យេរេមា 7

លោកយេរេមាប្រកាសព្រះ‌បន្ទូលនៅក្នុងព្រះ‌វិហារ

1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកលោកយេរេមាដូចតទៅ៖

2 «ចូរទៅឈរនៅមាត់ទ្វារព្រះ‌វិហារ ហើយប្រកាសពាក្យនេះថា: អ្នកទាំងអស់គ្នាជាជន‌ជាតិយូដាអើយ! អ្នករាល់គ្នាចូលតាមទ្វារទាំងនេះ ដើម្បីទៅក្រាបថ្វាយ‌បង្គំព្រះ‌អម្ចាស់ចូរនាំគ្នាស្ដាប់ព្រះ‌បន្ទូលរបស់ព្រះ‌អង្គ!

3 ព្រះ‌អម្ចាស់នៃពិភពទាំងមូល ដែលជាព្រះរបស់ជន‌ជាតិអ៊ីស្រា‌អែល មានព្រះ‌បន្ទូលថា: ចូរកែប្រែកិរិយាមារយាទ និងលះ‌បង់អំពើអាក្រក់ដែលអ្នករាល់គ្នាប្រព្រឹត្តទៅ នោះយើងនឹងទុកឲ្យអ្នករាល់គ្នាចូលមកទីនេះតទៅមុខទៀត។

4 មិនត្រូវអះ‌អាងលើពាក្យ ដែលអ្នករាល់គ្នាធ្លាប់បញ្ឆោតខ្លួនឯងថា “ទីនេះជាព្រះ‌វិហាររបស់ព្រះ‌អម្ចាស់! ព្រះ‌វិហាររបស់ព្រះ‌អម្ចាស់! ព្រះ‌វិហាររបស់ព្រះ‌អម្ចាស់!”ឡើយ។

5 ចូរកែប្រែកិរិយាមារយាទ និងលះ‌បង់អំពើអាក្រក់ដែលអ្នករាល់គ្នាប្រព្រឹត្ត។ ចូររកយុត្តិធម៌ឲ្យគ្នាទៅវិញទៅមក។

6 ចូរឈប់ជិះ‌ជាន់ជនបរទេស ក្មេងកំព្រា និងស្ត្រីមេម៉ាយ ចូរឈប់ប្រហារជីវិតជនស្លូតត្រង់នៅទីនេះ ហើយឈប់រត់ទៅគោរពព្រះដទៃដែលធ្វើឲ្យអ្នករាល់គ្នាត្រូវវេទនា។

7 ប្រសិនបើអ្នករាល់គ្នាធ្វើដូច្នេះ យើងនឹងទុកឲ្យអ្នករាល់គ្នារស់នៅទីនេះ គឺនៅក្នុងស្រុកដែលយើងប្រគល់ឲ្យដូនតារបស់អ្នករាល់គ្នា តាំងពីដើមរៀងមក ហើយអស់‌កល្បតរៀងទៅ។

8 ផ្ទុយទៅវិញ អ្នករាល់គ្នាអះ‌អាងលើពាក្យដែលអ្នករាល់គ្នាបញ្ឆោតខ្លួនឯង ជាពាក្យឥតបានការនោះទៅវិញ។

9 អ្នករាល់គ្នាលួចប្លន់ កាប់សម្លាប់ ផិតក្បត់ ស្បថបំពាន ដុតគ្រឿងសក្ការៈបូជាថ្វាយព្រះបាល និងរត់ទៅគោរពព្រះដទៃ ដែលអ្នករាល់គ្នាពុំស្គាល់ពីមុន

10 រួចហើយនាំគ្នាចូលមកថ្វាយ‌បង្គំយើងក្នុងព្រះ‌វិហារនេះ ដែលជាដំណាក់របស់យើង។ អ្នករាល់គ្នាហ៊ានប្រកាសថា “នៅកន្លែងនេះ យើងរួចខ្លួន!”។ អ្នករាល់គ្នាពោលដូច្នេះ ហើយប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើមតទៅទៀត។

11 តើអ្នករាល់គ្នាស្មានថា ព្រះ‌វិហារដែលជាដំណាក់របស់យើងនេះ ជាសំបុកចោរឬ? តាមពិត យើងឃើញថា ទីនេះពិតជាសំបុកចោរមែន!» -នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

12 «ចូរនាំគ្នាទៅទី‌សក្ការៈរបស់យើងនៅស៊ីឡូ ដែលជាដំណាក់របស់យើងកាលពីមុននោះ ហើយសង្កេតមើលទៅ! ដោយ‌សារអំពើទុច្ចរិតរបស់អ៊ីស្រា‌អែល ជាប្រជា‌រាស្ត្ររបស់យើង យើងបានបំផ្លាញទីនោះឲ្យខ្ទេច‌ខ្ទី»។

