អេសេ‌គាល 15

អ៊ីស្រា‌អែលប្រៀបបាននឹងអុសដែលគេដុត

1 ព្រះ‌ជា‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំដូចតទៅនេះ៖

2 «កូនមនុស្សអើយ តើដើមទំពាំង‌បាយជូរ ជាអុសល្អជាងអុសឯទៀតៗឬ? តើមែកទំពាំង‌បាយជូរល្អជាងមែកឈើឯទៀតៗឬ?

3 តើគេអាចយកដើមទំពាំង‌បាយជូរនេះទៅឆ្លាក់ធ្វើវត្ថុអ្វីមួយ ឬក៏យកទៅប្រើសម្រាប់ព្យួរអ្វីមួយបានឬ?

4 គេប្រើអុសនេះបានត្រឹមតែដុតប៉ុណ្ណោះ។ ពេលណាភ្លើងឆេះកន្ទុយអុសទាំងសងខាង និងឆេះផ្នែកកណ្ដាលអស់ហើយ តើគេអាចយកទៅប្រើការអ្វីបានទៀត?

5 កាលវានៅទាំងមូល គេយកទៅប្រើការអ្វីមិនបានផង ចុះទំរាំបើត្រូវភ្លើងឆេះអស់ នោះវារឹង‌រឹតតែលែងបានការ!»។

6 ហេតុនេះហើយបានជាព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖ «គេយកអុសទំពាំង‌បាយជូរពីចំណោមឈើឯទៀតៗនៅក្នុងព្រៃទៅដុតយ៉ាងណា យើងក៏ដាក់ទោសអ្នកក្រុងយេរូ‌សាឡឹមយ៉ាងនោះដែរ។

7 យើងនឹងដាក់ទោសពួកគេ ទោះបីពួកគេខំប្រឹងរត់ចេញពីភ្លើងក្ដី ក៏ភ្លើងនៅតែឆេះបំផ្លាញពួកគេមិនខាន។ ពេលឃើញយើងដាក់ទោសពួកគេ នោះអ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះ‌អម្ចាស់មែន!

8 យើងនឹងធ្វើឲ្យស្រុករបស់គេក្លាយទៅជាទីស្មសាន ព្រោះពួកគេបាននាំគ្នាក្បត់យើង»-នេះជាព្រះ‌បន្ទូលរបស់ព្រះ‌ជា‌អម្ចាស់។