១ ពេត្រុស 1

សេចក្ដីផ្ដើម

1 ខ្ញុំ ពេត្រុស ជាសាវ័ក*របស់ព្រះ‌យេស៊ូ‌គ្រិស្ដ សូមជម្រាបមកបង‌ប្អូនដែលព្រះ‌ជា‌ម្ចាស់បានជ្រើសរើស ហើយដែលបែក‌ខ្ញែកគ្នាទៅរស់ជាអាណិក‌ជន នៅស្រុកប៉ុនតុស ស្រុកកាឡាទី ស្រុកកាប៉ា‌ដូគា ស្រុកអាស៊ី និងស្រុកប៊ីធូ‌នា។

2 ព្រះ‌ជា‌ម្ចាស់ ជាព្រះ‌បិតា បានជ្រើសរើសបង‌ប្អូន តាមគម្រោង‌ការដែលព្រះ‌អង្គគ្រោងទុកពីមុនមក ដោយព្រះ‌វិញ្ញាណប្រោសបង‌ប្អូនឲ្យបានវិសុទ្ធ* ដើម្បីឲ្យបង‌ប្អូនស្ដាប់បង្គាប់ព្រះ‌យេស៊ូ‌គ្រិស្ដ* និងឲ្យព្រះ‌អង្គប្រោះព្រះ‌លោហិតរបស់ព្រះ‌អង្គលើបង‌ប្អូន ។ សូមឲ្យបង‌ប្អូនបានប្រកបដោយព្រះ‌គុណ និងសេចក្ដីសុខ‌សាន្តកាន់តែច្រើនឡើងៗ។

សេចក្ដីសង្ឃឹម

3 សូមសរសើរតម្កើងព្រះ‌ជា‌ម្ចាស់ ជាព្រះ‌បិតារបស់ព្រះ‌យេស៊ូ‌គ្រិស្ដ* ជាព្រះ‌អម្ចាស់នៃយើង។ ព្រះ‌ជា‌ម្ចាស់បានប្រោសយើងឲ្យកើតជាថ្មី ដោយប្រោសព្រះ‌យេស៊ូ‌គ្រិស្ដ*ឲ្យមានព្រះ‌ជន្មរស់ឡើងវិញ ស្របតាមព្រះ‌ហឫទ័យមេត្តា‌ករុណាដ៏លើស‌លប់របស់ព្រះ‌អង្គ ដូច្នេះ យើងមានសេចក្ដីសង្ឃឹមដែលមិនចេះសាបសូន្យ

4 ហើយយើងនឹងទទួលមត៌ក ដែលមិនចេះរលួយ មិនចេះសៅ‌ហ្មង មិនចេះស្រពោន។ ព្រះ‌ជា‌ម្ចាស់បម្រុងទុកមត៌កនេះឲ្យបង‌ប្អូននៅស្ថានបរម‌សុខ*

5 ហើយឫទ្ធា‌នុភាពរបស់ព្រះ‌អង្គថែ‌រក្សាបង‌ប្អូន ដោយ‌សារជំនឿ ដើម្បីឲ្យបង‌ប្អូនទទួលការសង្គ្រោះ ដែលព្រះ‌អង្គបានរៀបចំទុកជាស្រេច ហើយដែលទ្រង់នឹងសម្តែងនៅគ្រាចុងក្រោយបំផុត។

6 ហេតុនេះហើយបានជាបង‌ប្អូនមានចិត្តរីក‌រាយយ៉ាងខ្លាំង ទោះបីពេលនេះ បង‌ប្អូនព្រួយចិត្តដោយជួបនឹងទុក្ខលំបាកផ្សេងៗ ក្នុងមួយរយៈពេលខ្លីក៏ដោយ។

7 ទុក្ខលំបាកទាំងនេះនឹងលត់‌ដំ ជំនឿរបស់បង‌ប្អូន ឲ្យមានតម្លៃលើសមាស ដែលតែងតែរលាយសូន្យនោះទៅទៀត គឺមាសដែលសំរាំងក្នុងភ្លើង។ នៅថ្ងៃដែលព្រះ‌យេស៊ូគ្រិស្ដសម្តែងខ្លួនឲ្យមនុស្សលោកឃើញ ជំនឿរបស់បង‌ប្អូននឹងទទួលការសរសើរ ទទួលសិរី‌រុងរឿង និងកិត្តិយសជាមិនខាន។