13 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលទៀតថា៖ «ដោយអ្នករាល់គ្នាប្រព្រឹត្តអំពើទុច្ចរិតទាំងនេះ ដោយអ្នករាល់គ្នាពុំស្ដាប់ពាក្យយើង គឺទោះបីយើងនិយាយជាមួយអ្នករាល់គ្នាតាំងពីដំបូងមកក្ដី ហើយដោយអ្នករាល់គ្នាពុំបានឆ្លើយ នៅពេលយើងស្រែកហៅ

14 យើងនឹងប្រព្រឹត្តចំពោះព្រះ‌វិហារនេះ ដូចយើងបានប្រព្រឹត្តចំពោះស៊ីឡូដែរ ទោះបីទីនេះជាដំណាក់របស់យើង ជាកន្លែងដែលអ្នករាល់គ្នាទុកចិត្ត ហើយជាកន្លែងដែលយើងបានប្រគល់ឲ្យអ្នករាល់គ្នា និងបុព្វបុរសរបស់អ្នករាល់គ្នាក៏ដោយ។

15 យើងនឹងបំបរ‌បង់អ្នករាល់គ្នាឲ្យឆ្ងាយពីយើង ដូចយើងបានបំបរ‌បង់ពួកអេប្រាអ៊ីមទាំងមូលជាបង‌ប្អូនរបស់អ្នករាល់គ្នាដែរ»។

ពាក្យទូល‌អង្វរដែលព្រះ‌អម្ចាស់ពុំអាចឆ្លើយតបបាន

16 «រីឯអ្នកវិញ កុំទូល‌អង្វរយើងសម្រាប់ប្រជា‌ជននេះ កុំបន្លឺសំឡេងអធិស្ឋាន ឬទទូចសុំឲ្យយើងប្រណីពួកគេឡើយ យើងមិនស្ដាប់ពាក្យអ្នកទេ។

17 តើអ្នកមិនឃើញអំពើដែលគេប្រព្រឹត្តនៅតាមក្រុងនានាក្នុងស្រុកយូដា និងតាមដងផ្លូវក្នុងក្រុងយេរូ‌សាឡឹមទេឬ?

18 កូនៗនាំគ្នាដើររើសអុស ឪពុកបង្កាត់ភ្លើង ហើយម្ដាយច្របាច់ម្សៅធ្វើនំថ្វាយព្រះ‌នាងម្ចាស់សួគ៌ ពួកគេច្រួច‌ស្រាថ្វាយព្រះ‌ដទៃ ដើម្បីបញ្ឈឺចិត្តយើង។

19 តាមពិត មិនមែនយើងទេដែលឈឺចិត្ត គឺពួកគេវិញឯ‌ណោះដែលឈឺចិត្ត ព្រោះត្រូវអាម៉ាស់មុខ!» -នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

20 ហេតុនេះព្រះ‌ជា‌អម្ចាស់មានព្រះ‌បន្ទូលទៀតថា៖ «យើងជះកំហឹងដ៏ខ្លាំងរបស់យើងមកលើកន្លែងនេះ គឺលើមនុស្ស សត្វ ព្រៃព្រឹក្សា និងដំណាំដែលដុះចេញពីដី។ កំហឹងនេះប្រៀបបាននឹងភ្លើង ដែលឆេះពុំរលត់ឡើយ»។

21 ព្រះ‌អម្ចាស់នៃពិភពទាំងមូល ដែលជាព្រះនៃជន‌ជាតិអ៊ីស្រា‌អែល មានព្រះ‌បន្ទូលថា៖ «ចូរបន្ថែមតង្វាយដុតពីលើយញ្ញ‌បូជារបស់អ្នករាល់គ្នា ហើយបរិភោគសាច់នោះខ្លួនឯងទៅ

22 ដ្បិតនៅថ្ងៃដែលយើងបាននាំបុព្វបុរសរបស់អ្នករាល់គ្នាចេញពីស្រុកអេស៊ីប យើងពុំបាននិយាយអ្វីជាមួយពួកគេ ហើយយើងក៏ពុំបានបង្គាប់ពួកគេស្ដីអំពីតង្វាយដុត និងយញ្ញ‌បូជាដែរ។

23 យើងគ្រាន់តែបង្គាប់ពួកគេថា “ចូរស្ដាប់សំឡេងយើង ដើម្បីឲ្យយើងធ្វើជាព្រះរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នាធ្វើជាប្រជា‌រាស្ដ្ររបស់យើង។ ចូរដើរតាមមាគ៌ាទាំងប៉ុន្មានដែលយើងបង្ហាញអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងមានសុភមង្គលជាមិនខាន”។

24 ប៉ុន្តែ ពួកគេមិនព្រមស្ដាប់ ហើយក៏មិនយកចិត្តទុកដាក់នឹងពាក្យយើងទេ។ ពួកគេបានធ្វើតាមទំនើងចិត្តរបស់ខ្លួន ពួកគេនៅតែចចេសរឹង‌រូស ប្រព្រឹត្តតាមចិត្តអាក្រក់របស់ខ្លួន ពួកគេបែរខ្នងដាក់យើង មិនព្រមងាកមុខមករកយើងទេ ។

