យេរេមា 24

ឧទុម្ពរពីរល្អី

1 ក្រោយពេលព្រះ‌ចៅនេប៊ូ‌ក្នេសា ជាស្ដេចស្រុកបាប៊ី‌ឡូន កៀរព្រះ‌បាទយេកូ‌នាស ជាបុត្ររបស់ព្រះ‌បាទយេហូ‌យ៉ាគីម ស្ដេចស្រុកយូដា ព្រមទាំងពួកមន្ត្រីរបស់ជន‌ជាតិយូដា ពួកជាងឈើ និងជាងដែក ពីក្រុងយេរូ‌សាឡឹមយកទៅក្រុងបាប៊ី‌ឡូនព្រះ‌អម្ចាស់បានបង្ហាញឲ្យខ្ញុំឃើញឧទុម្ពរ*ពីរល្អី ដែលគេដាក់នៅខាងមុខព្រះ‌វិហាររបស់ព្រះ‌អម្ចាស់។

2 ល្អីមួយមានដាក់ផ្លែឧទុម្ពរល្អៗ ដូចផ្លែដែលគេបេះនៅដើមរដូវ ល្អីមួយទៀតមានសុទ្ធតែផ្លែឧទុម្ពរស្អុយ ដែលពុំអាចបរិភោគបានឡើយ។

3 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំថា៖ «យេរេមាអើយ តើអ្នកឃើញអ្វីខ្លះ?»។ ខ្ញុំទូលព្រះ‌អង្គវិញថា៖ «ទូលបង្គំឃើញផ្លែឧទុម្ពរ។ មួយចំនួនជាផ្លែដ៏ល្អៗ មួយចំនួនទៀតជាផ្លែអាក្រក់ ដែលពុំអាចបរិភោគបាន»។

4 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំដូចតទៅ៖

5 «ព្រះ‌អម្ចាស់ជាព្រះនៃជន‌ជាតិអ៊ីស្រា‌អែល មានព្រះ‌បន្ទូលថា: មនុស្ស‌ម្នាចូលចិត្តផ្លែឧទុម្ពរល្អយ៉ាងណា យើងក៏ពេញចិត្តនឹងជន‌ជាតិយូដាដែលយើងបានបណ្ដេញចេញពីទីនេះ ឲ្យគេកៀរទៅជាឈ្លើយនៅស្រុកខាល់ដេយ៉ាងនោះដែរ។

6 យើងពេញចិត្តនឹងពួកគេ ហើយនឹងនាំពួកគេឲ្យវិលត្រឡប់មកកាន់ទឹកដីនេះវិញ យើងនឹងបណ្ដុះ‌បណ្ដាលពួកគេ ហើយមិនបំផ្លាញពួកគេទេ យើងនឹងដាំពួកគេ ហើយមិនរំលើងពួកគេចោលទៀតឡើយ។

7 យើងនឹងប្រគល់ចិត្តថ្មីមួយដល់គេ ដើម្បីឲ្យគេអាចស្គាល់ថា យើងជាព្រះ‌អម្ចាស់។ ពួកគេនឹងធ្វើជាប្រជា‌រាស្ត្ររបស់យើង យើងធ្វើជាព្រះរបស់ពួកគេ ហើយពួកគេនាំគ្នាវិលមករកយើងវិញដោយចិត្តស្មោះ»។

8 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖ «យើងនឹងប្រព្រឹត្តចំពោះសេដេ‌គា ជាស្ដេចស្រុកយូដា ពួកមន្ត្រី និងអ្នកក្រុងយេរូ‌សាឡឹមដែលនៅសេស‌សល់ ហើយរស់នៅក្នុងស្រុកនេះ ព្រមទាំងអ្នកដែលរស់នៅក្នុងស្រុកអេស៊ីប ដូចមនុស្សបោះចោលផ្លែឧទុម្ពរស្អុយ ពុំអាចបរិភោគបានយ៉ាងនោះដែរ។

9 យើងនឹងធ្វើឲ្យនគរទាំងប៉ុន្មាននៅលើផែនដីភ័យតក់‌ស្លុត ដោយឃើញពួកគេវេទនាបែបនេះ។ គ្រប់ទីកន្លែងដែលយើងកំចាត់‌កំចាយពួកគេឲ្យទៅនៅ មនុស្ស‌ម្នានឹងមាក់‌ងាយ ចំអកឲ្យពួកគេ ព្រមទាំងយកឈ្មោះពួកគេទៅជេរប្រមាថ និងដាក់បណ្ដាសាគ្នាទៀតផង។

10 យើងនឹងធ្វើឲ្យពួកគេវិនាសដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្ន‌រោគ រហូតដល់ពួកគេបាត់សូន្យពីទឹកដី ដែលយើងប្រគល់ឲ្យពួកគេ និងដូនតារបស់ពួកគេ»។