8 បង‌ប្អូនមិនដែលបានឃើញព្រះ‌អង្គទេ តែបង‌ប្អូនស្រឡាញ់ព្រះ‌អង្គ ទោះបីបង‌ប្អូននៅតែពុំទាន់ឃើញព្រះ‌អង្គក្ដី ក៏បង‌ប្អូនជឿលើព្រះ‌អង្គ ហើយមានអំណរសប្បាយដ៏រុងរឿងរកថ្លែងពុំបាន

9 ព្រោះបង‌ប្អូនបានទទួលការសង្គ្រោះសម្រាប់ព្រលឹងខ្លួន ដែលជាទី‌ដៅនៃជំនឿរបស់បង‌ប្អូន។

10 ព្យាការី*ដែលថ្លែងព្រះ‌បន្ទូល*អំពីព្រះ‌គុណ ដែលបម្រុងសម្រាប់បង‌ប្អូន បាននាំគ្នាស្រាវ‌ជ្រាវ និងរិះរកចង់ដឹងអំពីការសង្គ្រោះនេះ។

11 ព្រះ‌វិញ្ញាណរបស់ព្រះ‌គ្រិស្ដដែលគង់នៅក្នុងព្យាការីទាំងនោះ បានបញ្ជាក់ប្រាប់ជាមុនអំពីទុក្ខលំបាករបស់ព្រះ‌គ្រិស្ដ និងអំពីសិរី‌រុងរឿងដែលព្រះ‌អង្គនឹងទទួលតាមក្រោយ។ ពួកលោកក៏បានរិះគិតចង់ដឹងថា តើព្រឹត្តិ‌ការណ៍នេះនឹងកើតមាននៅជំនាន់ណា ក្នុងកាលៈ‌ទេសៈណា។

12 ព្រះ‌ជា‌ម្ចាស់បានសម្តែងឲ្យព្យាការីទាំងនោះដឹងថា សេចក្ដីដែលពួកលោកថ្លែងមិនមែនសម្រាប់ពួកលោកទេ គឺសម្រាប់បង‌ប្អូនវិញ។ ឥឡូវនេះ ពួកអ្នកផ្សព្វ‌ផ្សាយដំណឹង‌ល្អ*បាននាំដំណឹងមកប្រាប់បង‌ប្អូនអំពីសេចក្ដីទាំងនោះ ក្រោមការណែ‌នាំរបស់ព្រះ‌វិញ្ញាណដ៏‌វិសុទ្ធ* ដែលព្រះ‌ជា‌ម្ចាស់បានចាត់ពីស្ថានបរម‌សុខមក។ សូម្បីតែពួកទេវតា*ក៏ប្រាថ្នាចង់យល់ជម្រៅនៃសេចក្ដីទាំងនោះដែរ។

ការទូន្មានឲ្យមានជីវិតដ៏‌វិសុទ្ធ

13 ហេតុនេះ សូមបង‌ប្អូនប្រុងប្រៀបចិត្តគំនិតឲ្យមែនទែន កុំភ្លេចខ្លួនឲ្យសោះ ត្រូវមានចិត្តសង្ឃឹមទាំងស្រុងទៅលើព្រះ‌គុណ ដែលព្រះ‌ជា‌ម្ចាស់ប្រោសប្រទានឲ្យបង‌ប្អូន នៅថ្ងៃព្រះ‌យេស៊ូ‌គ្រិស្ដ*នឹងសម្តែងព្រះ‌អង្គឲ្យមនុស្សលោកឃើញ។

14 ចូរធ្វើដូចកូនដែលចេះស្ដាប់បង្គាប់ គឺមិនត្រូវធ្វើតាមចិត្តប៉ង‌ប្រាថ្នា ដែលបង‌ប្អូនធ្លាប់មានកាលមិនទាន់ស្គាល់ព្រះ‌អង្គ នោះឡើយ

15 ផ្ទុយទៅវិញ ព្រះ‌អង្គដែលបានត្រាស់ហៅបង‌ប្អូន ទ្រង់វិសុទ្ធ*យ៉ាងណា បង‌ប្អូនក៏ត្រូវតែវិសុទ្ធ*ក្នុងគ្រប់កិច្ចការ ដែលបង‌ប្អូនប្រព្រឹត្តយ៉ាងនោះដែរ

