១ ពេត្រុស 2

ប្រជា‌រាស្ត្រដ៏‌វិសុទ្ធ

1 ហេតុនេះ ចូរបង‌ប្អូនលះ‌បង់ការអាក្រក់គ្រប់យ៉ាង លះ‌បង់ល្បិចកិច្ចកលទាំងប៉ុន្មាន ការលាក់ពុត ចិត្តច្រណែន‌ឈ្នានីស និងការនិយាយដើមគេគ្រប់យ៉ាងនោះចោលទៅ!

2 ចូរប្រាថ្នាចង់បានព្រះ‌បន្ទូល ដូចទារកដែលទើបនឹងកើតប្រាថ្នាចង់បានទឹកដោះសុទ្ធ ដើម្បីឲ្យបង‌ប្អូនបានចម្រើនឡើងតាមរយៈព្រះ‌បន្ទូលនេះ និងទទួលការសង្គ្រោះ

3 បើបង‌ប្អូនពិតជាបានក្រេបជញ្ជក់ដឹងថា ព្រះ‌អម្ចាស់មានព្រះ‌ហឫទ័យសប្បុរសមែននោះ!

4 សូមបង‌ប្អូនចូលមកជិតព្រះ‌គ្រិស្ដ ជាសិលាដ៏មានជីវិត ជាសិលាដែលមនុស្សលោកបានបោះបង់ចោល តែព្រះ‌ជា‌ម្ចាស់បានរើសយក ព្រោះទ្រង់ឈ្វេងយល់ថាមានតម្លៃវិសេស។

5 រីឯបង‌ប្អូនវិញ បង‌ប្អូនប្រៀបបាននឹងថ្មដ៏មានជីវិតដែរ ដូច្នេះ ចូរផ្គុំគ្នាឡើង កសាងជាព្រះ‌ដំណាក់របស់ព្រះ‌វិញ្ញាណ ធ្វើជាក្រុមបូជា‌ចារ្យដ៏‌វិសុទ្ធ ដើម្បីថ្វាយយញ្ញ‌បូជាខាងវិញ្ញាណ ជាទីគាប់ព្រះ‌ហឫទ័យព្រះ‌ជា‌ម្ចាស់ តាមរយៈព្រះ‌យេស៊ូ‌គ្រិស្ដ*

6 ដ្បិតក្នុងគម្ពីរមានចែងថា៖

«យើងបានរើសយកថ្មគ្រឹះមួយដ៏សំខាន់

ហើយមានតម្លៃ

យើងដាក់ថ្មនោះនៅក្រុងស៊ីយ៉ូន។

អ្នកណាជឿលើថ្មនោះ

អ្នកនោះមុខជាមិនត្រូវខកចិត្តឡើយ»។

7 ថ្មនេះមានតម្លៃវិសេស សម្រាប់បង‌ប្អូនជាអ្នកជឿ។ រីឯអ្នកដែលមិនជឿវិញ

«ថ្មដែលពួកជាងសង់ផ្ទះបោះបង់ចោល

បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុត

8 ជាថ្មដែលនាំឲ្យគេជំពប់ដួល

ជាសិលាដែលនាំឲ្យគេរវាតចិត្តបាត់ជំនឿ»។

អ្នកទាំងនោះជំពប់ដួល ដូចព្រះ‌ជា‌ម្ចាស់បានគ្រោងទុកមកស្រាប់ មកពីគេពុំព្រមជឿព្រះ‌បន្ទូល

9 រីឯបង‌ប្អូនវិញបង‌ប្អូនជាពូជសាសន៍ដែលព្រះ‌អង្គបានជ្រើសរើស ជាក្រុមបូជា‌ចារ្យរបស់ព្រះ‌មហា‌ក្សត្រ ជាជាតិសាសន៍ដ៏‌វិសុទ្ធ ជាប្រជា‌រាស្ដ្រដែលព្រះ‌ជា‌ម្ចាស់បានយកមកធ្វើជាកម្មសិទ្ធិផ្ទាល់របស់ព្រះ‌អង្គ ដើម្បីឲ្យបង‌ប្អូនប្រកាសដំណឹងអំពីស្នាព្រះ‌ហស្ដដ៏អស្ចារ្យរបស់ព្រះ‌អង្គ ដែលបានហៅបង‌ប្អូនឲ្យចេញពីទីងងឹត មកកាន់ពន្លឺដ៏រុងរឿងរបស់ព្រះ‌អង្គ។

