យ៉ាកុប 4

ការស្រឡាញ់លោកីយ៍

1 ការទាស់‌ទែង ឈ្លោះប្រកែកគ្នា ក្នុងចំណោមបង‌ប្អូន កើតមកពីអ្វី? តើមិនមែនមកពីចិត្តស្រើប‌ស្រាល ដែលប្រទាញ‌ប្រទង់គ្នា នៅក្នុងសរីរាង្គរបស់បង‌ប្អូនទេឬ?

2 បង‌ប្អូនមានចិត្តលោភ‌លន់ តែមិនបានដូចការប៉ង‌ប្រាថ្នាទេ បង‌ប្អូនក៏សម្លាប់ និងឈ្នានីសគេ ហើយនៅតែគ្មានបានផលអ្វី បង‌ប្អូនឈ្លោះប្រកែក និងទាស់‌ទែងគ្នា ក៏នៅតែពុំបានទទួលអ្វីដែរ ព្រោះបង‌ប្អូនមិនទូលសូមពីព្រះ‌ជាម្ចាស់។

3 បង‌ប្អូនទូលសូមដែរ តែឥតបានទទួល ព្រោះបង‌ប្អូនទូលសូមដោយបំណងអាក្រក់ គឺបង‌ប្អូនចង់បាន សម្រាប់តែបំពេញចិត្តស្រើប‌ស្រាលរបស់ខ្លួនប៉ុណ្ណោះ។

4 មនុស្សក្បត់ចិត្តអើយ ! បង‌ប្អូនមិនជ្រាបទេឬថា ការស្រឡាញ់លោកីយ៍ធ្វើឲ្យខ្លួនទៅជាសត្រូវនឹងព្រះ‌ជាម្ចាស់? អ្នកណាចង់ធ្វើជាមិត្តសម្លាញ់នឹងលោកីយ៍ អ្នកនោះតាំងខ្លួនជាសត្រូវនឹងព្រះ‌ជាម្ចាស់!

5 តើបង‌ប្អូនស្មានថាសេចក្ដីដែលមានចែងទុកក្នុងគម្ពីរឥតបានការអ្វីទេឬ គឺថា ព្រះ‌ជាម្ចាស់មានព្រះ‌ហឫទ័យស្រឡាញ់វិញ្ញាណ ដែលព្រះ‌អង្គប្រទានឲ្យមកគង់ក្នុងបង‌ប្អូនរហូតដល់ប្រច័ណ្ឌ។

6 ប៉ុន្តែ ព្រះ‌អង្គមានព្រះ‌ហឫទ័យប្រណី‌សន្ដោសខ្លាំងជាងនេះទៅទៀត ដ្បិតមានចែងទុកក្នុងគម្ពីរថា«ព្រះ‌ជាម្ចាស់ប្រឆាំងនឹងមនុស្សមានអំនួត តែទ្រង់ប្រណី‌សន្ដោសអស់អ្នកដែលដាក់ខ្លួន»។

7 ដូច្នេះ សូមបង‌ប្អូនគោរពចុះចូលព្រះ‌ជាម្ចាស់ ហើយប្រឆាំងនឹងមារ* នោះវាមុខជារត់ចេញឆ្ងាយពីបង‌ប្អូនមិនខាន។

8 សូមចូលទៅជិតព្រះ‌ជាម្ចាស់ នោះព្រះ‌អង្គនឹងយាងមកជិតបង‌ប្អូនវិញដែរ។ មនុស្សបាបអើយ ចូរជម្រះខ្លួនឲ្យបានបរិសុទ្ធ*ទៅ! មនុស្សមានចិត្តពីរអើយ ចូរជម្រះចិត្តគំនិតឲ្យបានស្អាតឡើង!

9 ចូរទទួលស្គាល់ថាខ្លួនធ្លាក់ដល់កម្រិតណាហើយ ចូរកាន់ទុក្ខ និងសោកសង្រេង ព្រមទាំងធ្វើឲ្យសំណើចក្អាក‌ក្អាយរបស់អ្នករាល់គ្នាប្រែទៅជាទុក្ខសោក ហើយឲ្យអំណរសប្បាយរបស់អ្នករាល់គ្នាប្រែទៅជាទុក្ខព្រួយវិញ។

10 ចូរបន្ទាបខ្លួននៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌ជាម្ចាស់ នោះព្រះ‌អង្គនឹងលើកតម្កើងអ្នករាល់គ្នាជាមិនខាន។

កុំថ្កោលទោសបង‌ប្អូន

11 បង‌ប្អូនអើយ មិនត្រូវនិយាយដើមគ្នាទៅវិញទៅមកឡើយ អ្នកណានិយាយដើម ឬថ្កោលទោសបង‌ប្អូនណាម្នាក់ អ្នកនោះក៏ដូចជានិយាយដើមក្រឹត្យ‌វិន័យ* និងថ្កោលទោសក្រឹត្យ‌វិន័យដែរ។ ប្រសិនបើអ្នកថ្កោលទោសក្រឹត្យ‌វិន័យបានសេចក្ដីថា អ្នកមិនមែនកាន់ក្រឹត្យ‌វិន័យទេ គឺអ្នកថ្កោលទោសក្រឹត្យ‌វិន័យទៅវិញ។

12 មានតែព្រះ‌ជាម្ចាស់មួយព្រះ‌អង្គគត់ដែលបង្កើតក្រឹត្យ‌វិន័យ ហើយទ្រង់ជាចៅ‌ក្រមវិនិច្ឆ័យទោស។ មានតែព្រះ‌អង្គប៉ុណ្ណោះដែលអាចសង្គ្រោះ និងធ្វើឲ្យវិនាស។ រីឯអ្នកវិញ តើអ្នកមានឋានៈអ្វីបានជាហ៊ានថ្កោលទោសបង‌ប្អូនឯទៀតៗដូច្នេះ!

កុំមានគំនិតខ្ពស់

13 ឥឡូវនេះ ចំពោះបង‌ប្អូនដែលពោលថា «ថ្ងៃនេះឬស្អែក យើងនឹងធ្វើដំណើរទៅក្រុងមួយ ហើយស្នាក់នៅក្រុងនោះមួយឆ្នាំ ដើម្បីរកស៊ី និងបានចំណេញ!» ខ្ញុំសូមជម្រាបថា

14 បង‌ប្អូនពុំដឹងថា ថ្ងៃស្អែក ជីវិតបង‌ប្អូននឹងទៅជាយ៉ាងណាឡើយ! បង‌ប្អូនប្រៀបបីដូចជាចំហាយទឹក ដែលមានតែមួយ‌ភ្លែត រួចក៏រសាត់បាត់ទៅ។

15 បង‌ប្អូនគួរតែពោលថា «បើព្រះ‌អម្ចាស់សព្វព្រះ‌ហឫទ័យ យើងនឹងមានជីវិតរស់ ហើយយើងធ្វើការនេះ ឬធ្វើការនោះ»

16 តែឥឡូវនេះ បង‌ប្អូនបែរជាក្អេង‌ក្អាងអួតបំប៉ោងទៅវិញ។ ការអួតក្អេង‌ក្អាងបែបនេះអាក្រក់ណាស់។

17 ប្រសិនបើអ្នកណាចេះធ្វើអំពើល្អ តែមិនព្រមធ្វើ អ្នកនោះប្រព្រឹត្តអំពើបាបហើយ។

—https://d1b84921e69nmq.cloudfront.net/364/32k/JAS/4-67e59127aa84265f67fe441621631acc.mp3?version_id=85—