យេរេមា 31

ស្រុកអ៊ីស្រា‌អែល និងស្រុកយូដា នឹងត្រូវស្ដារឡើងវិញ

1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖

«នៅគ្រានោះ យើងនឹងធ្វើជា

ព្រះរបស់កុល‌សម្ព័ន្ធអ៊ីស្រា‌អែលទាំងមូល

ពួកគេនឹងធ្វើជាប្រជា‌រាស្ត្ររបស់យើង»។

2 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលទៀតថា៖

«នៅវាលរហោ‌ស្ថាន

យើងបានសម្តែងការប្រណីសន្ដោសដល់

ប្រជា‌ជនដែលសេស‌សល់ពីស្លាប់ក្នុងចំបាំង

ហើយអ៊ីស្រា‌អែលនឹងបានសុខ‌សាន្ត‌ត្រាណ។

3 ពួកគេពោលថាព្រះ‌អម្ចាស់បានសម្តែងព្រះ‌អង្គ

ឲ្យខ្ញុំឃើញពីចម្ងាយ។

ព្រះ‌អង្គមានព្រះ‌បន្ទូលមកខ្ញុំថា

“យើងស្រឡាញ់អ្នក ដោយចិត្តស្រឡាញ់

ដែលស្ថិត‌ស្ថេរនៅអស់‌កល្បជា‌និច្ច។

ហេតុនេះហើយបានជាយើងទាក់‌ទាញចិត្តអ្នក

ព្រោះយើងជំពាក់ចិត្តនឹងអ្នកយ៉ាងខ្លាំង។

4 នាងព្រហ្មចារីអ៊ីស្រា‌អែលអើយ!

យើងនឹងស្អាងនាងឲ្យមាំ‌មួនឡើងវិញ

រួចនាងនឹងចេញមកលោតរាំ

ទាំងលេងក្រាប់យ៉ាងសប្បាយ។

5 នាងនឹងដាំទំពាំង‌បាយជូរក្នុងចម្ការ

នៅតាមភ្នំក្នុងស្រុកសាម៉ារីឡើងវិញ។

អ្នកណាដាំ អ្នកនោះនឹងបេះផ្លែបរិភោគ”។

6 បន្តិចទៀត ពួកអ្នកយាមនឹងស្រែក

នៅលើភ្នំអេប្រាអ៊ីមថា:

“ចូរក្រោកឡើង!

យើងនាំគ្នាឡើងទៅលើភ្នំស៊ីយ៉ូន

ថ្វាយ‌បង្គំព្រះ‌អម្ចាស់ជាព្រះរបស់យើង!”»

7 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖

«ចូរហ៊ោកញ្ជ្រៀវអបអរ‌សាទរកូនចៅយ៉ាកុប!

ចូរទទួលប្រជា‌ជនដែលជាមេដឹកនាំ

នៃប្រជា‌ជាតិទាំង‌ឡាយ

ឲ្យបានគគ្រឹក‌គគ្រេងឡើង!

ចូរបន្លឺសំឡេង ចូរលើកតម្កើងព្រះ‌អម្ចាស់!

ហើយពោលថា: “ព្រះ‌អម្ចាស់អើយ!

សូមសង្គ្រោះប្រជា‌រាស្ដ្ររបស់ព្រះ‌អង្គ

គឺជន‌ជាតិអ៊ីស្រា‌អែលដែលនៅសេស‌សល់”។

8 យើងនឹងនាំពួកគេមកពីស្រុកខាងជើង

ហើយក៏ប្រមូលពួកគេពីទីដាច់ស្រយាល

នៃផែនដីមកវិញដែរ។

ពួកគេមកទាំងអស់គ្នា

គឺមានទាំងមនុស្សខ្វាក់មនុស្សខ្វិន

ស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសម្រាលកូន។

ពួកគេវិលត្រឡប់មកវិញយ៉ាងច្រើនឥតគណនា។

9 ពួកគេមកដល់ ទាំងយំផង ទាំងទូល‌អង្វរផង

យើងនឹងដឹកនាំពួកគេដើរតាមផ្លូវរាបស្មើ

គ្មានអ្វីជំពប់ជើង តម្រង់ទៅកន្លែង

ដែលមានទឹកហូរ

ដ្បិតយើងជាឪពុករបស់ជន‌ជាតិអ៊ីស្រា‌អែល

ហើយអេប្រាអ៊ីមជាកូនច្បងរបស់យើង»។

10 ប្រជា‌ជាតិទាំង‌ឡាយអើយ

ចូរនាំគ្នាស្ដាប់ព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់

ហើយផ្សព្វ‌ផ្សាយរហូតដល់កោះឆ្ងាយៗ!