16 ដ្បិតក្នុងគម្ពីរមានចែងទុកថា៖«អ្នករាល់គ្នាត្រូវតែវិសុទ្ធ* ព្រោះយើងវិសុទ្ធ»។

17 មួយវិញទៀត ប្រសិនបើបង‌ប្អូនអង្វររកព្រះ‌ជា‌ម្ចាស់ក្នុងឋានៈព្រះ‌អង្គជាព្រះ‌បិតា ចូររស់នៅដោយគោរពកោតខ្លាចព្រះ‌អង្គ ក្នុងពេលដែលបង‌ប្អូនស្នាក់នៅលើផែន‌ដីនេះ ដ្បិតព្រះ‌អង្គនឹងវិនិច្ឆ័យមនុស្ស តាមអំពើដែលម្នាក់ៗបានប្រព្រឹត្ត ឥតរើសមុខនរណាឡើយ។

18 បង‌ប្អូនជ្រាបស្រាប់ហើយថា ព្រះ‌ជា‌ម្ចាស់បានលោះបង‌ប្អូនឲ្យរួចពីរបៀបរស់នៅដ៏ឥតន័យ ដែលជាដំណែលតពីបុព្វបុរស*របស់បង‌ប្អូន មិនមែនដោយ‌សារអ្វីៗដែលតែងតែរលាយសាបសូន្យទៅ ដូចជាមាស ឬប្រាក់ទេ

19 គឺដោយ‌សារព្រះ‌លោហិតដ៏ថ្លៃវិសេសរបស់ព្រះ‌គ្រិស្ដ* ដែលប្រៀបបាននឹងកូនចៀមដ៏ល្អឥតខ្ចោះ ឥតស្លាក‌ស្នាម។

20 ព្រះ‌ជា‌ម្ចាស់បានជ្រើសតាំងព្រះ‌គ្រិស្ដ មុនកំណើតពិភពលោកទៅទៀត ហើយបានបង្ហាញព្រះ‌អង្គឲ្យមនុស្សលោកឃើញនៅគ្រាចុងក្រោយនេះ ព្រោះតែបង‌ប្អូន។

21 តាមរយៈព្រះ‌គ្រិស្ដ បង‌ប្អូនជឿលើព្រះ‌ជា‌ម្ចាស់ដែលបានប្រោសព្រះ‌អង្គឲ្យមានព្រះ‌ជន្មរស់ឡើងវិញ ហើយប្រទានសិរី‌រុងរឿងមកព្រះ‌អង្គ ដើម្បីឲ្យបង‌ប្អូនមានជំនឿ និងមានសង្ឃឹមលើព្រះ‌ជា‌ម្ចាស់។

22 បង‌ប្អូនបានជម្រះព្រលឹងឲ្យបានបរិសុទ្ធ*ដោយស្ដាប់តាមសេចក្ដីពិត ដើម្បីឲ្យបង‌ប្អូនចេះស្រឡាញ់គ្នាយ៉ាងស្មោះ‌ស្ម័គ្រ ដូចបង‌ប្អូនបង្កើត។ ចូរស្រឡាញ់គ្នាទៅវិញទៅមកឲ្យអស់ពីចិត្តទៅ។

23 ព្រះ‌ជា‌ម្ចាស់បានប្រោសបង‌ប្អូនឲ្យកើតជាថ្មី មិនមែនដោយពូជដែលតែងតែរលួយទេ គឺដោយពូជមិនចេះរលួយដែលជាព្រះ‌បន្ទូលរបស់ព្រះ‌ជា‌ម្ចាស់។ ព្រះ‌បន្ទូលនេះផ្ដល់ជីវិត ហើយនៅស្ថិត‌ស្ថេរជាដរាប

24 ដ្បិតមនុស្សគ្រប់ៗរូបប្រៀបបាននឹងស្មៅ

រីឯសិរី‌រុងរឿងទាំងប៉ុន្មានរបស់គេ

ប្រៀបបាននឹងផ្កា

ស្មៅតែងតែក្រៀម ហើយផ្កាក៏រុះ‌រោយដែរ

25 ប៉ុន្តែ ព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់នៅស្ថិត‌ស្ថេរ

អស់‌កល្បជា‌និច្ច។

ព្រះ‌បន្ទូលនេះ គឺជាដំណឹង‌ល្អ* ដែលគេបាននាំយកមកជូនបង‌ប្អូន។

—https://d1b84921e69nmq.cloudfront.net/364/32k/1PE/1-f95368378e27c2384fbe0f148964e27d.mp3?version_id=85—