យេរេមា 45

លោកយេរេមាសម្រាលទុក្ខលោកបារូក

1 នៅឆ្នាំទីបួននៃរជ្ជកាលព្រះ‌បាទយេហូ‌យ៉ាគីម បុត្ររបស់ព្រះ‌បាទយ៉ូសៀស ជាស្ដេចស្រុកយូដា លោកបារូក ជាកូនរបស់លោកនេរី‌យ៉ា សរសេរព្រះ‌បន្ទូលទាំងនេះតាមលោកយេរេមាថ្លែងប្រាប់ ទុកក្នុងក្រាំងមួយ។ ពេលនោះ លោកយេរេមាមានប្រសាសន៍មកកាន់លោកបារូកថា៖

2 «បារូកអើយព្រះ‌អម្ចាស់ជាព្រះនៃជន‌ជាតិអ៊ីស្រា‌អែល មានព្រះ‌បន្ទូលអំពីអ្នកដូចតទៅ:

3 អ្នកពោលថា “ខ្ញុំត្រូវវេទនាហើយ! ដ្បិតព្រះ‌អម្ចាស់ធ្វើឲ្យខ្ញុំមានទុក្ខកង្វល់ ថែមពីលើការឈឺចាប់ដែលខ្ញុំកំពុងតែមានស្រាប់ ខ្ញុំថ្ងូររហូតដល់អស់កម្លាំង ខ្ញុំមានទុក្ខឥតស្បើយ”។

4 ព្រះ‌អង្គឲ្យខ្ញុំប្រាប់អ្នកថា “យើងនឹងកម្ទេចចោលនូវអ្វីៗដែលយើងបានសង់ យើងនឹងដកចោលនូវអ្វីៗដែលយើងបានដាំ។ យើងធ្វើដូច្នេះនៅលើផែនដីទាំងមូល។

5 រីឯអ្នក តើអ្នកប្រាថ្នាចង់បានភាពឧត្តុង្គ‌ឧត្ដមឬ? កុំមានបំណងដូច្នេះទៀតឡើយ! ដ្បិតយើងនឹងធ្វើឲ្យទុក្ខវេទនា កើតមានដល់សត្វលោកទាំងមូល – នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់- តែយើងនឹងឲ្យអ្នកបានរួចជីវិត នៅគ្រប់ទីកន្លែងដែលអ្នកទៅ”»។