យេរេមា 23

ព្រះ‌បន្ទូលប្រឆាំងនឹងអ្នកដឹកនាំមិនស្មោះត្រង់

1 «ពួកគង្វាលដែលមិនថែទាំហ្វូងចៀមរបស់យើង តែធ្វើឲ្យគេខ្ចាត់‌ខ្ចាយមុខជាត្រូវវេទនាពុំ‌ខាន!» -នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

2 ព្រះ‌អម្ចាស់ជាព្រះនៃជន‌ជាតិអ៊ីស្រា‌អែល មានព្រះ‌បន្ទូលអំពីពួកមេដឹកនាំ ដែលឃ្វាលប្រជា‌ជនរបស់ព្រះ‌អង្គថា៖ «អ្នករាល់គ្នាបោះបង់ចោលកូនចៀមរបស់យើងឲ្យខ្ចាត់‌ខ្ចាយ ហើយអ្នករាល់គ្នាមិនបានយកចិត្តទុកដាក់នឹងពួកគេទេ។ ឥឡូវនេះ យើងយកចិត្តទុកដាក់នឹងអ្នករាល់គ្នា គឺដាក់ទោសតាមអំពើអាក្រក់ដែលអ្នករាល់គ្នាបានប្រព្រឹត្ត» – នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់!។

3 «យើងនឹងប្រមូលកូនចៀមរបស់យើង ដែលនៅសេស‌សល់ពីគ្រប់ស្រុក ដែលយើងបានកំចាត់‌កំចាយទៅ នោះឲ្យត្រឡប់មកវិញ។ យើងនឹងកៀងពួកគេចូលវាលស្មៅរបស់ខ្លួន ហើយឲ្យពួកគេបង្កើតកូនចៅ និងកើនចំនួនឡើងជាច្រើន

4 យើងនឹងតែង‌តាំងពួកគង្វាលឲ្យដឹកនាំពួកគេ ពេលនោះ ចៀមលែងភ័យខ្លាច ឬញ័ររន្ធត់ទៀតឡើយ ហើយក៏គ្មានចៀមណាមួយបាត់បង់ដែរ» -នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

5 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖

«នៅគ្រាខាងមុខ យើងនឹងធ្វើឲ្យមានពន្លក

គឺស្ដេចមួយអង្គដ៏សុចរិតកើតចេញពី

ពូជ‌ពង្សរបស់ដាវីឌ។

ស្ដេចនោះនឹងគ្រងរាជ្យ

ប្រកបដោយប្រាជ្ញា

ព្រមទាំងគ្រប់‌គ្រងស្រុក

ដោយសុចរិត និងយុត្តិធម៌។

6 នៅរជ្ជកាលរបស់ស្ដេចនោះ

ជន‌ជាតិយូដានឹងទទួលការសង្គ្រោះ

ជន‌ជាតិអ៊ីស្រា‌អែលនឹងរស់យ៉ាងសុខ‌សាន្ត។

គេថ្វាយព្រះ‌នាមស្ដេចនោះថា

“ព្រះ‌អម្ចាស់ជាសេចក្ដីសុចរិតរបស់យើង”»។

7 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖ «នៅគ្រាខាងមុខ គេនឹងលែងស្បថក្នុងព្រះ‌នាម “ព្រះ‌អម្ចាស់ដ៏មានព្រះ‌ជន្មគង់នៅ ដែលបាននាំជន‌ជាតិអ៊ីស្រា‌អែលចេញពីស្រុកអេស៊ីប” ទៀតហើយ

8 ផ្ទុយទៅវិញ គេនឹងស្បថក្នុងព្រះ‌នាម “ព្រះ‌អម្ចាស់ដ៏មានព្រះ‌ជន្មគង់នៅ ដែលបាននាំជន‌ជាតិអ៊ីស្រា‌អែលចេញមកពីស្រុកខាងជើង និងពីស្រុកទាំងប៉ុន្មានដែលព្រះ‌អង្គកំចាត់‌កំចាយពួកគេឲ្យទៅ!”។ យើងនឹងនាំពួកគេឲ្យវិលមកតាំងទីលំ‌នៅក្នុងទឹកដីរបស់ខ្លួនវិញ»។

ព្រះ‌បន្ទូលប្រឆាំងនឹងព្យាការីក្លែង‌ក្លាយ

9 នេះជាព្រះ‌បន្ទូលស្ដីអំពីពួកព្យាការី:

ព្រោះតែព្រះ‌អម្ចាស់និងព្រះ‌បន្ទូលដ៏‌វិសុទ្ធ

ចិត្តខ្ញុំប្រេះឆា ឆ្អឹងរបស់ខ្ញុំរញ្ជួយញាប់‌ញ័រ

ខ្ញុំប្រៀបបាននឹងមនុស្សស្រវឹងស្រា

ដើរទ្រេតទ្រោត។

10 នៅក្នុងស្រុក ពួកគេប្រព្រឹត្តអំពើផិតក្បត់

គ្រប់ៗគ្នា

អ្នកស្រុកទាំងមូលកាន់ទុក្ខ ព្រោះត្រូវបណ្ដាសា

វាលស្មៅក្រៀមស្ងួតអស់

ព្រោះប្រជា‌ជនគិតតែពីរត់ទៅរកអំពើអាក្រក់

ហើយក្លា‌ហានក្នុងការប្រព្រឹត្តអំពើទុច្ចរិត។

11 ពួកព្យាការី និងពួកបូជា‌ចារ្យសុទ្ធតែទុច្ចរិត

សូម្បីតែនៅក្នុងដំណាក់របស់យើង

ក៏ឃើញអំពើអាក្រក់របស់ពួកគេដែរ

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

12 ហេតុនេះហើយបានជាផ្លូវដែលគេដើរ

ក្លាយទៅជាផ្លូវរអិល និងងងឹត

ពួកគេនឹងជំពប់ជើងដួល

ដ្បិតនៅឆ្នាំដែលយើងត្រូវដាក់ទោសពួកគេ

យើងនឹងធ្វើឲ្យគ្រោះកាចកើតមានដល់ពួកគេ

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

13 នៅក្រុងសាម៉ារី យើងបានឃើញពួកព្យាការី

ប្រព្រឹត្តអំពើដ៏អាស្រូវ

គឺពួកគេនាំគ្នាទាយក្នុងនាមព្រះបាល

ពួកគេនាំអ៊ីស្រា‌អែលជាប្រជា‌រាស្ត្ររបស់យើង

ឲ្យវង្វេង។

14 រីឯនៅក្រុងយេរូ‌សាឡឹមវិញ

យើងឃើញអំពើគួរឲ្យស្អប់ខ្ពើម

គឺពួកគេប្រព្រឹត្តអំពើផិតក្បត់

ពួកគេនិយមការកុហក

ពួកគេលើកទឹកចិត្តអ្នកប្រព្រឹត្តអំពើអាក្រក់

ដូច្នេះ គ្មាននរណាអាចងាកចេញពីផ្លូវអាក្រក់

របស់ខ្លួនបានឡើយ។

ចំពោះយើង ពួកគេទាំងអស់គ្នាប្រៀបដូចជា

អ្នកក្រុងសូដុម

ហើយអ្នកក្រុងយេរូ‌សាឡឹមក៏ប្រៀបដូចជា

អ្នកក្រុងកូម៉ូរ៉ាដែរ។

15 ហេតុនេះព្រះ‌អម្ចាស់នៃពិភពទាំងមូល

មានព្រះ‌បន្ទូលស្ដីអំពីពួកព្យាការីថា៖

«យើងនឹងឲ្យពួកគេបរិភោគផ្លែស្លែង

និងឲ្យពួកគេផឹកទឹកដែលមានជាតិពុល

ដ្បិតអំពើទុច្ចរិតបានរាល‌ដាលពាស‌ពេញ

ស្រុកទាំងមូល ព្រោះតែពួកព្យាការី

នៅក្រុងយេរូ‌សាឡឹមនេះឯង»។

16 ព្រះ‌អម្ចាស់នៃពិភពទាំងមូលមានព្រះ‌បន្ទូលថា៖

«កុំស្ដាប់ពាក្យដែលព្យាការីទាំងនោះ

ថ្លែងប្រាប់អ្នករាល់គ្នាឡើយ!

ពួកគេធ្វើឲ្យអ្នករាល់គ្នាយល់ខុស

ពួកគេរៀបរាប់អំពីនិមិត្ត‌ហេតុ

តាមតែចិត្តរបស់គេនឹកឃើញ

គឺមិនមែនជាពាក្យរបស់យើងទេ។

17 ពួកគេហ៊ានពោលទៅកាន់អស់អ្នកដែល

ប្រមាថមាក់‌ងាយយើងថា

“ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា

អ្នករាល់គ្នានឹងបានសុខ‌សាន្ត‌ត្រាណ!”

