អេសេ‌គាល 4

ការឡោម‌ព័ទ្ធក្រុងយេរូ‌សាឡឹម

1 «កូនមនុស្សអើយ ចូរយកឥដ្ឋមួយដុំមកដាក់នៅមុខអ្នក ហើយគូរផែនទីក្រុងយេរូ‌សាឡឹមនៅលើឥដ្ឋនោះ។

2 បន្ទាប់មក ចូរដាក់ខ្មាំងសត្រូវឡោម‌ព័ទ្ធក្រុងនោះ ព្រមទាំងសង់ប៉ម និងលើកទួលឡើងសម្រាប់វាយលុកក្រុងនោះផង។ ចូរដាក់ទីតាំងទ័ព និងដាក់គ្រឿងសស្ត្រា‌វុធដ៏ធំៗ ត្រៀមជុំ‌វិញទីក្រុង ដើម្បីទម្លុះកំពែង។

3 ចូរយកបន្ទះដែកមួយមកធ្វើជាជញ្ជាំងខណ្ឌអ្នកពីក្រុងនោះ។ ចូរសម្លឹងទៅរកទីក្រុង ហើយឡោម‌ព័ទ្ធក្រុងនោះ ទុកជាទីសម្គាល់ឲ្យជន‌ជាតិអ៊ីស្រា‌អែលដឹងថា ខ្មាំងសត្រូវនឹងព័ទ្ធក្រុងយេរូ‌សាឡឹម។

4 រីឯអ្នកវិញ ចូរដេកផ្អៀងខាងឆ្វេង ហើយដាក់អំពើបាបរបស់ជន‌ជាតិអ៊ីស្រា‌អែលលើខ្លួនអ្នកដែរ។ អ្នកត្រូវទទួលយកអំពើបាបរបស់ពួកគេគ្រប់ចំនួនថ្ងៃដែលអ្នកដេកផ្អៀង។

5 យើងឲ្យអ្នកដេកដូច្នេះ បីរយកៅ‌សិបថ្ងៃ ស្មើនឹងចំនួនឆ្នាំដែលពួកគេបានប្រព្រឹត្តអំពើបាប។ អ្នកត្រូវផ្ទុកអំពើបាបរបស់ជន‌ជាតិអ៊ីស្រា‌អែលតាមរបៀបនេះ។

6 ពេលអ្នកដេកផ្អៀងខាងឆ្វេងគ្រប់ចំនួនថ្ងៃហើយ ចូរដេកផ្អៀងខាងស្ដាំម្ដង។ អ្នកត្រូវផ្ទុកអំពើបាបរបស់ជន‌ជាតិយូដាចំនួនសែ‌សិបថ្ងៃ គឺមួយថ្ងៃស្មើនឹងមួយឆ្នាំ។

7 អ្នកត្រូវសម្លឹងទៅរកក្រុងយេរូ‌សាឡឹម ដែលខ្មាំងឡោម‌ព័ទ្ធ ហើយលើកដៃប្រកាសប្រឆាំងនឹងក្រុងនេះក្នុងនាមយើង។

8 យើងនឹងយកខ្សែ‌ពួរចងអ្នក ដើម្បីកុំឲ្យអ្នកអាចប្រែពីម្ខាងទៅម្ខាង រហូតដល់គ្រប់ចំនួនថ្ងៃ ដែលអ្នកត្រូវឡោម‌ព័ទ្ធទីក្រុង។

9 ចូរយកម្សៅ‌មី អង្ករ កន្ទក់ សណ្ដែក គ្រាប់ពោត និងល្ង មកលាយក្នុងចានតែមួយ ហើយដុតធ្វើនំបុ័ងសម្រាប់បរិភោគ ក្នុងរយៈពេលបីរយកៅ‌សិបថ្ងៃដែលអ្នកដេកផ្អៀង។

10 ក្នុងអំឡុងពេលនោះ អ្នកត្រូវបរិភោគអាហារនេះដោយកម្រិត គឺមួយថ្ងៃពីរខាំកន្លះ។

11 រីឯទឹកក៏ត្រូវកម្រិតដែរ គឺក្នុងអំឡុងពេលនោះ មួយថ្ងៃផឹកយ៉ាងច្រើនមួយលីត្រ។

12 អ្នកត្រូវបរិភោគនំធ្វើពីម្សៅអង្ករ ដែលអ្នកយកលាមករបស់មនុស្សមកប្រើសម្រាប់ដុតនំ នៅមុខពួកគេទាំងអស់គ្នា»។

13 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលទៀតថា៖ «ជន‌ជាតិអ៊ីស្រា‌អែលដែលយើងបណ្ដេញឲ្យទៅរស់នៅក្នុងចំណោមប្រជា‌ជាតិទាំង‌ឡាយ ក៏នឹងបរិភោគអាហារមិនបរិសុទ្ធយ៉ាងនោះដែរ»។

14 ខ្ញុំពោលឡើងថា៖ «បពិត្រព្រះ‌ជា‌អម្ចាស់ទូលបង្គំតែងតែចៀស‌វាងអ្វីៗគ្រប់យ៉ាង ដែលធ្វើឲ្យមានសៅហ្មង គឺតាំងពីក្មេងមកទល់សព្វថ្ងៃ ទូលបង្គំមិនធ្លាប់បរិភោគសាច់សត្វដែលងាប់ដោយជំងឺ ឬដោយសត្វសាហាវខាំឡើយ ហើយទូលបង្គំក៏មិនបរិភោគសាច់សត្វមិនបរិសុទ្ធដែរ»។

15 ព្រះ‌អង្គមានព្រះ‌បន្ទូលមកខ្ញុំវិញថា៖ «បើដូច្នេះ យើងអនុញ្ញាតឲ្យអ្នកប្រើលាមកគោជំនួសលាមកមនុស្ស សម្រាប់ដុតនំបុ័ង»។

16 ព្រះ‌អង្គមានព្រះ‌បន្ទូលមកខ្ញុំទៀតថា៖ «កូនមនុស្សអើយ! យើងនឹងបំបាត់នំបុ័ងឲ្យអស់ពីក្រុងយេរូ‌សាឡឹម។ ពួកគេនឹងបរិភោគអាហារ ដោយមានកម្រិត ទាំងព្រួយបារម្ភ ហើយផឹកទឹកដោយវាល់ ទាំងខ្លោច‌ផ្សា។

17 ពួកគេនឹងខ្វះអាហារ ខ្វះទឹក ហើយខ្លោច‌ផ្សាទាំងអស់គ្នា ពួកគេនឹងត្រូវវិនាស ដោយ‌សារអំពើបាបរបស់ខ្លួន»។