ចូរប្រកាសថា:

«ព្រះដែលកំចាត់‌កំចាយជន‌ជាតិអ៊ីស្រា‌អែល

ទ្រង់ប្រមូលពួកគេមកវិញហើយ

ព្រះ‌អង្គថែ‌រក្សាអ៊ីស្រា‌អែល

ដូចគង្វាលរក្សាហ្វូងចៀមរបស់ខ្លួន។

11 ព្រះ‌អម្ចាស់រំដោះកូនចៅរបស់លោកយ៉ាកុប

ព្រះ‌អង្គលោះពួកគេឲ្យរួចពីខ្មាំង

ដែលមានកម្លាំងខ្លាំងជាងពួកគេ។

12 ពួកគេត្រឡប់មកវិញ

ទាំងស្រែកហ៊ោដោយអំណរ នៅលើភ្នំស៊ីយ៉ូន

ពួកគេនាំគ្នារត់ទៅទទួលទ្រព្យសម្បត្តិ

ដែលព្រះ‌អម្ចាស់ប្រទានឲ្យ

គឺមានស្រូវ ស្រាទំពាំង‌បាយជូរថ្មី ប្រេង

ហ្វូងចៀម និងហ្វូងគោ។

ចិត្តរបស់ពួកគេប្រៀបដូចសួនឧទ្យាន

ដែលមានទឹកស្រោចស្រព

ពួកគេនឹងលែងខ្សោះល្វើយទៀតហើយ។

13 ពេលនោះ ស្ត្រីក្រមុំនឹងនាំគ្នារាំយ៉ាងសប្បាយ

ហើយពួកយុវជន និងពួកចាស់ទុំ

ក៏នឹងរាំយ៉ាងសប្បាយដែរ។

យើងនឹងធ្វើឲ្យទុក្ខព្រួយរបស់ពួកគេ

ប្រែទៅជាអំណររីក‌រាយ

យើងនឹងសម្រាលទុក្ខពួកគេ

ហើយធ្វើឲ្យពួកគេមានអំណរសប្បាយ

ឡើងវិញ។

14 យើងនឹងឲ្យសាច់ដ៏ល្អៗដល់

ពួកបូជា‌ចារ្យបរិភោគយ៉ាងស្កប់‌ស្កល់

ហើយយើងនឹងផ្ដល់សម្បត្តិដ៏បរិបូណ៌

ដល់ប្រជា‌រាស្ត្ររបស់យើង»

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

15 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖

«មានឮសំឡេងយំនៅភូមិរ៉ាម៉ា

ជាទំនួញសោក‌សៅ និងសម្រែកឈឺចាប់

គឺនាងរ៉ាជែលយំសោកអាណិតកូន

នាងមិនព្រមឲ្យនរណាលួង‌លោមឡើយ

ព្រោះកូនរបស់នាងបាត់បង់ជីវិត

អស់ទៅហើយ»។

16 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖

«ឈប់យំសោក និងឈប់បង្ហូរទឹកភ្នែកទៅ!

ដ្បិតនាងទទួលផលពីអំពើដែលខ្លួនប្រព្រឹត្ត

កូនចៅរបស់នាងនឹងវិលត្រឡប់ពីស្រុក

របស់ខ្មាំងសត្រូវមកវិញ

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់-

17 អនាគតនាងពោរ‌ពេញដោយសេចក្ដីសង្ឃឹម

ព្រោះកូនចៅរបស់នាងវិលត្រឡប់មក

ទឹកដីរបស់ខ្លួនវិញ

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

18 យើងឮអេប្រាអ៊ីមយំរៀបរាប់ថា:

“ព្រះ‌អង្គបានដាក់ទោសទូលបង្គំ

ហើយទូលបង្គំក៏ទទួលទោស

ដូចកូនគោដែលមិនទាន់ផ្សាំង។

សូមនាំទូលបង្គំឲ្យវិលមកវិញ

នោះទូលបង្គំនឹងវិលមកវិញ

ដ្បិតព្រះ‌អង្គជាព្រះ‌អម្ចាស់

និងជាព្រះរបស់ទូលបង្គំ។

19 ទូលបង្គំវិលមកវិញ ទាំងនឹកស្ដាយកំហុស។

ពេលដឹងខ្លួនខុសទូលបង្គំក៏គក់ទ្រូង

នឹកស្ដាយ ហើយអៀនខ្មាស។

ទូលបង្គំបាក់មុខ ព្រោះតែអំពើដែលទូលបង្គំ

ប្រព្រឹត្តកាលនៅពីក្មេង”។

20 អេប្រាអ៊ីមជាកូនសម្លាញ់

ជាកូនសំណព្វចិត្តរបស់យើង។

ពេលណាយើងគិតនឹងដាក់ទោសអេប្រាអ៊ីម

យើងចេះតែនឹកឃើញគេជា‌និច្ច

យើងខ្លោចចិត្តអាណិតគេ

យើងស្រឡាញ់គេខ្លាំងណាស់»

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

21 «ចូរលើកទង់សញ្ញា និងបង្គោលចំណាំឡើង

ចូរប្រុងប្រយ័ត្ននឹងផ្លូវដែលអ្នកដើរ

នាងព្រហ្មចារីអ៊ីស្រា‌អែលអើយ

ចូរវិលត្រឡប់មកវិញ

ចូរវិលត្រឡប់មកក្រុងនានារបស់នាងវិញ។

22 កូនស្រីដែលបះ‌បោរអើយ

តើនាងនៅតែដើរតែល‌តោល

ដល់កាលណាទៀត?

ព្រះ‌អម្ចាស់បានធ្វើឲ្យមានការមួយថ្មី

កើតឡើងនៅលើផែនដីនេះ

គឺប្រពន្ធបែរជាស្វែងរកប្ដីទៅវិញ!»។

សម្ពន្ធ‌មេត្រីថ្មី

23 ព្រះ‌អម្ចាស់នៃពិភពទាំងមូល ជាព្រះនៃជន‌ជាតិអ៊ីស្រា‌អែល មានព្រះ‌បន្ទូលថា៖ «នៅពេលដែលយើងស្ដារស្រុកទេសឡើងវិញ ប្រជា‌ជនក្នុងស្រុកយូដា និងក្នុងក្រុងទាំង‌ឡាយ នឹងពោលថា:

“អ្នកជាព្រះ‌ដំណាក់ដ៏សុចរិត និងជាភ្នំដ៏‌វិសុទ្ធ

សូមព្រះ‌អម្ចាស់ប្រទានពរអ្នក!”

24 អ្នកស្រែចម្ការ ព្រមទាំងអ្នកចិញ្ចឹមសត្វ នឹងរស់នៅជាមួយគ្នា នៅតាមទីក្រុងទាំងប៉ុន្មានក្នុងស្រុកយូដា។

25 យើងនឹងឲ្យទឹកដល់អ្នកដែលស្រេក ហើយជួយអ្នកខ្សោះល្វើយឲ្យមានកម្លាំងឡើងវិញ»។

26 ពេលនោះ ខ្ញុំភ្ញាក់ឡើង ហើយឃើញថា ខ្ញុំដេកលក់យ៉ាងស្កប់‌ស្កល់!

27 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖ «នៅគ្រាខាងមុខយើងនឹងធ្វើឲ្យទាំងមនុស្ស ទាំងសត្វ កើនចំនួនច្រើនឡើង នៅស្រុកអ៊ីស្រា‌អែល និងស្រុកយូដា។

28 ពីមុន យើងធ្លាប់មករកពួកគេ ដើម្បីរំលើង រំលំ កម្ទេច និងបំផ្លាញឲ្យវិនាសយ៉ាងណា យើងនឹងមករកពួកគេ ដើម្បីសង់ និងដាំឡើងវិញយ៉ាងនោះដែរ -នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

29 នៅគ្រានោះ គេលែងពោលថា “ឪពុកបរិភោគក្តឹបទំពាំង‌បាយជូរ តែកូនបែរជាឈឺធ្មេញ” ទៀតហើយ

30 គឺម្នាក់ៗត្រូវស្លាប់ ព្រោះតែកំហុសរបស់ខ្លួន។ អ្នកណាបរិភោគក្តឹបទំពាំង‌បាយជូរ អ្នកនោះនឹងឈឺធ្មេញ»។

31 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖ «នៅគ្រាខាងមុខយើងនឹងចងសម្ពន្ធ‌មេត្រីថ្មីជាមួយប្រជា‌ជនអ៊ីស្រា‌អែល និងប្រជា‌ជនយូដា។

