យេរេមា 39

ស្ដេចស្រុកបាប៊ី‌ឡូនវាយយកក្រុងយេរូ‌សាឡឹម

នេះជាដំណើររឿងស្ដីអំពីការវាយយកក្រុងយេរូ‌សាឡឹម:

1 នៅខែទីដប់ ក្នុងឆ្នាំទីប្រាំបួន នៃរជ្ជកាលព្រះ‌បាទសេដេ‌គា ជាស្ដេចស្រុកយូដា ព្រះ‌ចៅនេប៊ូ‌ក្នេសា ជាស្ដេចស្រុកបាប៊ី‌ឡូន លើកកង‌ទ័ពទាំងមូលមកដល់ក្រុងយេរូ‌សាឡឹម ហើយឡោម‌ព័ទ្ធទីក្រុង។

2 នៅខែទីបួន ថ្ងៃទីប្រាំបួន ក្នុងឆ្នាំទីដប់មួយ នៃរជ្ជកាលព្រះ‌បាទសេដេ‌គា កង‌ទ័ពបាប៊ី‌ឡូនបានទម្លុះកំពែងក្រុង។

3 ពេលនោះ មេ‌ទ័ពរបស់ស្ដេចស្រុកបាប៊ី‌ឡូនដណ្ដើមយកបានទ្វារកណ្ដាល។ មេ‌ទ័ពទាំងនោះ គឺលោកនើកាល-‌សារេ‌ស៊ើរ លោកសាំការ-‌នេប៊ូ លោកសាសេ‌គិម ជាមេលើពួកមហា‌តលិក លោកមេបញ្ជា‌ការនើកាល-‌សារេ‌ស៊ើរ និងមេ‌ទ័ពឯទៀតៗរបស់ស្ដេចស្រុកបាប៊ី‌ឡូន។

4 ពេលព្រះ‌បាទសេដេ‌គា ជាស្ដេចស្រុកយូដា និងទាហានទាំងអស់ ឃើញទ័ពបាប៊ី‌ឡូនចូលមកដល់ ក៏នាំគ្នាភៀសខ្លួនចេញពីទីក្រុងនៅពេលយប់ តាមផ្លូវឧទ្យានរបស់ស្ដេច និងតាមទ្វារដែលស្ថិតនៅចន្លោះកំពែងទាំងពីរ ហើយនាំគ្នាចេញតាមផ្លូវឆ្ពោះទៅវាលអារ៉ាបា។

5 ប៉ុន្តែ កង‌ទ័ពខាល់ដេនាំគ្នាដេញតាមទាន់ព្រះ‌បាទសេដេ‌គា នៅវាលទំនាប ជិតក្រុងយេរីខូ។ ពួកគេចាប់ស្ដេចបញ្ជូនទៅព្រះ‌ចៅនេប៊ូ‌ក្នេសា នៅក្រុងរីបឡា ក្នុងស្រុកហា‌ម៉ាត់ ព្រះ‌ចៅនេប៊ូ‌ក្នេសាប្រកាសកាត់ទោសព្រះ‌បាទសេដេ‌គា។

6 ស្ដេចស្រុកបាប៊ី‌ឡូនបញ្ជាឲ្យគេអារ-ក បុត្រាទាំងប៉ុន្មានរបស់ព្រះ‌បាទសេដេ‌គា នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌បាទសេដេ‌គា។ ស្ដេចស្រុកបាប៊ី‌ឡូនក៏បានឲ្យគេអារ-ក ពួកអ្នកធំទាំងអស់នៃស្រុកយូដាដែរ។

7 បន្ទាប់មក ស្ដេចនេប៊ូ‌ក្នេសាឲ្យគេចាក់ភ្នែករបស់ព្រះ‌បាទសេដេ‌គា រួចដាក់ច្រវាក់លង្ហិនពីរជាន់នាំទៅស្រុកបាប៊ី‌ឡូន។

8 ជន‌ជាតិខាល់ដេដុតកម្ទេចវាំង និងផ្ទះរបស់ប្រជា‌ជន ព្រមទាំងរំលំកំពែងក្រុងយេរូ‌សាឡឹមទៀតផង។

