យេរេមា 11

ប្រជា‌ជនក្បត់សម្ពន្ធ‌មេត្រី

1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលតាមរយៈលោកយេរេមាដូចតទៅ:

2 «ចូរស្ដាប់សេចក្ដីដែលមានចែងទុកក្នុងសម្ពន្ធ‌មេត្រី*នេះ ហើយយកទៅប្រកាសប្រាប់អ្នកស្រុកយូដា និងអ្នកក្រុងយេរូ‌សាឡឹម

3 គឺប្រាប់ពួកគេថាព្រះ‌អម្ចាស់ជាព្រះនៃជន‌ជាតិអ៊ីស្រា‌អែល មានព្រះ‌បន្ទូលដូចតទៅ: អ្នកណាមិនធ្វើតាមសេចក្ដីដែលមានចែងទុកក្នុងសម្ពន្ធ‌មេត្រីនេះទេ អ្នកនោះមុខជាត្រូវវេទនាពុំ‌ខាន!

4 យើងបានចងសម្ពន្ធ‌មេត្រីនេះជាមួយបុព្វបុរសរបស់អ្នករាល់គ្នា នៅថ្ងៃដែលយើងនាំពួកគេចាកចេញពីស្រុកអេស៊ីប ជាកន្លែងដែលពួកគេរងទុក្ខយ៉ាងខ្លាំង។ យើងបានពោលទៅពួកគេថា: “ចូរនាំគ្នាស្ដាប់ពាក្យរបស់យើង ហើយប្រព្រឹត្តតាមសេចក្ដីទាំងប៉ុន្មានដែលយើងបង្គាប់ដល់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងធ្វើជាប្រជា‌រាស្ដ្ររបស់យើង ហើយយើងជាព្រះរបស់អ្នករាល់គ្នា”។

5 ដូច្នេះ យើងនឹងសម្រេចតាមពាក្យ ដែលយើងបានសន្យាដល់បុព្វបុរសរបស់អ្នករាល់គ្នាថា ប្រគល់ទឹកដីដ៏សម្បូណ៌សប្បាយឲ្យពួកគេ។ សព្វថ្ងៃ អ្នករាល់គ្នាកាន់កាប់ទឹកដីនេះស្រាប់ហើយ»។ ខ្ញុំក៏ទូលព្រះ‌អង្គថា «ពិតមែនហើយព្រះ‌អម្ចាស់!»។

6 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំដូចតទៅ៖

«ចូរនាំពាក្យទាំងអស់នេះទៅប្រកាសនៅតាមក្រុងនានាក្នុងស្រុកយូដា និងនៅតាមដងផ្លូវក្នុងក្រុងយេរូ‌សាឡឹមថា: “ចូរស្ដាប់សេចក្ដីដែលមានចែងក្នុងសម្ពន្ធ‌មេត្រីនេះ ហើយនាំគ្នាប្រតិបត្តិតាមទៅ”!

7 ដ្បិតយើងបានទូន្មានបុព្វបុរសរបស់អ្នករាល់គ្នា តាំងពីថ្ងៃដែលយើងនាំពួកគេចេញពីស្រុកអេស៊ីប រហូតមកទល់ថ្ងៃនេះ គឺតាំងពីដើមរៀងមក យើងតែងតែដាស់‌តឿនថា “ចូរនាំគ្នាស្ដាប់ពាក្យរបស់យើង!”។

8 ប៉ុន្តែ ពួកគេមិនព្រមស្ដាប់ ហើយក៏មិនយកចិត្តទុកដាក់នឹងពាក្យយើងដែរ ម្នាក់ៗនៅតែចចេសធ្វើតាមចិត្តអាក្រក់របស់ខ្លួន។ ហេតុនេះ យើងប្រព្រឹត្តចំពោះពួកគេ ស្របតាមសេចក្ដីទាំងប៉ុន្មានដែលមានចែងទុកក្នុងសម្ពន្ធ‌មេត្រី គឺជាសេចក្ដីដែលយើងបង្គាប់ពួកគេឲ្យប្រតិបត្តិតាម តែពួកគេមិនប្រតិបត្តិតាមទេ»។