25 តាំងពីថ្ងៃដែលបុព្វបុរសរបស់ពួកគេចេញពីស្រុកអេស៊ីបរហូតមកដល់សព្វថ្ងៃ យើងតែងតែចាត់ព្យាការីទាំងប៉ុន្មាន ជាអ្នកបម្រើរបស់យើង ឲ្យទៅរកពួកគេ ជារៀងរាល់ថ្ងៃ មិនដែលអាក់‌ខានឡើយ។

26 ផ្ទុយទៅវិញ ពួកគេមិនព្រមស្ដាប់ មិនយកចិត្តទុកដាក់នឹងពាក្យរបស់យើងទេ ពួកគេតាំងចិត្តរឹង‌រូស ហើយប្រព្រឹត្តអំពើអាក្រក់ជាងបុព្វបុរសរបស់ខ្លួនទៅទៀត»។

27 «ពេលអ្នកយកពាក្យទាំងនេះទៅថ្លែងប្រាប់ពួកគេ ពួកគេមិនព្រមស្ដាប់ ពេលអ្នកហៅពួកគេ ពួកគេមិនព្រមឆ្លើយ។

28 ដូច្នេះ ចូរប្រាប់ពួកគេថា អ្នករាល់គ្នាជាប្រជា‌ជាតិដែលមិនព្រមស្ដាប់ព្រះសូរសៀងព្រះ‌អម្ចាស់ជាព្រះរបស់ខ្លួន ហើយក៏មិនព្រមទទួលព្រះ‌បន្ទូលប្រៀន‌ប្រដៅពីព្រះ‌អង្គដែរ។ អ្នករាល់គ្នាលែងស្មោះត្រង់ ពាក្យសម្ដីដែលអ្នករាល់គ្នានិយាយមិនពិតទាល់តែសោះ»។

ជ្រលងភ្នំពិឃាត

29 ប្រជា‌ជនក្រុងយេរូ‌សាឡឹមអើយ

អ្នកលែងជាប្រជា‌ជនដែលញែកខ្លួនថ្វាយ

ព្រះ‌អម្ចាស់ទៀតហើយ!

ចូរយំរៀបរាប់នៅលើភ្នំនេះទៅ!

ដ្បិតព្រះ‌អម្ចាស់មិនរវី‌រវល់នឹងអ្នកទេ

ព្រះ‌អង្គបោះបង់ចោលមនុស្សមួយជំនាន់នេះ

ដែលបាននាំគ្នាធ្វើឲ្យព្រះ‌អង្គពិរោធ។

30 «ជន‌ជាតិយូដានាំគ្នាប្រព្រឹត្តអំពើអាក្រក់ ដែលយើងមិនពេញចិត្ត -នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់- គឺពួកគេយករូបព្រះដ៏ចង្រៃមកតម្កល់ក្នុងដំណាក់របស់យើងផ្ទាល់ ធ្វើឲ្យកន្លែងនេះទៅជាសៅហ្មង។

31 ពួកគេបានសង់ទី‌សក្ការៈនៅតូផេត ក្នុងជ្រលងភ្នំហ៊ីន‌ណម ដើម្បីយកកូនប្រុសកូនស្រីរបស់ខ្លួនទៅដុតធ្វើជាយញ្ញ‌បូជា។ យើងពុំដែលបង្គាប់ឲ្យពួកគេធ្វើអំពើបែបនេះសោះ ហើយយើងក៏មិនដែលនឹកឃើញអំពីការនេះដែរ។

32 ដូច្នេះ នៅពេលខាងមុខ គេលែងហៅកន្លែងនោះថា “តូផេត” ឬ“ជ្រលងភ្នំហ៊ីនណម” ទៀតហើយ តែគេនឹងហៅថា “ជ្រលងភ្នំពិឃាត”។ គេនឹងយកសពទៅកប់នៅតូផេតនោះ ដ្បិតកន្លែងឯទៀតៗគ្មាននៅសល់ដីសម្រាប់កប់សាក‌សពទេ -នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

33 សាក‌សពរបស់ប្រជា‌ជននេះនឹងក្លាយទៅជាចំណីរបស់ត្មាត និងឆ្កែចចក។ វានឹងស៊ីសាក‌សពទាំងនោះ ដោយឥតមាននរណាមកដេញវាឡើយ។

34 តាមក្រុងនានានៅស្រុកយូដា និងតាមដងផ្លូវក្នុងក្រុងយេរូ‌សាឡឹម យើងនឹងលែងឲ្យមានឮសូរសំឡេងដ៏សប្បាយ បទចម្រៀងសម្រាប់ពិធីបុណ្យ ឬក៏ភ្លេងការទៀតហើយ ដ្បិតស្រុកនេះនឹងវិនាសសូន្យ»។