9 រីឯប្រជា‌ជនដែលនៅសេស‌សល់ ហើយរស់នៅក្នុងទីក្រុង និងទាហានដែលបានរត់ទៅចុះចូលនឹងស្ដេចស្រុកបាប៊ី‌ឡូន ព្រមទាំងពួកជាង ដែលនៅសេស‌សល់ លោកនេប៊ូ‌សារ៉ា‌ដាន ជារាជប្រតិភូនាំយកទៅជាឈ្លើយ។

10 ប៉ុន្តែ លោកមេបញ្ជា‌ការនេប៊ូ‌សារ៉ា‌ដានអនុញ្ញាតឲ្យជនក្រីក្រ គឺអ្នកដែលគ្មានអ្វីទាំងអស់រស់នៅក្នុងស្រុកយូដា ហើយនៅថ្ងៃនោះ គាត់បានចែកចម្ការទំពាំង‌បាយជូរ និងដីស្រែឲ្យពួកគេទៀតផង។

ស្ដេចនេប៊ូ‌ក្នេសាដោះលែងលោកយេរេមា

11 ចំពោះព្យាការីយេរេមាវិញ ព្រះចៅនេប៊ូ‌ក្នេសាបានបញ្ជាឲ្យលោកនេប៊ូ‌សារ៉ា‌ដាន ជារាជ‌ប្រតិភូថា៖

12 «ចូរលោកនាំគាត់ទៅ ហើយទំនុកបម្រុងគាត់ផង កុំធ្វើបាបគាត់ឲ្យសោះ ប្រសិនបើគាត់ចង់បានអ្វី ចូរប្រគល់ឲ្យចុះ»។

13 លោកនេប៊ូ‌សារ៉ា‌ដានជារាជ‌ប្រតិភូ លោកនេប៊ូ‌សាស‌បានជាមេរបស់ពួកមហា‌តលិក លោកមេបញ្ជា‌ការនើកាល-‌សារេ‌ស៊ើរ និងមេ‌ទ័ពទាំងអស់របស់ស្ដេចស្រុកបាប៊ី‌ឡូន

14 ចាត់គេឲ្យទៅនាំលោកយេរេមា ចេញពីបន្ទាយកងរក្សាស្ដេចស្រុកយូដា ប្រគល់ទៅលោកកេដា‌លាជាកូនរបស់លោកអហ៊ី‌កាម និងជាចៅរបស់លោកសាផាន ដើម្បីឲ្យគាត់នាំលោកទៅផ្ទះរបស់លោកវិញ ហើយលោករស់នៅក្នុងចំណោមប្រជា‌ជន។

ព្រះ‌បន្ទូលសម្រាប់លោកអេបេដ-‌មេលេក

15 ពេលលោកយេរេមា ជាប់ឃុំក្នុងបន្ទាយរបស់កងរក្សាស្ដេចនៅឡើយព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកលោកដូចតទៅ៖

16 «ចូរទៅប្រាប់អេបេដ-‌មេលេក ជាជន‌ជាតិអេត្យូ‌ពីថាព្រះ‌អម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជន‌ជាតិអ៊ីស្រា‌អែល មានព្រះ‌បន្ទូលដូចតទៅ: យើងនឹងធ្វើឲ្យទុក្ខវេទនាកើតមានដល់ក្រុងនេះដូចពាក្យយើងប្រកាស គឺយើងមិននាំសេចក្ដីសុខមកទេ។ នៅថ្ងៃនោះអ្នកនឹងឃើញហេតុ‌ការណ៍កើតឡើងផ្ទាល់នឹងភ្នែក។

17 ប៉ុន្តែ នៅថ្ងៃនោះ យើងនឹងរំដោះអ្នក – នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់- គឺអ្នកមិនធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់មនុស្សដែលអ្នកភ័យខ្លាចឡើយ។

18 យើងនឹងឲ្យអ្នកគេចផុតពីកណ្ដាប់ដៃរបស់ខ្មាំង អ្នកមិនត្រូវស្លាប់ដោយមុខដាវទេ គឺអ្នកនឹងរួចជីវិត ដ្បិតអ្នកបានផ្ញើជីវិតលើយើង» -នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។