អេសាយ 61

ដំណឹង‌ល្អស្ដីអំពីការសង្គ្រោះ

1 ព្រះ‌វិញ្ញាណរបស់ព្រះ‌ជា‌អម្ចាស់

សណ្ឋិតលើខ្ញុំ

ដ្បិតព្រះ‌អម្ចាស់បានចាក់ប្រេងអភិសេកខ្ញុំ

ឲ្យនាំដំណឹង‌ល្អទៅប្រាប់អ្នកដែលត្រូវគេជិះ‌ជាន់

ជួយថែទាំអ្នកដែលបាក់ទឹកចិត្ត

ប្រកាសប្រាប់ជនជាប់ជាឈ្លើយថា

ពួកគេនឹងរួចខ្លួន

ហើយប្រាប់អ្នកជាប់ឃុំ‌ឃាំងថា

ពួកគេនឹងមានសេរី‌ភាព

2 ព្រមទាំងប្រកាសពីឆ្នាំដែលព្រះ‌អម្ចាស់សម្តែង

ព្រះ‌ហឫទ័យមេត្តាករុណា

និងពីថ្ងៃកំណត់ដែលព្រះរបស់យើង

ដាក់ទោសមនុស្សអាក្រក់

ហើយសម្រាលទុក្ខអស់អ្នកដែលកាន់ទុក្ខ

3 គឺឲ្យអ្នកក្រុងស៊ីយ៉ូនដែលកាន់ទុក្ខនោះ

ទទួលមកុដនៅលើក្បាលជំនួសផេះ

ឲ្យគេលាបប្រេងសម្តែងអំណរសប្បាយ

ជំនួសភាពក្រៀម‌ក្រំនៃការកាន់ទុក្ខ

ឲ្យគេស្លៀកពាក់យ៉ាងថ្លៃ‌ថ្នូរ

ជំនួសខោ‌អាវដាច់‌ដាច។

ពេលនោះ គេនឹងប្រដូចអ្នកក្រុងយេរូ‌សាឡឹម

ទៅនឹងដើមឈើសក្ការៈនៃព្រះដ៏សុចរិត

ជាសួនឧទ្យានរបស់ព្រះ‌អម្ចាស់

ដើម្បីបង្ហាញភាពថ្កុំ‌ថ្កើងរបស់ព្រះ‌អង្គ។

4 ពួកគេនឹងសង់ក្រុង

ដែលបាក់បែកកាលពីមុននោះឡើងវិញ

ពួកគេនឹងលើកអ្វីៗដែលខ្ទេច‌ខ្ទីកាលពីបុរាណ

ឲ្យមានរូបរាងឡើងវិញ។

ពួកគេជួស‌ជុលក្រុងដែលខ្មាំងបំផ្លាញចោល

ជាច្រើនជំនាន់នោះឡើងវិញ។

5 សាសន៍ដទៃនឹងនាំគ្នាមក

ហើយឃ្វាលហ្វូងចៀមរបស់អ្នករាល់គ្នា

កូនចៅរបស់គេនឹងភ្ជួររាស់ដី

ហើយដាំទំពាំង‌បាយជូរឲ្យអ្នករាល់គ្នា។

6 ចំណែកអ្នករាល់គ្នាវិញ

អ្នករាល់គ្នានឹងមានឈ្មោះថា

បូជា‌ចារ្យ*របស់ព្រះ‌អម្ចាស់

គេនឹងហៅអ្នករាល់គ្នាថា

អ្នកបម្រើរបស់ព្រះនៃយើង។

អ្នករាល់គ្នានឹងចិញ្ចឹមជីវិតដោយភោគទ្រព្យ

របស់ប្រជា‌ជាតិទាំង‌ឡាយ

ហើយតែងខ្លួនដោយគ្រឿងអលង្ការដ៏មាន

តម្លៃរបស់ពួកគេ។

7 អ្នករាល់គ្នាលែងអាម៉ាស់

និងលែងបាក់មុខទៀតហើយ

អ្នករាល់គ្នានឹងទទួលទឹកដីរបស់គេ

មួយទ្វេជាពីរទុកជាមត៌ក

អ្នករាល់គ្នានឹងមានអំណរសប្បាយ

អស់‌កល្បជា‌និច្ច។

8 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា

យើងចូលចិត្តយុត្តិធម៌

ហើយស្អប់ការជំរិតជិះ‌ជាន់ណាស់។

យើងនឹងសងអ្នករាល់គ្នាវិញយ៉ាងត្រឹមត្រូវ

យើងនឹងចងសម្ពន្ធ‌មេត្រីដែលនៅស្ថិត‌ស្ថេរ

អស់‌កល្បជា‌និច្ចជាមួយអ្នករាល់គ្នា។

9 ប្រជា‌ជាតិទាំង‌ឡាយនឹងស្គាល់កូនចៅ

របស់អ្នករាល់គ្នា

ហើយពូជ‌ពង្សអ្នករាល់គ្នាក៏នឹងមានឈ្មោះល្បី

នៅក្នុងចំណោមជាតិសាសន៍នានាដែរ។

អស់អ្នកដែលជួបពួកគេនឹងទទួលស្គាល់ថា

ពួកគេជាជាតិមួយដែលព្រះ‌អម្ចាស់

បានប្រទានពរ។

10 ខ្ញុំមានអំណរយ៉ាងខ្លាំង ព្រោះតែព្រះ‌អម្ចាស់

ខ្ញុំរីក‌រាយយ៉ាងអស់ពីចិត្ត

ព្រោះតែព្រះរបស់ខ្ញុំ

ដ្បិតព្រះ‌អង្គបានសង្គ្រោះខ្ញុំ។

ព្រះ‌អង្គបានយកសេចក្ដីសុចរិត

មកពាក់ឲ្យខ្ញុំ ដូចកូនកម្លោះ និងកូនក្រមុំ

តែងខ្លួននៅថ្ងៃរៀបមង្គលការ។

11 ដីធ្វើឲ្យពន្លក និងគ្រាប់ពូជផ្សេងៗ

ដុះឡើងនៅក្នុងសួនច្បារយ៉ាងណា

ព្រះ‌ជា‌អម្ចាស់នឹងធ្វើឲ្យសេចក្ដីសុចរិត

និងការសរសើរតម្កើងផុសចេញពីទឹកដីនេះ

នៅចំពោះប្រជា‌ជាតិទាំងប៉ុន្មានយ៉ាងនោះដែរ។