9 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំថា៖ «ប្រជា‌ជននៅស្រុកយូដា និងប្រជា‌ជននៅក្រុងយេរូ‌សាឡឹមឃុប‌ឃិតគ្នាប្រឆាំងនឹងយើង។

10 ពួកគេវិលទៅប្រព្រឹត្តអំពើបាប ដូចដូនតារបស់ពួកគេនៅជំនាន់មុនដែរ គឺពួកគេមិនព្រមស្ដាប់ពាក្យយើងទេ តែនាំគ្នាជំពាក់ចិត្តលើព្រះដទៃ ហើយគោរពបម្រើព្រះទាំងនោះទៀតផង។ កូនចៅអ៊ីស្រា‌អែល និងកូនចៅយូដាផ្ដាច់សម្ពន្ធ‌មេត្រីដែលយើងបានចងជាមួយបុព្វបុរសរបស់ពួកគេ»។

11 ហេតុនេះហើយបានជាព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖ «យើងនឹងធ្វើឲ្យទុក្ខវេទនាធ្លាក់មកលើពួកគេ ពួកគេពុំអាចគេចផុតបានឡើយ។ ពួកគេនឹងស្រែកអង្វរយើង តែយើងមិនស្ដាប់ពួកគេទេ។

12 អ្នកក្រុងទាំង‌ឡាយនៅស្រុកយូដា និងអ្នកក្រុងយេរូ‌សាឡឹម នឹងនាំគ្នាសែន បួង‌សួងរកព្រះឯទៀតៗដែលពុំអាចជួយសង្គ្រោះពួកគេ នៅគ្រាមានទុក្ខវេទនាបានឡើយ។

13 យូដាអើយ អ្នកមានព្រះច្រើនដូចចំនួនក្រុង! យេរូ‌សាឡឹមអើយ អ្នកមានអាសនៈសម្រាប់សែនព្រះបាលដ៏គួរឲ្យអាម៉ាស់ ច្រើនដូចចំនួនផ្លូវ!»។

14 «រីឯអ្នកវិញ កុំទូល‌អង្វរឲ្យប្រជា‌ជននេះធ្វើអ្វី! គឺកុំស្រែកអង្វរ ឬអធិស្ឋានឲ្យពួកគេឡើយ ដ្បិតពេលពួកគេមានទុក្ខ ហើយនាំគ្នាអង្វររកយើង យើងនឹងមិនស្ដាប់ពួកគេជាដាច់ខាត»។

អ៊ីស្រា‌អែលជាដើមអូលីវរបស់ព្រះ‌អម្ចាស់

15 «ប្រជា‌ជនជាទីស្រឡាញ់របស់យើងកំពុងតែ

ប្រព្រឹត្តអំពើវៀច‌វេរយ៉ាងច្រើនឥតគណនា

តើពួកគេមកក្នុងដំណាក់យើងធ្វើអ្វីទៀត?

តើពួកគេនឹកស្មានថានឹងបានរួចខ្លួន

ដោយយកយញ្ញ‌បូជាមកឲ្យយើង

និងបន់‌ស្រន់យើងឬ?»។

16 ព្រះ‌អម្ចាស់បានដាក់ឈ្មោះឲ្យអ្នកថា

“ដើមអូលីវស្រស់បំព្រង មានផ្លែដ៏ល្អ”

