យេរេមា 21

ព្រះ‌បន្ទូលសម្រាប់ស្ដេចសេដេ‌គា

1 នេះជាព្រះ‌បន្ទូលដែលព្រះ‌អម្ចាស់ឆ្លើយតបមកព្រះ‌បាទសេដេ‌គា តាមរយៈលោកយេរេមា។ ព្រះ‌បាទសេដេ‌គាបានចាត់លោកផាស‌ហ៊ើរ ជាកូនរបស់លោកម៉ាល់គា និងលោកបូជា‌ចារ្យសេផា‌នាជាកូនរបស់លោកម៉ាសេ‌យ៉ា ឲ្យមកសួរលោកយេរេមាថា

2 “ចូរសួរព្រះ‌អម្ចាស់ឲ្យយើងផង ដ្បិតព្រះ‌ចៅនេប៊ូ‌ក្នេសា ជាស្ដេចស្រុកបាប៊ី‌ឡូន លើកទ័ពមកច្បាំងជាមួយយើង។ ប្រហែលជាព្រះ‌អម្ចាស់ធ្វើការអស្ចារ្យណាមួយ ដើម្បីជួយយើង ដោយធ្វើឲ្យព្រះ‌ចៅនេប៊ូ‌ក្នេសាដកទ័ពថយចេញឆ្ងាយពីយើង”។

3 លោកយេរេមាតបទៅលោកទាំងពីរវិញថា៖ «សូមលោកទូលព្រះ‌បាទសេដេ‌គាដូចតទៅ:

4 ព្រះ‌អម្ចាស់ជាព្រះនៃជន‌ជាតិអ៊ីស្រា‌អែល ទ្រង់មានព្រះ‌បន្ទូលថា: “មើល៍! ពលទាហានរបស់អ្នករាល់គ្នាកំពុងតែច្បាំងតទល់នឹងស្ដេចស្រុកបាប៊ី‌ឡូន ព្រមទាំងជន‌ជាតិខាល់ដេដែលកំពុងតែឡោម‌ព័ទ្ធកំពែងក្រុងពីខាងក្រៅ។ យើងនឹងធ្វើឲ្យទាហានទាំងនោះដកខ្លួនថយចូលមកក្នុងទីក្រុងវិញ។

5 យើងនឹងប្រើឫទ្ធា‌នុភាពរបស់យើងវាយប្រហារអ្នករាល់គ្នា ដោយផ្ទាល់ដៃ តាមកំហឹងដ៏ខ្លាំង‌ក្លាបំផុតរបស់យើង។

6 យើងនឹងប្រហារទាំងមនុស្ស ទាំងសត្វ នៅក្រុងនេះ ឲ្យស្លាប់ ដោយជំងឺអាសន្ន‌រោគយ៉ាងសាហាវបំផុត។

7 បន្ទាប់មកទៀត យើងនឹងប្រគល់សេដេ‌គា ជាស្ដេចស្រុកយូដា ព្រមទាំងពួកមន្ត្រី ប្រជា‌ជន និងអ្នកក្រុងដែលនៅសេស‌សល់ពីស្លាប់ដោយ‌សារជំងឺអាសន្ន‌រោគ មុខដាវ និងទុរ្ភិក្ស ទៅក្នុងកណ្ដាប់ដៃរបស់នេប៊ូ‌ក្នេសា ជាស្ដេចស្រុកបាប៊ី‌ឡូន ក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ និងក្នុងកណ្ដាប់ដៃរបស់អស់អ្នកដែលចង់ប្រហារជីវិតពួកគេ។ ស្ដេចបាប៊ី‌ឡូននឹងប្រហារជីវិតពួកគេដោយមុខដាវ ឥតអាសូរ ឥតត្រាប្រណី និងអាណិតមេត្តាឡើយ” -នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់»។

8 «ចំណែកឯប្រជា‌ជននោះវិញ ចូរប្រាប់ពួកគេដូចតទៅ: “ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា យើងមានផ្លូវពីរឲ្យអ្នករាល់គ្នាជ្រើសរើស គឺផ្លូវនៃជីវិត និងផ្លូវនៃសេចក្ដីស្លាប់។

9 អ្នកណាទ្រាំរស់នៅក្នុងក្រុងនេះតទៅមុខទៀត អ្នកនោះនឹងត្រូវស្លាប់ដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្ន‌រោគ។ រីឯអ្នកចេញទៅចុះចូលនឹងជន‌ជាតិខាល់ដេដែលឡោម‌ព័ទ្ធទីក្រុង នឹងបានរួចជីវិត។

10 យើងងាកមករកក្រុងនេះ ដើម្បីដាក់ទោស គឺមិនមែនឲ្យពរទេ។ យើងនឹងប្រគល់ទីក្រុងទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកបាប៊ី‌ឡូន ហើយស្ដេចនោះនឹងដុតកម្ទេចទីក្រុង”» – នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

11 «ចូរប្រកាសប្រាប់ញាតិ‌វង្សរបស់ស្ដេចស្រុកយូដាដូចតទៅ:

សូមស្ដាប់ព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់!

12 ព្រះ‌រាជ‌វង្សរបស់ស្ដេចដាវីឌអើយ!

ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា:

“ចូរនាំគ្នារកយុត្តិធម៌តាំងពីព្រលឹម។

ចូរដោះលែងអស់អ្នកដែលត្រូវគេ

ជិះ‌ជាន់សង្កត់‌សង្កិន។

បើអ្នករាល់គ្នាមិនលះ‌បង់អំពើអាក្រក់ទេនោះ

កំហឹងរបស់យើងផ្ទុះឡើងដូចភ្លើង

ឆេះសន្ធោ‌សន្ធៅ គ្មាននរណាអាចពន្លត់បាន។

13 អស់អ្នកដែលរស់នៅត្រង់ដីទំនាប

និងនៅត្រង់ថ្មរាបអើយ

យើងប្រឆាំងនឹងអ្នករាល់គ្នាហើយ!

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់-

គឺយើងប្រឆាំងនឹងអ្នករាល់គ្នាដែលពោលថា

តើនរណាអាចចុះមកវាយពួកយើង

តើនរណាអាចចូលមកក្នុងទីតាំងរបស់យើង?

14 យើងនឹងដាក់ទោសអ្នករាល់គ្នា

តាមអំពើដែលអ្នករាល់គ្នាប្រព្រឹត្ត

យើងនឹងដុតព្រៃរបស់អ្នករាល់គ្នា

ឲ្យឆេះរាល‌ដាលជុំ‌វិញអ្នករាល់គ្នា”

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់»។