យ៉ាកុប 3

អំពីអណ្ដាត

1 បង‌ប្អូនអើយ កុំចង់ធ្វើគ្រូច្រើនគ្នាពេក ដ្បិតបង‌ប្អូនជ្រាបស្រាប់ហើយថា ព្រះ‌ជាម្ចាស់វិនិច្ឆ័យទោសយើងជាគ្រូយ៉ាងតឹង‌រ៉ឹងជាងគេ។

2 យើងទាំងអស់គ្នាតែងតែធ្វើខុសជាច្រើន។ អ្នកណាឥតធ្វើខុស ដោយពាក្យសម្ដី អ្នកនោះជាមនុស្សគ្រប់លក្ខណៈ អាចត្រួតលើខ្លួនឯងទាំងមូលបាន។

3 ប្រសិនបើយើងដាក់ដែកបង្ខាំក្នុងមាត់សេះ ដើម្បីឲ្យវាស្ដាប់បង្គាប់យើង នោះយើងអាចញាក់ខ្លួនវាទាំងមូលឲ្យទៅណាក៏បាន។

4 សូមគិតពីសំពៅដែរ ទោះបីវាធំប៉ុនណា ហើយមានខ្យល់បក់មកខ្លាំងយ៉ាងណាក៏ដោយ ក៏អ្នកបើកសំពៅអាចបត់បែនបានតាមបំណងចិត្ត ដោយ‌សារចង្កូតដ៏តូចមួយ។

5 រីឯអណ្ដាតក៏ដូច្នោះដែរ វាជាសរីរាង្គមួយតូចមែន តែពូកែធ្វើការសម្បើមណាស់។ មើលចុះ សូម្បីតែផ្កាភ្លើងមួយតូចក៏អាចធ្វើឲ្យឆេះព្រៃមួយយ៉ាងធំបានដែរ!

6 អណ្ដាតក៏ជាភ្លើងម្យ៉ាង ជាពិភពនៃអំពើទុច្ចរិត។ អណ្ដាតជាផ្នែកមួយក្នុងចំណោមសរីរាង្គរបស់យើង ដែលធ្វើឲ្យរូបកាយទាំងមូលទៅជាសៅ‌ហ្មង និងធ្វើឲ្យដំណើរជីវិតរបស់យើងត្រូវខ្លោច‌ផ្សា ព្រោះមានភ្លើងនរកនៅក្នុងអណ្ដាតនេះ។

7 មនុស្សជាតិអាចផ្សាំងសត្វគ្រប់ប្រភេទបានទាំងអស់ ទាំងសត្វព្រៃ ទាំងសត្វស្លាប ហើយសត្វលូនវារ សត្វនៅក្នុងទឹក ក៏មនុស្សផ្សាំងបានដែរ

8 ប៉ុន្តែ គ្មានជនណាម្នាក់អាចផ្សាំងអណ្ដាតបានឡើយ ព្រោះវាជាគ្រឿងមួយដ៏ចង្រៃដែលចេះតែគន្លាស់ជា‌និច្ច ពោរ‌ពេញទៅដោយពិស‌ពុល បណ្ដាលឲ្យស្លាប់ទៀតផង។

9 ដោយ‌សារអណ្ដាត យើងអរព្រះ‌គុណព្រះ‌អម្ចាស់ជាព្រះ‌បិតា ហើយដោយ‌សារអណ្ដាតដដែល យើងក៏ជេរប្រទេចផ្ដាសាមនុស្សដែលព្រះ‌អង្គបានបង្កើតមក ឲ្យមានលក្ខណៈដូចព្រះ‌អង្គដែរ

10 គឺទាំងពាក្យអរព្រះ‌គុណ ទាំងពាក្យជេរប្រទេចផ្ដាសា ហូរចេញមកពីមាត់តែមួយ! បង‌ប្អូនអើយ ធ្វើដូច្នេះមិនកើតទេ!។

11 តើប្រភពទឹកអាចបង្ហូរចេញជាទឹកសាបផង ជាទឹកភ្លាវផង ពីរន្ធតែមួយបានឬ?

12 បង‌ប្អូនអើយ ដើមឧទុម្ពរអាចឲ្យផ្លែជាអូលីវ ឬដើមទំពាំង‌បាយជូរអាចឲ្យផ្លែជាឧទុម្ពរបានឬ? រន្ធទឹកប្រៃពុំអាចបង្ហូរចេញជាទឹកសាបបានឡើយ។

ប្រាជ្ញាដែលមកពីព្រះ‌ជាម្ចាស់

13 ក្នុងចំណោមបង‌ប្អូន បើអ្នកណាមានប្រាជ្ញា និងចេះដឹង សូមសម្តែងកិរិយាមារ‌យាទរបស់ខ្លួនឲ្យអ្នកដទៃឃើញថា អំពើដែលខ្លួនប្រព្រឹត្តសុទ្ធតែផុសចេញមកពីចិត្តស្លូតបូត និងពីប្រាជ្ញាទាំងស្រុង។

14 ផ្ទុយទៅវិញ ប្រសិនបើបង‌ប្អូនមានចិត្តច្រណែន‌ឈ្នានីស និងមានចិត្តប្រណាំងប្រជែងគ្នានោះ សូមកុំអួតខ្លួន កុំកុហកទាស់នឹងសេចក្ដីពិតឲ្យសោះ។

15 ប្រាជ្ញាបែបនេះមិនមែនជាប្រាជ្ញាមកពីព្រះ‌ជាម្ចាស់ទេ គឺជាប្រាជ្ញារបស់លោកីយ៍ ប្រាជ្ញារបស់មនុស្ស និងប្រាជ្ញារបស់អារក្ស

16 ដ្បិតទីណាមានការច្រណែន ប្រណាំងប្រជែងគ្នា ទីនោះតែងតែមានការខ្វះសណ្ដាប់‌ធ្នាប់ និងមានរឿងអាស្រូវគ្រប់យ៉ាង។

17 រីឯប្រាជ្ញាមកពីព្រះ‌ជាម្ចាស់វិញ ដំបូងបង្អស់ ជាប្រាជ្ញាបរិសុទ្ធ* បន្ទាប់មក ជាប្រាជ្ញាផ្ដល់សន្តិ‌ភាព មានអធ្យាស្រ័យ ទុកចិត្តគ្នា ពោរ‌ពេញទៅដោយចិត្តមេត្តា‌ករុណា និងបង្កើតផលល្អគ្រប់យ៉ាង ឥតមានលំអៀង ឥតមានពុតត្បុត។

18 អស់អ្នកកសាងសន្តិ‌ភាពតែងសាបព្រោះសន្តិ‌ភាព ហើយច្រូតយកផលជាជីវិតសុចរិត*។

—https://d1b84921e69nmq.cloudfront.net/364/32k/JAS/3-bccb00ace02b5c5ee567b5ed5a891f0c.mp3?version_id=85—