប៉ីនឹងដុះជំនួសខ្ញែរ

ទុកជាទីសម្គាល់ដែលឥតប្រែ‌ប្រួល

ឲ្យមនុស្ស‌ម្នាដឹងឮរហូតតទៅថា

ព្រះ‌អម្ចាស់បានធ្វើការនេះ។