ប៉ុន្តែ ព្រះ‌អង្គនឹងដុតបំផ្លាញដើមអូលីវនេះ

ដោយស្នូរសន្ធឹកលាន់ឮឡើងយ៉ាងខ្លាំង

ហើយមែករបស់វាត្រូវហិន‌ហោចខ្ទេច‌ខ្ទីអស់។

17 អ៊ីស្រា‌អែលអើយព្រះ‌អម្ចាស់នៃពិភពទាំងមូលបានដាំអ្នក ដូចដាំដើមអូលីវ។ ប៉ុន្តែ ជន‌ជាតិអ៊ីស្រា‌អែល និងជន‌ជាតិយូដាចេះតែប្រព្រឹត្តអំពើអាក្រក់ ដោយនាំគ្នាអុជធូបបួង‌សួងព្រះបាល។ ហេតុនេះ ព្រះ‌អង្គទ្រង់ព្រះ‌ពិរោធ ហើយធ្វើឲ្យទុក្ខវេទនាកើតមានដល់អ្នកជាមិនខាន។

អ្នកភូមិអាណា‌ថោតឃុប‌ឃិតគ្នាប្រឆាំងនឹងលោកយេរេមា

18 ព្រះ‌អម្ចាស់បានប្រាប់ខ្ញុំ ហើយខ្ញុំក៏ដឹងអំពីឧបាយ‌កល ដែលពួកគេបម្រុងនឹងធ្វើចំពោះខ្ញុំ។

19 ពីមុន ខ្ញុំប្រៀបបាននឹងកូនចៀមដ៏ស្លូត ដែលគេដឹកទៅទីសត្ត‌ឃាត។ ខ្ញុំពុំបានដឹងអំពីគម្រោង‌ការ ដែលពួកគេគិតបម្រុងនឹងធ្វើចំពោះខ្ញុំទេ។ ពួកគេនិយាយគ្នាអំពីខ្ញុំថា “យើងនាំគ្នារំលំដើមឈើកំពុងតែមានផ្លែនេះទៅ យើងដកវាចេញពីចំណោមមនុស្សមានជីវិត កុំឲ្យនរណានឹកនាដល់ឈ្មោះវាទៀត!”។

20 បពិត្រព្រះ‌អម្ចាស់នៃពិភពទាំងមូល

ព្រះ‌អង្គជាចៅ‌ក្រមដ៏សុចរិត

ព្រះ‌អង្គឈ្វេងយល់ចិត្តថ្លើមរបស់មនុស្ស

យ៉ាងច្បាស់

ទូលបង្គំនឹងឃើញព្រះ‌អង្គរកយុត្តិធម៌

ដោយដាក់ទោសពួកគេជាមិនខាន

ទូលបង្គំប្រគល់រឿងហេតុរបស់ទូលបង្គំ

លើព្រះ‌អង្គទាំងស្រុង។

21 ហេតុនេះហើយបានជាព្រះ‌អម្ចាស់មានព្រះ‌បន្ទូលប្រឆាំងនឹងអ្នកភូមិអាណា‌ថោត ដែលចង់ប្រហារជីវិតខ្ញុំ ដោយពោលមកខ្ញុំថា “កុំថ្លែងព្រះ‌បន្ទូលក្នុងនាមព្រះ‌អម្ចាស់ឡើយ បើមិនដូច្នោះទេ អ្នកមុខជាស្លាប់ដោយដៃពួកយើងមិនខាន!”។

22 ហេតុនេះហើយបានជាព្រះ‌អម្ចាស់នៃពិភពទាំងមូលមានព្រះ‌បន្ទូលថា៖ «យើងនឹងដាក់ទោសពួកគេ គឺពួកយុវជនរបស់គេនឹងស្លាប់ដោយមុខដាវ កូនប្រុសកូនស្រីរបស់ពួកគេនឹងស្លាប់ដោយទុរ្ភិក្ស។

23 ក្នុងចំណោមពួកគេ គ្មាននៅសេស‌សល់នរណាម្នាក់សោះ ដ្បិតនៅឆ្នាំដែលយើងដាក់ទោសអ្នកភូមិអាណា‌ថោត យើងនឹងធ្វើឲ្យទុក្ខវេទនាកើតមានដល់ពួកគេ»។