10 ពីដើម បង‌ប្អូនមិនមែនជាប្រជា‌រាស្ដ្ររបស់ព្រះ‌ជា‌ម្ចាស់ទេ តែឥឡូវនេះ បង‌ប្អូនជាប្រជា‌រាស្ដ្ររបស់ព្រះ‌អង្គហើយពីដើម បង‌ប្អូនពុំបានទទួលព្រះ‌ហឫទ័យមេត្តា‌ករុណាទេតែឥឡូវនេះបង‌ប្អូនបានទទួលព្រះ‌ហឫទ័យមេត្តា‌ករុណាហើយ។

របៀបរស់នៅនៃអ្នកបម្រើរបស់ព្រះ‌ជា‌ម្ចាស់

11 បង‌ប្អូនជាទីស្រឡាញ់អើយ ខ្ញុំសូមទូន្មានបង‌ប្អូនជាជនបរទេស និងជាអ្នកស្នាក់នៅជាបណ្ដោះ‌អាសន្ន ក្នុងលោកនេះថា កុំបណ្ដោយខ្លួនទៅតាមតណ្ហា ដែលតែងតែប្រឆាំងនឹងព្រលឹងនោះឡើយ។

12 ត្រូវកាន់កិរិយាមារយាទឲ្យបានថ្លៃ‌ថ្នូរនៅក្នុងចំណោមសាសន៍ដទៃ។ ដូច្នេះ ត្រង់ចំណុចណាដែលគេចោទថា បង‌ប្អូនប្រព្រឹត្តអាក្រក់ គេបែរជាឃើញអំពើល្អរបស់បង‌ប្អូនទៅវិញ ហើយនៅថ្ងៃដែលព្រះ‌ជា‌ម្ចាស់យាងមក គេនឹងលើកតម្កើងសិរី‌រុងរឿងរបស់ព្រះ‌អង្គថែមទៀតផង។

13 សូមគោរពចុះចូលអំណាចនានានៅលើផែន‌ដីនេះ ដោយយល់ដល់ព្រះ‌អម្ចាស់ គឺត្រូវគោរពចុះចូលព្រះ‌រាជា ក្នុងឋានៈលោកជាអ្នកមានអំណាចធំជាងគេ

14 ត្រូវគោរពចុះចូលនឹងលោកទេសា‌ភិបាលទាំង‌ឡាយ ក្នុងឋានៈលោកជាតំណាងរបស់ព្រះ‌រាជា ដែលទ្រង់ចាត់ឲ្យមកធ្វើទោសអស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ និងសរសើរអស់អ្នកដែលប្រព្រឹត្តអំពើល្អ។

15 ព្រះ‌ជា‌ម្ចាស់សព្វព្រះ‌ហឫទ័យឲ្យបង‌ប្អូនបំបិទមាត់ពួកមនុស្សខ្លៅ ដោយបង‌ប្អូនប្រព្រឹត្តអំពើល្អ

16 ឲ្យសមនឹងឋានៈជាមនុស្សមានសេរី‌ភាព ក៏ប៉ុន្តែ កុំប្រើសេរី‌ភាពនេះ ដើម្បីគ្របបាំងអំពើអាក្រក់ឡើយ គឺត្រូវប្រព្រឹត្តឲ្យសមនឹងឋានៈបង‌ប្អូន ដែលជាអ្នកបម្រើរបស់ព្រះ‌ជា‌ម្ចាស់។

17 ចូរគោរពមនុស្សគ្រប់ៗរូប ចូរស្រឡាញ់បង‌ប្អូនរួមជំនឿ ចូរគោរពកោតខ្លាចព្រះ‌ជា‌ម្ចាស់ និងគោរពព្រះ‌រាជាផង។