ហើយពោលទៅកាន់អស់អ្នកដែល

មានចិត្តរឹង‌រូសថា

“គ្មានគ្រោះកាចអ្វីកើតមានដល់អ្នកទេ!”»។

18 ក្នុងចំណោមអ្នកទាំងនោះ

តើនរណាបានរួមប្រជុំជាមួយព្រះ‌អម្ចាស់?

តើនរណាបានឃើញ

និងស្ដាប់ព្រះ‌បន្ទូលរបស់ព្រះ‌អង្គ?

តើនរណាយកចិត្តទុកដាក់ស្ដាប់

ព្រះ‌បន្ទូលរបស់ព្រះ‌អង្គ?

19 ព្រះ‌ពិរោធរបស់ព្រះ‌អម្ចាស់នឹងបក់បោកមក

ដូចជាខ្យល់ព្យុះ។

ព្រះ‌ពិរោធនេះប្រៀបដូចជាខ្យល់កំបុតត្បូង

បក់នៅលើក្បាលរបស់ពួកទុច្ចរិត។

20 ព្រះ‌ពិរោធរបស់ព្រះ‌អម្ចាស់នឹងមិនងាករេ

ចេញទៅណាឡើយ

ដរាបណាទាល់តែបានសម្រេចតាមគម្រោង‌ការ

របស់ព្រះ‌អង្គយ៉ាងសុក្រឹតជាមុនសិន។

នៅថ្ងៃចុងក្រោយ

អ្នករាល់គ្នាមុខជាយល់ច្បាស់ពុំ‌ខាន។

21 «យើងពុំបានចាត់ព្យាការីទាំងនេះទេ

តែពួកគេនាំគ្នារត់ទៅ

យើងពុំបាននិយាយអ្វីជាមួយពួកគេទេ

តែគេនាំគ្នានិយាយក្នុងនាមយើង។

22 ប្រសិនបើពួកគេបានជួបពិភាក្សាជាមួយយើង

នោះពួកគេមុខជានាំពាក្យរបស់យើងទៅ

ប្រាប់ប្រជា‌រាស្ត្ររបស់យើង

ហើយនាំប្រជា‌ជននេះងាកចេញពីផ្លូវអាក្រក់

និងងាកចេញពីអំពើទុច្ចរិតជាមិនខាន។

23 យើងមិនមែនជាព្រះដែលមើលឃើញ

តែជិតៗប៉ុណ្ណោះទេ

យើងក៏ជាព្រះដែលមើលឃើញអ្វីៗ

នៅឆ្ងាយដែរ

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

24 គ្មាននរណាម្នាក់ពួននៅកន្លែងមួយ

ហើយយើងមើលមិនឃើញនោះទេ

ដ្បិតយើងស្ថិតនៅពាស‌ពេញលើផ្ទៃមេឃ

និងនៅលើផែនដី»

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

25 «យើងឮពាក្យដែលព្យាការីទាំងនោះថ្លែងក្នុងនាមយើង ពួកគេនិយាយភូត‌ភរ គឺពោលថា “ខ្ញុំសុបិនឃើញដូច្នេះ! ខ្ញុំសុបិនឃើញដូច្នោះ!”។

26 តើព្យាការីទាំងនោះមានគំនិតបែបណា បានជាគេនៅតែចូលចិត្តថ្លែងពាក្យភូត‌ភរ ថ្លែងពាក្យបោកប្រាស់ តាមទំនើងចិត្តរបស់ខ្លួនដូច្នេះ?

27 ពួកគេស្មានថាអាចធ្វើឲ្យប្រជា‌រាស្ដ្ររបស់យើងបំភ្លេចនាមយើង ដោយចាប់អារម្មណ៍ទៅលើសុបិនដែលគេរៀបរាប់ប្រាប់គ្នា ដូចដូនតារបស់ពួកគេបានភ្លេចនាមយើង ទៅគោរពព្រះបាល។

28 ដូច្នេះ ព្យាការីណាយល់សុបិនឲ្យគេរៀបរាប់ពីសុបិននោះទៅ។ រីឯអ្នកដែលទទួលពាក្យយើង ត្រូវយកពាក្យនោះទៅថ្លែងប្រាប់ឲ្យបានត្រឹមត្រូវ។