32 សម្ពន្ធ‌មេត្រីថ្មីនេះមិនដូចសម្ពន្ធ‌មេត្រី ដែលយើងបានចងជាមួយបុព្វបុរសរបស់ពួកគេ នៅគ្រាដែលយើងដឹកដៃបុព្វបុរសនោះ នាំចេញពីស្រុកអេស៊ីបទេ។ ទោះបីយើងជាម្ចាស់របស់ពួកគេក្ដី ក៏ពួកគេផ្ដាច់សម្ពន្ធ‌មេត្រីរបស់យើងដែរ។

33 សម្ពន្ធ‌មេត្រីថ្មី ដែលយើងនឹងចងជាមួយប្រជា‌ជនអ៊ីស្រា‌អែលនៅពេលខាងមុខ មានដូចតទៅ: យើងនឹងដាក់ក្រឹត្យ‌វិន័យរបស់យើងនៅក្នុងជម្រៅចិត្តរបស់ពួកគេ យើងនឹងចារក្រឹត្យ‌វិន័យនោះក្នុងចិត្តគំនិតរបស់ពួកគេ យើងនឹងធ្វើជាព្រះរបស់ពួកគេ ពួកគេធ្វើជាប្រជា‌រាស្ត្ររបស់យើង – នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

34 គេនឹងលែងបង្រៀនជនរួមជាតិរបស់ខ្លួន គេក៏លែងនិយាយប្រាប់បង‌ប្អូនរបស់ខ្លួនថា “ត្រូវតែស្គាល់ព្រះ‌អម្ចាស់” ទៀតហើយ ព្រោះតាំងពីអ្នកតូចបំផុតរហូតដល់អ្នកធំបំផុត គេនឹងស្គាល់យើងគ្រប់ៗគ្នា។ យើងអត់‌អោនឲ្យគេចំពោះអំពើទុច្ចរិត ដែលគេបានប្រព្រឹត្ត ហើយយើងក៏លែងនឹកនាពីអំពើបាបរបស់គេទៀតដែរ» -នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

35 ព្រះ‌អម្ចាស់ដែលតែង‌តាំងព្រះ‌អាទិត្យ

ឲ្យបំភ្លឺនៅពេលថ្ងៃ

ហើយព្រះ‌ច័ន្ទ និងហ្វូង‌តារា

បំភ្លឺនៅពេលយប់ តាមពេលកំណត់

ព្រះ‌អង្គធ្វើឲ្យកក្រើកទឹកសមុទ្រ

និងមានរលកបក់បោក

ព្រះ‌អង្គដែលមានព្រះ‌នាមថា

“ព្រះ‌អម្ចាស់នៃពិភពទាំងមូល” មានព្រះ‌បន្ទូលថា៖

36 «ប្រសិនបើច្បាប់ធម្ម‌ជាតិទាំងនេះលែងមាន

នោះអ៊ីស្រា‌អែលក៏លែងមានឈ្មោះជា

ប្រជា‌ជាតិនៅចំពោះមុខយើង

រហូតតទៅដែរ»

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

37 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលទៀតថា៖

«ប្រសិនបើគេអាចវាស់បណ្ដោយផ្ទៃមេឃ

និងជម្រៅផែនដីបាន

នោះយើងក៏បោះបង់ចោលពូជ‌ពង្សអ៊ីស្រា‌អែល

ព្រោះតែអំពើទាំងប៉ុន្មាន

ដែលពួកគេប្រព្រឹត្តដែរ»

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

38 នៅគ្រាខាងមុខ គេនឹងសង់ទីក្រុងឡើងវិញថ្វាយព្រះ‌អម្ចាស់គឺចាប់តាំងពីប៉មហាណា‌នាលរហូតដល់ទ្វារនៅជ្រុងកំពែង។

39 គេនឹងកំណត់ព្រំ‌ប្រទល់ថ្មីរបស់ទីក្រុង ចាប់ពីកន្លែងនោះឆ្ពោះទៅទិសខាងលិច រហូតដល់ភ្នំការេប រួចបត់ឆ្ពោះទៅកូអាត។

40 ជ្រលងភ្នំសាក‌សព និងផេះ ទាំងមូល ហើយចន្លោះទាំងប៉ុន្មានដែលលាតសន្ធឹងរហូតដល់ជ្រោះកេដ្រូន និងជ្រុងទ្វារសេះ ដែលនៅខាងកើត ត្រូវញែកថ្វាយព្រះ‌អម្ចាស់។ កន្លែងទាំងនោះ នឹងមិនត្រូវគាស់ ឬកម្ទេចឡើយ។