អេសេ‌គាល 10

លោកអេសេ‌គាលនិមិត្តឃើញព្រះ‌អម្ចាស់សាជាថ្មី

1 ខ្ញុំក្រឡេកមើលទៅ ឃើញមានលំហអាកាសនៅពីលើក្បាលរបស់ពួកចេរូប៊ីន*។ ក្នុងលំហអាកាសនោះ មានដូចជាបល្ល័ង្កមួយធ្វើពីត្បូងកណ្ដៀង។

2 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលទៅកាន់បុរសដែលពាក់អាវទេស‌ឯកសុទ្ធនោះថា៖ «ចូរចូលទៅខាងក្នុងកង់ ដែលស្ថិតនៅពីក្រោមពួកចេរូប៊ីន ហើយយករងើកភ្លើង ដែលកំពុងតែឆេះនៅចន្លោះពួកចេរូប៊ីនពេញមួយក្បង់ដៃ រួចជះទៅលើទីក្រុងទៅ!»។

ខ្ញុំក៏ឃើញបុរសនោះចូលទៅ។

3 ពេលគាត់ទៅដល់ ពួកចេរូប៊ីនស្ថិតនៅខាងស្ដាំព្រះ‌ដំណាក់ ហើយមានពពកពាស‌ពេញទី‌លានខាងក្នុង។

4 សិរី‌រុងរឿងរបស់ព្រះ‌អម្ចាស់អណ្ដែតឡើងពីលើពួកចេរូប៊ីន ឆ្ពោះកាន់មាត់ទ្វារព្រះ‌ដំណាក់។ មានពពកនៅពេញព្រះ‌ដំណាក់ ហើយទី‌លានក៏ពេញទៅដោយរស្មីនៃសិរី‌រុងរឿងរបស់ព្រះ‌អម្ចាស់។

5 សន្ធឹកស្លាបរបស់ពួកចេរូប៊ីន លាន់ឮរហូតទៅដល់ទី‌លានខាងក្រៅ មានសូរ‌ស័ព្ទដូចព្រះ‌សូរសៀងរបស់ព្រះដ៏មានឫទ្ធា‌នុភាពខ្ពង់‌ខ្ពស់បំផុត។

6 ព្រះ‌អម្ចាស់បង្គាប់ទៅបុរសដែលពាក់អាវទេស‌ឯកសុទ្ធដូចតទៅ៖ «ចូរយកភ្លើងពីក្នុងកង់ នៅចន្លោះពួកចេរូប៊ីនមក!»។ បុរសនោះក៏ទៅឈរក្បែរកង់។

7 ពេលនោះ ចេរូប៊ីនមួយលូកដៃទៅកាន់ភ្លើង ដែលកំពុងឆេះនៅចន្លោះពួកចេរូប៊ីន ហើយយកភ្លើងហុចទៅឲ្យបុរសនោះ។ គាត់ក៏ទទួលយក រួចចេញទៅ។

8 នៅក្រោមស្លាបរបស់ពួកចេរូប៊ីន មានហាក់ដូចជាដៃរបស់មនុស្សលេចចេញមក។

9 ខ្ញុំក្រឡេកមើលទៅ ឃើញមានកង់បួននៅក្បែរពួកចេរូប៊ីន គឺនៅក្បែរចេរូប៊ីននីមួយៗមានកង់មួយ។ កង់ទាំងនោះភ្លឺចាំងដូចត្បូងពេជ្រ។

10 កង់ទាំងបួនមានទ្រង់‌ទ្រាយ និងមានសណ្ឋានដូចៗគ្នាទាំងអស់ គឺភ្លឺចាំងដូចត្បូងពេជ្រ។ ដោយកង់ទាំងនោះមានទ្រង់‌ទ្រាយ និងមានរាងដូចៗគ្នា មើលទៅហាក់ដូចជាកង់មួយស្ថិតនៅក្នុងកង់មួយទៀត។

11 ពេលកង់ទាំងនោះវិលទៅមុខ វាអាចវិលទៅទិសទាំងបួន ដោយឥតងាករេ គឺវាវិលទៅមុខ តាមទិសដែលមុខរបស់ចេរូប៊ីនបែរទៅគេ ដោយឥតងាករេឡើយ។

12 រូបកាយរបស់ចេរូប៊ីនទាំងមូល គឺខ្នង ដៃ ស្លាប មានផ្កាភ្លើងពាស‌ពេញ ហើយតាមរង្វង់កង់របស់ចេរូប៊ីនទាំងបួនក៏មានផ្កាភ្លើងពាស‌ពេញដែរ។

13 ខ្ញុំឮគេហៅកង់ទាំងនោះថា “ខ្យល់កួច”។

14 ចេរូប៊ីននីមួយៗមានមុខបួន។ មុខទីមួយដូចមុខចេរូប៊ីន មុខទីពីរដូចមុខមនុស្ស មុខទីបីដូចមុខសិង្ហ មុខទីបួនដូចមុខឥន្ទ្រី។

15 ពួកចេរូប៊ីនទាំងនោះក៏ហោះឡើង គឺសត្វលោកដែលខ្ញុំបានឃើញក្បែរទន្លេកេបារ។

16 ពេលចេរូប៊ីនទៅមុខ កង់ក៏វិលទៅមុខជាមួយ ពេលចេរូប៊ីនទទះស្លាបហោះឡើងផុតពីដី កង់ក៏នៅជាប់ជាមួយដែរ។

17 ពេលចេរូប៊ីនឈប់ កង់ក៏ឈប់ ពេលចេរូប៊ីនឡើង កង់ក៏ឡើងទៅជាមួយ ដ្បិតវិញ្ញាណរបស់សត្វលោកទាំងនោះស្ថិតនៅក្នុងកង់។

18 សិរី‌រុងរឿងរបស់ព្រះ‌អម្ចាស់អណ្ដែតឡើងពីមាត់ទ្វារព្រះ‌ដំណាក់ ទៅសណ្ឋិតលើពួកចេរូប៊ីន។

19 ខ្ញុំឃើញចេរូប៊ីនទាំងនោះទទះស្លាបហោះឡើង ហើយកង់ក៏ទៅជាមួយដែរ។ សិរី‌រុងរឿងរបស់ព្រះនៃជន‌ជាតិអ៊ីស្រា‌អែលសណ្ឋិតនៅលើចេរូប៊ីន ហើយឈប់នៅមាត់ទ្វារកំពែងខាងកើតនៃព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់។

20 ពេលនោះ ខ្ញុំដឹងថាសត្វលោកដែលខ្ញុំបានឃើញនៅក្រោមព្រះនៃជន‌ជាតិអ៊ីស្រា‌អែល ក្បែរទន្លេកេបារ គឺចេរូប៊ីននេះឯង។

21 ចេរូប៊ីននីមួយៗមានមុខបួន មានស្លាបបួន ហើយនៅពីក្រោមស្លាប មានទ្រង់ទ្រាយដូចដៃមនុស្ស។

22 ចេរូប៊ីនទាំងនោះមានមុខដូចសត្វលោកដែលខ្ញុំបានឃើញក្បែរទន្លេកេបារ បេះបិទ។ ចេរូប៊ីននីមួយៗហើរទៅមុខយ៉ាងត្រង់។