គំរូអំពីទុក្ខលំបាករបស់ព្រះ‌គ្រិស្ដ

18 បង‌ប្អូនដែលជាអ្នកបម្រើអើយ! ត្រូវគោរពចុះចូលនឹងម្ចាស់របស់ខ្លួន ដោយគោរពកោតខ្លាចទាំងស្រុង មិនត្រឹមតែគោរពចុះចូលនឹងម្ចាស់ណាដែលល្អ និងមានចិត្តសប្បុរសប៉ុណ្ណោះទេ គឺត្រូវចុះចូលនឹងម្ចាស់ដែលកាចផងដែរ។

19 បើមានបង‌ប្អូនណាម្នាក់រង‌ទុក្ខលំបាកដោយអយុត្ដិ‌ធម៌ ហើយស៊ូទ្រាំ ព្រោះយល់ដល់ព្រះ‌ជា‌ម្ចាស់ តោងចាត់ទុកថា ព្រះ‌អង្គប្រណី‌សន្ដោសដល់បង‌ប្អូននោះហើយ។

20 ប្រសិនបើបង‌ប្អូនស៊ូទ្រាំរងទារុណ‌កម្មមកពីបានប្រព្រឹត្តអំពើអាក្រក់ណាមួយ បង‌ប្អូនគ្មានកិត្តិយសអ្វីទេ! ផ្ទុយទៅវិញ ប្រសិនបើបង‌ប្អូនបានប្រព្រឹត្តអំពើល្អ តែស៊ូទ្រាំនឹងទុក្ខលំបាក នោះមកពីព្រះ‌ជា‌ម្ចាស់ប្រណី‌សន្ដោសដល់បង‌ប្អូន ។

21 ព្រះ‌អង្គត្រាស់ហៅបង‌ប្អូនមក

ឲ្យរង‌ទុក្ខលំបាកយ៉ាងនេះ

ព្រោះព្រះ‌គ្រិស្ដ*ក៏បានរង‌ទុក្ខលំបាក

សម្រាប់បង‌ប្អូន ទុកជាគំរូឲ្យ

បង‌ប្អូនដើរតាមគន្លងរបស់ព្រះ‌អង្គដែរ។

22 ព្រះ‌អង្គពុំដែលបានប្រព្រឹត្តអំពើបាបសោះ

ហើយក៏ពុំដែលមានព្រះ‌បន្ទូលវៀចវេរណា

ចេញពីព្រះ‌ឱស្ឋរបស់ព្រះ‌អង្គឡើយ។

23 ទោះបីគេជេរប្រមាថព្រះ‌អង្គ

ក៏ព្រះ‌អង្គមិនតបតទៅគេវិញដែរ

ព្រះ‌អង្គបានរង‌ទុក្ខលំបាក

តែព្រះ‌អង្គពុំបានគំរាមកំហែងគេវិញទេ

ព្រះ‌អង្គផ្ញើជីវិតទៅលើព្រះ‌ជា‌ម្ចាស់

ដែលទ្រង់វិនិច្ឆ័យដោយយុត្តិធម៌។

24 ព្រះ‌គ្រិស្ដ*បានផ្ទុកបាប*របស់យើង

ក្នុងព្រះ‌កាយរបស់ព្រះ‌អង្គ

ដែលជាប់លើឈើឆ្កាង

ដើម្បីឲ្យយើងលែងជំពាក់‌ជំពិន

នឹងបាបតទៅមុខទៀត

ហើយឲ្យយើងមានជីវិត

ដោយប្រព្រឹត្តតែអំពើសុចរិត*។

បង‌ប្អូនបានជាសះ‌ស្បើយដោយ‌សារ

ស្នាមរបួសរបស់ព្រះ‌អង្គ

25 ដ្បិតបង‌ប្អូនប្រៀបដូចជាចៀមដែលវង្វេង

តែឥឡូវនេះ បង‌ប្អូនបានវិលត្រឡប់មករក

គង្វាល និងអ្នកថែ‌រក្សាព្រលឹង

របស់បង‌ប្អូនវិញហើយ។

—https://d1b84921e69nmq.cloudfront.net/364/32k/1PE/2-c991d2565f8ef899b5e1a376a4618d87.mp3?version_id=85—