កុំលាយអង្កាម និងអង្ករចូលគ្នា

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

29 ពាក្យរបស់យើងប្រៀបបីដូចជាភ្លើង

និងដូចញញួរដំបំបែកថ្ម

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

30 ហេតុនេះហើយបានជាយើងប្រឆាំងនឹងពួកព្យាការី ដែលលួចយកពាក្យគ្នាទៅវិញទៅមក ហើយបន្លំថាជាពាក្យរបស់យើង – នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

31 យើងប្រឆាំងនឹងពួកព្យាការីដែលយកពាក្យខ្លួនមកប្រកាស ហើយថាជាពាក្យមកពីយើង -នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

32 យើងប្រឆាំងនឹងអស់អ្នកដែលយកសុបិននិមិត្តក្លែង‌ក្លាយ មកថ្លែងប្រាប់ប្រជា‌រាស្ត្ររបស់យើង ហើយនាំពួកគេឲ្យវង្វេងតាមពាក្យកុហកបោកប្រាស់។ យើងពុំបានចាត់ព្យាការីទាំងនោះឲ្យមកទេ ហើយយើងក៏ពុំបានបញ្ជាពួកនោះដែរ។ ព្យាការីទាំងនោះគ្មានផលប្រយោជន៍ដល់ប្រជា‌រាស្ត្ររបស់យើងទេ – នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

33 ប្រសិនបើប្រជា‌ជននេះ ឬព្យាការី* ឬបូជា‌ចារ្យ*ណាម្នាក់ សួរអ្នកថា “តើព្រះ‌អម្ចាស់មានព្រះ‌បន្ទូលព្រមានពួកយើងពីរឿងអ្វី?” នោះត្រូវឆ្លើយទៅគេវិញថា “ព្រះ‌អម្ចាស់ព្រមានថា ព្រះ‌អង្គនឹងបោះបង់ចោលអ្នករាល់គ្នា”។

34 យើងនឹងដាក់ទោសព្យាការី បូជា‌ចារ្យ ឬប្រជា‌ជនណាដែលពោលថា “ព្រះ‌អម្ចាស់ព្រមានពួកយើង” យើងក៏ដាក់ទោសក្រុមគ្រួសាររបស់គេដែរ។

35 អ្នករាល់គ្នាត្រូវសួរគ្នាទៅវិញទៅមក និងសួរបង‌ប្អូនរបស់ខ្លួនថា “តើព្រះ‌អម្ចាស់ឆ្លើយដូចម្ដេច?ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលដូចម្ដេច?”

36 គឺមិនត្រូវពោលពាក្យ “ព្រះ‌អម្ចាស់ព្រមាន” ទៀតឡើយ ដ្បិតអ្នកណាពោលពាក្យនេះ អ្នកនោះនឹងទទួលទោសតាមពាក្យរបស់ខ្លួន។ អ្នករាល់គ្នាបានបង្ខូចព្រះ‌បន្ទូលរបស់ព្រះ‌ជាម្ចាស់ ដែលមានព្រះ‌ជន្មគង់នៅ គឺព្រះ‌អម្ចាស់នៃពិភពទាំងមូល ជាព្រះនៃយើង។

37 ចូរសួរព្យាការីថា “តើព្រះ‌អម្ចាស់ឆ្លើយមកអ្នកវិញដូចម្ដេច? តើព្រះ‌អម្ចាស់មានព្រះ‌បន្ទូលដូចម្ដេចខ្លះ”?

38 ប្រសិនបើអ្នករាល់គ្នានៅតែពោលថាព្រះ‌អម្ចាស់ព្រមាន នោះព្រះ‌អម្ចាស់មានព្រះ‌បន្ទូលដូចតទៅ: យើងបានហាមអ្នករាល់គ្នាមិនឲ្យពោលពាក្យ “ព្រះ‌អម្ចាស់ព្រមាន” ប៉ុន្តែ ដោយអ្នករាល់គ្នានៅតែពោលពាក្យនេះ

39 យើងនឹងបោះបង់ចោលអ្នករាល់គ្នា យើងនឹងបណ្តេញអ្នករាល់គ្នាចេញឲ្យឆ្ងាយពីមុខយើង គឺទាំងអ្នករាល់គ្នា ទាំងទីក្រុងដែលយើងបានប្រគល់ឲ្យអ្នករាល់គ្នា និងដូនតារបស់អ្នករាល់គ្នា។

40 យើងនឹងធ្វើឲ្យអ្នករាល់គ្នាអាម៉ាស់មុខរហូតតទៅ អ្នករាល់គ្នានឹងបាក់មុខអស់‌កល្បជា‌និច្ច មិនអាចបំភ្លេចបានឡើយ»។